ព័ត៌មានជាតិ
អ្នកវិភាគ ចេញប្រតិកម្ម ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកូនអ្នកធំ
កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយម្ចាស់រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា C.S.6168 បុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌។ ហេតុការណ៍នេះ កើតឡើង នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុច ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់រថយន្ដបង្កមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើត នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគេស្គាល់ថា ត្រូវជាកូនប្រុសបង្កើតរបស់ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់។ ក្រោយដឹងពីអត្តសញ្ញាណរបស់ជនបង្ក មានមតិអ្នកវិភាគមួយចំនួនបានសម្ដែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោសដោយសារមានគ្រួសារជាមន្ត្រី។
ជំរិញរឿងនេះ លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងដូច្នេះថា «វាជារឿងដ៏ខ្លោចផ្សាបំផុត ដែលចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃ មានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថា ជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម ដែលតែងតែធ្វើឱ្យសាធារណជនមន្ទិលសង្ស័យថា តើទណ្ឌកម្មផ្លូវច្បាប់ត្រូវបានអនុវត្តដោយតម្លាភាពឬគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច?»។ លោកបន្តថា មតិមហាជនជជែកគ្នាយ៉ាងព្រោងព្រាតដោយអស់សង្ឃឹមថា «ឱ្យតែស្គាល់គ្នា ឱ្យតែមានខ្នង ឱ្យតែមានលុយ ប្រហែលជាមានសំណាញ់សុវត្ថិភាពការពារហើយមើលទៅ!»។

លោកបណ្ឌិតបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ និងករណីចុងក្រោយដ៏រន្ធត់នៅខេត្តបាត់ដំបង ដែលជនបង្កត្រូវបានគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាផ្ទាំងស៊ីបនៃការតាមដានយ៉ាងយកចិត្តទុកដាក់ពីសាធារណជន។ លោកបានសង្កត់ធ្ងន់ថា «សាធារណជនកំពុងអន្ទះសាររង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងបង្ហាញសខ្មៅឱ្យច្បាស់លាស់បែបណា ឬក៏រឿងរ៉ាវនឹងត្រូវរលាយបាត់ទៅតាមខ្យល់, ជនបង្ករួចខ្លួន ហើយនឹងលេចមុខអ្នកមកទទួលទោសជំនួស?»
ពាក់ព័ន្ធនឹងរឿងនេះ លោកបណ្ឌិតថា ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែបន្តបង្ហាញភាពរអាក់រអួល ហើយជនរងគ្រោះ មិនអាចទទួលបានយុត្តិធម៌ពេញលេញនោះទេ នោះទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរនឹងកាន់តែថមថយ។ នៅពេលនោះ រាល់ការរិះគន់នឹងបាញ់ឆ្ពោះទៅរករាជរដ្ឋាភិបាលទាំងមូល ដោយសារការមើលឃើញថា ស្ថាប័នកំពូលកំពុងឱបក្រសោបមន្ត្រីខូចនិងឈ្មួញទុច្ចរិត។ លោកថា ផ្នត់គំនិតអវិជ្ជមាននេះ នឹងក្លាយជាគ្រាប់បែកកំណត់ម៉ោង ដែលបង្កើតស្នាមប្រេះឆាក្នុងសង្គមកាន់តែជ្រៅទៅៗ បូករួមជាមួយសម្ពាធសកលនៃវិបត្តិថាមពល និងសង្គ្រាមព្រំដែនផង វានឹងក្លាយជាបន្ទុកដ៏សែនធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍។

លោកបណ្ឌិត បានបន្ថែមថា «វាល្មមដល់ពេលហើយដែលអ្នករាជការដែលមានបណ្ដាសក្តិខ្ពង់ខ្ពស់ និងអ្នកមានទ្រព្យធនស្តុកស្ដម្ភ ដែលតែងតែអះអាងថា “ស្រឡាញ់ជាតិនិងគាំទ្រថ្នាក់ដឹកនាំ” ត្រូវបង្ហាញសកម្មភាពឱ្យដូចនឹងសម្ដី។ រាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់មន្ត្រីខូចដែលអាងអំណាចបុណ្យស័ក្តិ និងឈ្មួញទុចរិតដែលអាងអំណាចទ្រព្យធន មកជាន់ឈ្លីច្បាប់។ ចូរចងចាំថា សង្គមមួយមិនបែកបាក់ដោយសារការកម្ចាត់មន្ត្រីខូចនិងឈ្មួញទុចរិតនោះទេ ប៉ុន្តែសង្គមនឹងបែកបាក់ ជាតិនឹងរលាយ បើអាជ្ញាធរនៅតែបន្តការពារជនខិលខូច ហើយទុកឱ្យយុត្តិធម៌ក្លាយជាទំនិញសម្រាប់តែអ្នកមានអំណាចនិងមានលុយ»។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម តាមរយៈបណ្តាញសង្គមរហ្វេសប៊ុករបស់ខ្លួន បានបញ្ចេញប្រតិកម្ម ពាក់ព័ន្ធនឹងរឿងនេះដែរ ដោយបានលើកឡើងដូច្នេះថា «បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់រហូតដល់ទៅ ៦នាក់ហើយ នៅកោះហៅអីទៀត ទៅចាប់ដាក់ខ្នោះមក ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកាត់ក្ដីឱ្យបានត្រឹមត្រូវ»។

ចំណែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ ក៏បានលើកឡើងតាមរយៈបណ្តាញសង្គមរបស់ខ្លួនដែរថា «មហាជនកំពុងតែរង់ចាំមើលដំណោះស្រាយមួយនេះ, វាជាសម្មតិកម្មវាស់វែងយុត្តិធម៌សង្គម និងលទ្ធផលការងាររាជរដ្ឋាភិបាលលើជ្រុងយុត្តិធម៌សង្គម…!»។

ករណីនេះដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.6168 ដែលរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ ចូលខ្លួនមកបំភ្លឺពីករណីនេះ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០ និង០០នាទី នៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


