Connect with us

កីឡា

លក្ខណៈ​ពិសេស ៤ របស់ វឿន វាសនា កំពុង​ក្លាយជា​​តួ​សំខាន់​របស់ Win Streak

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា កំពុង​ក្លាយ​ជា​តួ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ក្រុម​​ Win Streak ទទួល​បាន​ជ័យជម្នះ​រាល់​ការ​​ប្រកួត​ក្នុង​លីគ​បាល់​ទះ​អាជីព​តៃវ៉ាន់ តាំង​ពី​រដូវ​កាល​មុន រហូត​ដល់​រដូវ​កាល​នេះ។

តួនាទី​លេង​​ជា​កីឡាករ​​ប្រយុទ្ធ​រក​ពិន្ទុ​តែ​ម្យ៉ាង​គត់​​​មិន​គ្រប់​គ្រាន់​​ទេ​សម្រាប់​កីឡាករ​បាល់​ទះ​ម្នាក់​ៗ​​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​​ទទួល​បាន​ជ័យជម្នះ។ បើ​ក្រឡេក​មើល​លក្ខណៈ​ពិសេស​របស់​កីឡាករ​ វឿន វាសនា គឺ​មាន​ចំណុច​​ពិសេស​ច្រើន​លើស​ពី​ជា​​ជា​កីឡាករ​វាយ​ប្រយុទ្ធ​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី សូម​លើក​យក​លក្ខណៈ​ពិសេសចំនួន ៤ របស់​កីឡាករ​កម្ពុជា​រូប​នេះ​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម Win Streak មាន​ភាព​ខ្លាំង​ដាច់​គេ​នៅ​លីគ​បាល់ទះ​តៃវ៉ាន់។

ទី១. ការ​វាយ​ផ្តាច់មាន​ប្រសិទ្ធភាព

ស្ថិត​នៅ​តួនាទី​ជា​អ្នក​ប្រយុទ្ធ​ស្លាប​ស្តាំ វឿន វាសនា មាន​ប្រសិទ្ធភាព​​តាម​រយៈ​ការ​វាយ​ផ្តាច់​ស្លាប​ស្តាំ និង​ជំហរ ៣ ម៉ែត្រ​។ រហូត​ដល់​ពេល​នេះ រូប​​​រក​បាន​ជិត ១០០០ ពិន្ទុ​​​ច្រើន​​ដែល​​ដាច់ឆ្ងាយ​លើ​​​ ​មិត្ត​​រួម​ក្រុម និង​​កីឡាករ​ដទៃ​ទៀត​នៅ​ក្នុង​លីគ​បាល់ទះ​តៃ​វ៉ាន់។ រូប​គេ​កំពុង​ឈរ​ក្នុង​តំណែង​កំពូល​តារាង​ដែល​ជា​កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ និង​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ច្រើន​ជាង។

ទី២. ការ​វាយ​សេវាល្អ

វឿន វាសនា ជា​កីឡាករ​ម្នាក់​របស់​ Win Streak ដែល​វាយ​សេវា​បាន​ល្អ​ដែល​ហៅ​ថា វាយ​សេវា​កាច។ តាំង​ពី​រដូវ​កាល​មុន និង​ដល់​រដូវ​កាល​នេះ រូប​គេ​ ​រក​ពិន្ទុ​បាន​ច្រើន​ដែរ​​តាម​រយៈ​ការ​​វាយ​សេវា​បាន​ល្អ​។ ការ​វាយ​សេវា​បាន​​ល្អ​គឺ​​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ពិបាក​ចាប់ និង​ពិបាក​លើ​បាល់​ឲ្យ​ដៃ​គូ​វាយ​​ផ្តាច់​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​លើ​ពិភព​លោក​នេះ​ ការ​ប្រកួត​​កម្រិត​អាជីព កីឡាករ​ម្នាក់​ៗ​ចូល​ចិត្ត​វាយ​សេវា​កាច​ណាស់។

ទី៣. រួម​ចំណែក​ការពារ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ វឿន វាសនា ​ជា​ផ្នែក​មួយដ៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ជួយ​បិទ​បាំង និង​ការ​ពារ​ពី​ការ​វាយ​ផ្តាច់​របស់​ដៃ​គូ។ រូប​គេ​​ក៏​​រក​បាន​ពិន្ទុ​ញឹក​ញាប់​តាម​រយៈ​រនាំង​ការពារ​​ ហើយ​ជូន​កាល​​បាំង​តែ​ម្នាក់​ឯង​ក៏​ជាប់​ដែរ។ បច្ចេកទេស​បិទ​បាំង​នេះ​មិន​មែន​ចេះ​តែ​លោត​បាំង​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ប៉ិន​ប្រសប់​ក្នុង​ការ​លោត​បាំង​​ទើប​ជាប់។

ទី៤. ទប់​ស្កាត់​ជើង​ក្រោម​ដូច​ជា​​លីប្រូរ

អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​ការ​ប្រកួត​របស់​ វឿន វាសនា នៅ​លីគ​បាល់ទះ​តៃវ៉ាន់ ប្រហែល​ជា​បាន​ឃើញ​ហើយ​ពី​ទីតាំង​ឈរ​របស់​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​លើ​ទី​លន។ ជា​ទូទៅ​ រូប​គេ​ឈរ​នៅ​កណ្តាល​ផ្នែក​ខាង​ក្រោយ​ដែល​ទីតាំង​ឈរ​បែប​នេះ​គឺត្រៀម​ចំណុច​ពិសេស​ ៣។ ទី១ ​ជា​គោល​ជំហរ​សម្រាប់​ការ​វាយ​ផ្តាច់​ ៣ ម៉ែត្រ, ទី​២ ដើម្បី​ទទួល​បាល់​ពី​ការ​វាយ​សេវា​របស់​ដៃ​គូ និង​ទី​៣ ទប់​បាល់​ពី​ការ​វាយ​ផ្តាច់​របស់​ដៃគូ។ ជា​រឿយ​ៗ វឿន វាសនា ទប់​បាល់​បាន​ច្រើន​ពី​ការ​វាយ​ផ្តាច់​របស់ដៃគូ ដែល​ការងារ​នេះ​គឺ​ជា​តួនាទី​របស់ លីប្រូ ប៉ុន្តែ​កីឡាករ​កម្ពុជា​​បាន​ជួយ​ផ្នែក​នេះ​ដែរ។

ក្រៅ​ពីនេះ វឿន វាសនា ក៏​មាន​ចំណុច​ពិសេស​ផ្សេង​ៗ​ទៀត​ដែលជា​បច្ចេកទេស និង​តាក់ទិក​​ជួយ​ឲ្យ​ក្រុម​កាន់​តែ​មាន​ប្រសិទ្ធភាព និង​គុណភាព៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម