ព័ត៌មានជាតិ
ក្រសួងបរិស្ថាន កំពុងកែផ្នត់គំនិតពលរដ្ឋកោះស្រឡៅមិនឲ្យបោះចោលសំរាមលើទឹក
ក្រសួងបរិស្ថាន កំពុងតែកែប្រែផ្នត់គំនិតប្រជាពលរដ្ឋកោះស្រឡៅមិនឲ្យបោះចោលសំរាមគ្រប់ប្រភេទលើទឹក ពិសេសសំណល់ប្លាស្ទិកតែម្តង ដោយបំផុសស្មារតីដល់ពួកគាត់ងាកមករៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ។



បច្ចុប្បន្ន ផលិតផលប្លាស្ទិកជាង ៤០០ លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% បានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។


នេះជាការបង្ហាញក្តីព្រួយបារម្ភរបស់លោក ខ្វៃ អាទិត្យា អនុលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពី អារាម មេត្រីបរិស្ថាន និងសាលាមេត្រីបរិស្ថាន នៅកោះស្រឡៅដ៏ស្រស់ស្អាត។


លោក ខ្វៃ អាទិត្យា បានបន្តនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ នេះថា ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថាបរិមាណសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណពី ១១ លានតោន ក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ២៩ លានតោន ក្នុងឆ្នាំ ២០៤០។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យបារម្ភបំផុតនោះគឺ ប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗ ហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលបាននិងកំពុងបំពុលខ្សែច្រវាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិត ទាំងនៅក្នុងទឹក និងលើគោក។ ព្រោះតែមើលឃើញពីបញ្ហាប្រឈមនេះ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅតែបន្តបំផុសស្មារតីដល់ប្រជាពលរដ្ឋរស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដោយធ្វើយ៉ាណាឲ្យពួកគាត់ចូលរួមរៀបចំទុកដាក់សំរាមឲ្យបានល្អប្រសើរ ខណៈប្រទះឃើញមានសំណល់ប្លាស្ទិករសាត់អណ្តែតលើទឹកច្រើន។


ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតអាទិភាព លើ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ក្នុងនោះបានរំលេចយ៉ាងច្បាស់អំពីយន្តការ នៃការលើកកម្ពស់ការយល់ដឹង សាធារណៈ និងការលើកទឹកចិត្ត សំដៅជំរុញឲ្យមានការប្តេជ្ញាចិត្ត ការកែប្រែទម្លាប់ និងចូលរួម សកម្មភាព ប្រតិបត្តិមេត្រីបរិស្ថាន។


គួរជម្រាបថា ការបណ្តុះភាពស្អាតក្នុងផ្នត់គំនិត ដែលជាកត្តាជំរុញខាងក្នុងឲ្យបុគ្គលម្នាក់ៗ មានការគោរពស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងខ្លួនឯង និងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះសង្គមទាំងមូល ការអប់រំឲ្យយល់ពីតម្លៃពិតប្រាកដ នៃបរិស្ថាន យល់ថាគ្រប់ទង្វើរបស់មនុស្សសុទ្ធតែមានផលប៉ះពាល់ដល់បរិស្ថាន និងការចូលរួមថែរក្សាការការពារបរិស្ថាន។
ក្រសួងបរិស្ថាន បានប្រគល់ជូនអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ រួមមាន ៖ ១.អំពូលហូមសូឡា ចំនួន ៣២៨ ឈុត (១ គ្រួសារ ទទួលបានសូឡា ១ ឈុត) , ២.ធុងសំរាម ចំនួន ៣០០ ធុង , ៣.ម៉ូតូដឹកសំរាម ចំនួន ១ គ្រឿង ដើម្បីបំពាក់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងជាប្រយោជន៍របស់សហគមន៍នៅលើកោះស្រឡៅ។
នាពេលខាងមុខ ក្រសួង មានផែនការកសាងកន្លែងទុកដាក់សំរាម និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត និងអភិវឌ្ឍន៍ទូកប្រើដោយម៉ាស៊ីនមានមេត្រីបរិស្ថានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ទេវតា)ផងដែរ។
លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង សូមថ្លែងការកោតសរសើរចំពោះក្រសួង និងមន្ទីរបរិស្ថានខេត្តកោះកុង ដែលបានរួមចំណែកមួយភាគធំធ្វើឲ្យការងារគាំពារអភិរក្សបរិស្ថាន និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅលើកោះស្រឡៅនេះ។
លោក ហែម ប៊ុនសំបូរ ក៏បានចាត់ទុកយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពី អារាម មេត្រីបរិស្ថាន និងសាលាមេត្រីបរិស្ថាន មានសារៈសំខាន់អំពីការជួយកែផ្នត់គំនិត ដែលជាកត្តាជំរុញខាងក្នុង ឲ្យបុគ្គលម្នាក់ៗ ចេះស្រឡាញ់បរិស្ថាន អនាម័យ សោភ័ណភាពក្នុងផ្ទះ និងសហគមន៍ ព្រមទាំងទាក់ទាញវិស័យទេសចរណ៍ ហើយអភិរក្សធនធានធម្មជាតិផងដែរ។
លោកអភិបាលរងស្រុកកោះកុង បានឲ្យដឹងដែរថា ការពារបរិស្ថានពុំមែនជាការងាររបស់បុគ្គលណាម្នាក់ឡើយ វាជាការទទួលខុសត្រូវរួមគ្នា។ ប្រសិនបើស្រឡាញ់សុខភាពខ្លួនឯង និងចង់ឃើញកូនចៅរស់នៅក្នុងបរិយាកាសល្អបរិសុទ្ធ សូមផ្តើមការរៀបចំទុកដាក់សំរាម និងសំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលសំរាមពាសវាលពាសកាល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


