Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​ បង្ហាញ​កង្វល់ ក្រោយ​ជប៉ុន​ដាក់​ពង្រាយ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​

បានផុស

នៅ

​ក្រសួងការបរទេស​ចិន បាន​​សម្តែងការព្រួយបារម្ភខ្លាំង ក្រោយ​ជប៉ុន​ដាក់ពង្រាយ​មីស៊ីល​រយៈ​ចម្ងាយឆ្ងាយដែល​មានសមត្ថភាពវាយ​ប្រហារ​​​​​ក្នុងគោលដៅ​ឆ្ងាយ តាម​​អ្វី​ដែល​ទីក្រុងតូក្យូ​ ហៅ​​ថា ​ជា«​មូលដ្ឋានសត្រូវ»។

យោង​តាម​ Chinadaily ផ្សាយ​ថ្ងៃ​ទី​០២ ខែមេសា ប្រទេសជប៉ុនប្រកាស​នៅថ្ងៃអង្គារ​ពីការដាក់​ពង្រាយមីស៊ីល​រយៈ​ចម្ងាយឆ្ងាយ​ក្នុងខេត្ត Kumamoto និង Shizuoka ក្រោម​ហេតុ​ផល​សន្តិសុខ​ជាតិ​ និង​ពង្រឹង​សមត្ថភាព​នៅ​តាម​តំបន់​ដែល​ងាយ​រង​គ្រោះ​ ជាពិសេស​​​ក្នុង​ពេល​ដែល​ស្ថាន​ការណ៍​​ពិភពលោក​ពិបាក​ស្មាន​។

ជាការឆ្លើយតប អ្នក​នាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាន​លើក​ឡើង​​នៅ​ថ្ងៃពុធថា៖ « ការដាក់ពង្រាយអាវុធវាយលុក​របស់​ជប៉ុនក្រោម​លេសនៃការការពារ​​​​ខ្លួន​និងការវាយប្រហារ​តបត គឺ​លើស​ពី​វិសាលភាពនៃការ​ការពារ​ខ្លួននិងការពារ​ផ្តាច់មុខឆ្ងាយណាស់​»។

លោក​ស្រី​អ្នក​នាំពាក្យ ​បន្ត​ថា​៖ « រឿង​នេះរំលោភ​​លើបទប្បញ្ញត្តិ​យ៉ាងធ្ងន់ធ្ងរ​ដែល​មាន​កម្លាំង​ចងភ្ជាប់នៃច្បាប់​អន្តរជាតិ ដូចជាសេចក្តីប្រកាស​ទីក្រុង​ Cairo ទីក្រុង Potsdam និង​ឧបករណ៍ដែល​​មិនយក​មក​​ប្រើ​ប្រាស់​របស់ជប៉ុន។ វា​ជា​ការ​រំលោភលើរដ្ឋធម្មនុញ្ញជប៉ុនយ៉ាងធ្ងន់ធ្ងរ​ និង​បទដ្ឋាន​ក្នុង​ស្រុក​ដែល​មានស្រាប់របស់ខ្លួន»។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នក​នាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning ។ រូបភាព៖ ក្រសួង​ការបរទេស​ចិន!

លោកស្រី Mao បន្ថែមថា៖​ « បញ្ហា​នេះ​បង្ហាញ​ម្តង​ទៀតថា កង​កម្លាំង​ស្តាំ​និយម​របស់ជប៉ុន​កំពុងជំរុញគោលនយោបាយ​សន្តិសុខ​ឆ្ពោះ​ទៅ​រក​ការ​វាយលុក និងការពង្រីកខ្លួន»។

យោង​តាមភ្នាក់​ងារ​ ​​AP, មីស៊ីលប្រភេទ Type-១២ អាច​បាញ់​បាន​រយៈ​​ចម្ងាយជាង ១ ០០០ គីឡូម៉ែត្រដែល​ជាការពង្រីក​ពី​ចម្ងាយ ២០០គីឡូម៉ែត្រ​នៃមីស៊ីល​ដើម ​​អនុញ្ញាត​ឱ្យ​មីស៊ីល​នេះ​មាន​សមត្ថ​ភាព​ហោះ​ទៅ​ដល់​ដី​គោក​របស់​ប្រទេសចិន។

យ៉ាង​ណា​លោកស្រី​ Mao លើក​ឡើង​ទៀត​ថា៖ « យោធានិយម​ថ្មីរបស់​ជប៉ុន​កំពុងគំរាម​កំហែងដល់​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សហគមន៍​អន្តរជាតិគួរតែប្រុងប្រយ័ត្នខ្ពស់​។ ខ្ញុំក៏បានកត់សម្គាល់ឃើញថា អង្គការ និង​ពលរដ្ឋជប៉ុនជាច្រើនបង្ហាញ​យ៉ាងច្បាស់​ពីការជំទាស់​របស់ពួកគេ​លើ​ការ​ដាក់​ពង្រាយ​មីស៊ីល​នេះ​»។

អ្នក​នាំ​ពាក្យ​ប្រទេសចិន​រូប​នេះ​បន្ត​​ថា​៖ « យើងសូមអំពាវនាវ ដល់ភាគីជប៉ុន​ឱ្យឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពីប្រវត្តិសាស្ត្រ​នៃការឈ្លានពាន​យោធានិយម​ ដែល​បំពេញ​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​វិ​ស័យ​សន្តិ​សុខយោធានិង​ធ្វើសកម្មភាពដោយ​ប្រយ័ត្នប្រយែងបំផុត​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម