Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីប្រកាសឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃ​ថាមពល

បានផុស

នៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ប្រកាស​កាលពីថ្ងៃពុធ (១ មេសា) ថា បុគ្គលិករដ្ឋាភិបាល​ម៉ាឡេស៊ីទាំងអស់នឹងចាប់ផ្តើមធ្វើការពីផ្ទះនៅខែមេសានេះ​ ​ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល​ដើម្បីកាត់បន្ថយការប្រើប្រាស់ និង​ការចំណាយថ្លៃថាមពល ​ចំពេលតម្លៃប្រេងឥន្ធនៈហក់ឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលនយោបាយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែមេសា ហើយនឹង​គ្របដណ្ដប់លើបុគ្គលិកនៅតាមក្រសួង ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋ។

លោក ​អាន់វ៉ា បាន​ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា គោលបំណងរបស់រដ្ឋាភិបាល «គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល»។

លោកបានបន្តថា ព័ត៌មានលម្អិតបន្ថែមលើគោលនយោបាយនេះ នឹងត្រូវបានប្រកាសនៅពេលក្រោយ ដោយបន្ថែមថា ​ក្រុមហ៊ុនប្រេងរដ្ឋ Petronas និងក្រុមហ៊ុនផ្សេងទៀត កំពុង​ប្រឹងប្រែង​ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថាមពល។

នាយករដ្ឋមន្រ្តីដដែល​លោកបាននិយាយផងដែរថា ម៉ាឡេស៊ី​នឹងបង្កើនការអនុវត្តច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវិបត្តិថាមពលតាមអ៊ិនធឺណិត​។

គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីកំពុងចំណាយប្រាក់ជិត ១ ​ប៊ីលានដុល្លារ/ខែ លើវិធានការឧបត្ថម្ភធនថាមពល​ ដើម្បីរក្សាតម្លៃប្រេងឥន្ធនៈលក់រាយឱ្យនៅទាបសម្រាប់ប្រជាពលរដ្ឋ។

ក្រសួងហិរញ្ញវត្ថុ​ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក​កាលពីថ្ងៃពុធដូចគ្នា បានប្រកាសពី​កំណើនតម្លៃប្រេងម៉ាសូតដែលមិនស្ថិតនៅក្នុងគោលការណ៍ឧបត្ថម្ភធនជាលើកទីបួនជាប់ៗគ្នា​ ដែលនេះបង្ហាញថា ម៉ាឡេស៊ីនៅតែរងផលប៉ះពាល់ពីការហក់ឡើងនៃតម្លៃថាមពលសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម