Connect with us

ព័ត៌មានជាតិ

ប្រធាន​សភា​មាន​មោទនភាព​ចំពោះ​ផលិត​ផល​ជាតិ និង​ការ​ប្រែ​ខ្លួន​របស់​កម្ពុជា​ទៅ​កាន់​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ និង​បច្ចេកវិទ្យា​

បានផុស

នៅ

​ប្រធាន​សភា​កម្ពុជា​សម្ដេច​សភាធិបតី ឃួន សុដារី បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​និង​មោទនភាព​លើ​ផលិតផល​ជាតិ​ ក៏ដូចជា​ការ​ប្រែ​ខ្លួន​នៃ​ឧស្សាហកម្ម​នៅ​កម្ពុជា​ទៅ​កាន់​ឧស្សាហកម្ម​ដែល​ផ្អែក​លើ​ជំនាញ និង​បច្ចេកវិទ្យា​។ សម្ដេច​ថា នេះ​ជា​មាគ៌ា​ដ៏ត្រឹមត្រូវ​បំផុត​សម្រាប់​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ​ក្នុង​យុគសម័យ​ឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេជោ​ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា (ស.ម.អ.ស) និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) ដឹក​នាំ​ដោយ ឧកញ៉ា តែ តាំងប៉ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា ​ឆ្នាំ​២០២៦​នេះ នៅ​វិមាន​រដ្ឋសភា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ជួប​ការ​លំបាក​ពី​សង្គ្រាម​ឈ្លាន​ពាន​របស់​បរទេស​ ក៏​ដូចជា​ការ​ផ្ទុះ​សង្គ្រាម​នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន​នេះ​បាន​បង្កើត​វិបត្តិ​កាន់​តែ​ច្រើន​ ជា​ពិសេស​គឺ​វិបត្តិ​ថាមពល​ តែ​​ឧបសគ្គ​នេះ​ក៏​​ជា​ឱកាស​របស់​វិស័យ​សហគ្រាស​ធុន​តូន និង​មធ្យម​របស់​កម្ពុជា​ផង​ដែរ​។

សម្ដេច​បាន​កត់​សម្គាល់​ផង​ដែរ​នូវ​និន្នា​ការ​នៃ​ការ​ប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ និង​ការ​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ផលិត​ក្នុង​ស្រុក​លើ​ទី​ផ្សារ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ «ខ្មែរធ្វើបាន ខ្មែរជួយខ្មែរ” និង ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»


សម្ដេច​បាន​បន្ថែម​ថា៖ «អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ គឺ​នៅ​ពេល​នេះ​ ឧស្សាហកម្ម​របស់​យើង​កំពុង​ធ្វើ​បរិវត្តកម្ម ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ដែល​ផ្អែក​លើ​ជំនាញ និង​បច្ចេកវិទ្យា​ ដែល​នេះ​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល»។

សម្ដេច​បាន​ណែ​នាំ​ដល់​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវ​រួម​គ្នា​ពង្រឹង​គុណភាព​ផលិតផល​ឱ្យ​ស្រប​តាមស្តង់ដារ ដែល​នឹង​អាច​ប្រកួតប្រជែង​ដោយ​សមធម៌ នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ។


គិត​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​មាន​វត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម