Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចែកបណ្ណសម្គាល់កម្មសិទ្ធិជិត១ពាន់ទៀតជូនអតិថិជនបុរីម៉នដានី ដែលនេះជាការឈានដល់ការបញ្ចប់វិវាទដែលជាប់គាំងទាំង៣៦គម្រោង

បានផុស

នៅ

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស) ជាសេនាធិការ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៩៨៨ បណ្ណ ត្រូវបានបន្តចែកជូនអតិថិជនបុរី ខេភី ម៉នដានី ដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ក្នុងគម្រោងទី២៩ របស់បុរី និងចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុសរុបចំនួន១៩បណ្ណ ជូនអតិថិជនបុរី PR។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុធ្វើឡើងនៅថ្ងៃទី៧ ខែមេសា  នេះ ក្រោមអធិបតីភាពរដ្ឋលេខាធិការ ថេង ច័ន្ទសង្វារ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា បុរីខេភីម៉នដានី មានសរុបចំនួន ៣៦គម្រោង ស្ថិតក្នុងភូមិសាស្ត្រចំនួន ៧រាជធានីខេត្តក្រុង   ផែនការមេរបស់បុរី ប្រមាណ ៣មុឺនឡូត៍ (ដី/ផ្ទះ)   តែដោយសារវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាមួយភាគីពាក់ព័ន្ធ កាលពីឆ្នាំ២០២២   បុរីខេភីម៉នដានី បានឈានដល់ការបិទផ្អាកអាជីវកម្ម បិទការទិញលក់ សាងសង់ បានជះឥទ្ធិពលលេីគម្រោងទាំង៣៦គម្រោង បិទចរន្តការងារនិងហិរញ្ញវត្ថុបុរីខេភីម៉នដានីទាំងមូល។ អតីតម្ចាស់បុរី ម៉ន ដានី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ និងកំពុងជាប់បណ្ដឹងប្រមាណ៣០ករណី ដោយតុលាការកំពុងកាត់ទោសបណ្ដើរៗ។  ស្របពេលជាមួយគ្នា អតិថិជនបុរីទាំងនេះ បានដាក់ពាក្យប្ដឹងបន្តបន្ទាប់ ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហាផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់។

ឆ្លើយតបនឹងកង្វល់របស់អតិថិជន, ក្នុងនាមអាណាព្យាបាល ក្រសួងរៀបចំដែនដី បានខិតខំប្រឹងប្រែងពន្លឿនដំណើរការចេញបណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ខេភី ម៉ន ដានី, បុរី ភីអ វីឡា និងបុរី វី អាយ ភី ដែលនៅសេសសល់ ឱ្យទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់ៗគ្នា តួយ៉ាងគឺការចែកបណ្ណកម្មសិទ្ធចំនួន៩៨៨បណ្ណនៅព្រឹកនេះជាដើម។ បើតាមប្រសាសន៍របស់ លោក ថេង ច័ន្ទសង្វារ, ចំពោះអតិថិជនដែលបានបង់ប្រាក់ ១០០% នៅសល់ប្រមាណជាង១០០បណ្ណទៀតប៉ុណ្ណោះ។ យ៉ាងណាមិញក្រសួង នឹងបន្តផ្សព្វផ្សាយ និងពន្លឿនការដោះស្រាយផ្ដល់បណ្ណកម្មសិទ្ធិជូនគ្រប់អតិថិជន។

អ្នកស្រី  ម៉ែន សុភី អ្នករស់នៅខេត្តព្រះវិហារ អតិថិជនដែលទិញផ្ទះ៣ល្វែង ពីបុរីម៉នដានីក្នុងគម្រោងទី២៩ បានសម្ដែងក្ដីរីករាយ និងថាបានធូរស្រាលពីការលំបាក ប​ន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្រោមការសម្របសម្រួលរបស់ក្រសួង ដ.ន.ស.។ អ្នកស្រី អះអាងថា ស្របពេលកូវីដ១៩ អ្នកស្រី​បានទិញផ្ទះ៣ល្វែង។ អ្នកស្រីរម្លឹកថា ក្នុងពេលកូវីដ១៩ អ្នកស្រីជួបការលំបាកផ្នែកសេដ្ឋកិច្ច ត្រូវខ្ចីបំណុល ដើម្បីបង់ប្រាក់ជូនបុរី ក្រោយមកភាគីម្ចាស់បុរីក៏ជួបវិបត្តសេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់ក្ស័យធន់។ អ្នកស្រីអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននាំយកស្នាមញញឹម និងក្ដីរីករាយជូនអ្នកស្រីឡើងវិញ តាមរយៈការដោះស្រាយបញ្ហាជាប់គាំងរបស់ម្ចាស់គម្រោងម៉នដានី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកស្រីនាពេលនេះ។

អតិថិជនបុរីម៉នដានីមួយរូបទៀត ដែលទិញផ្ទះក្នុងគម្រោងទី២៩ របស់បុរីម៉នដានី គឺលោក យន់ សុឃីម  ក៏បង្ហាញពីអារម្មណ៍រំភើប រីករាយបន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ លោករៀបរាប់ថា លោក បានទិញបុរីពីគម្រោងទី២៩របស់បុរីខេភីម៉នដានី ស្របពេលកូវីដ១៩ ចាប់ពីពេលនោះលោកជួបប្រទះបញ្ហាវិបត្តហិរញ្ញវត្ថុ ខំប្រឹងរកប្រាក់ទាំងត្រដាប់ត្រដួស ដើម្បីបង់ទៅកាន់ភាគីបុរី។ ទោះបីជាបានបង់ប្រាក់រួចរាល់ ក៏ភាគីក្រុមហ៊ុនមិនបានសាងសង់ផ្ទះជូនលោកឡើយ ដែលត្រង់ចំណុចនេះ បណ្ដាលឱ្យជួបប្រទះបញ្ហាផ្លូវចិត្ត ទន្ទឹងរងចាំផ្ទះជារៀងរាល់ថ្ងៃ។ លោកថា ការលំបាករបស់លោក បានផុតទៅវិញ នៅពេលដែលក្រសួង ដ.ន.ស ចែកបណ្ណសម្គាល់កម្មសិទ្ធិជូនលោក និងអតិថិជននាពេលនេះ។

ទាំងលោក យន់ សុឃីម និងអ្នកស្រី ម៉ែន សុភី ព្រមទាំងអតិថិជនផ្សេងទៀត ដែលទទួលបានបណ្ណកម្មសិទ្ធិ នាពេលនេះ សុទ្ធតែបង្ហាញការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហារហូតដល់សម្រេចបានលទ្ធផល ពោលគឺការចែកបណ្ណកម្មសិទ្ធិជូនពួកគាត់។

លោក ប៉ិល ភីរៈ អនុប្រធាននាយកដ្ឋាននីតិកម្ម និងជាប្រធានក្រុមការងារប្រតិបត្តិដោះស្រាយគម្រោងទី២៩របស់បុរីខេភីម៉នដានី អះអាងថា ក្រសួង បានចាប់ផ្ដើមទទួលដោះស្រាយបញ្ហារវាងអតិថិជន និងបុរីខេភីម៉នដានី ចាប់តាំងពីដើមឆ្នាំ២០២៤ មក ដោយបានប្រមូលឯកសារពាក់ព័ន្ធ ដោយប្រមូលបាននូវបង្កាន់ដៃបង់ប្រាក់រវាងអតិថិជនជាមួយភាគីបុរី និង​ឯកសារសំខាន់ៗផ្សេងទៀត ដើម្បីបញ្ជាក់ថាអតិថិនជនពិតជាបានទិញដី ឬផ្ទះក្នុងគម្រោងរបស់បុរីខេភីម៉នដានី ក្រោយមកក្រសួងបានស្រាវជ្រាវ អញ្ជើញភាគីពាក់ព័ន្ធមកចូលដោះស្រាយ។

ជាលទ្ធផល លោកឱ្យដឹងថា ក្រសួង ដ.ន.ស ទទួលបានការចូលរួមពីសំណាក់ម្ចាស់ដីដើម ដោយបានឯកភាពប្រគល់បណ្ណសម្គាល់កម្មសិទ្ធិដីទំហំ៥០ហិកតា(ជំហានទី១) មកក្រសួង ដើម្បីបែងចែកជូនអតិថិនជនរបស់បុរី ដោយមកទល់បច្ចុប្បន្នក្រសួងបានដោះស្រាយចែកបណ្ណសម្គាល់កម្មសិទ្ធិចំនួនបួនលើក ដោយបានចែកជូនបណ្ណសម្គាល់កម្មសិទ្ធិប្រមាណ២៥០០បណ្ណជូនអតិថិជន ដែលបានបង់ប្រាក់គ្រប់១០០% ហើយក្រសួងនឹងបន្តដោះស្រាយចែកការបែងចែកបណ្ណជាង១ពាន់ទៀត ទៅដល់អតិថិជនដែលបង់រំលោះមិនទាន់គ្រប់១០០%ជាមួយបុរីម៉នដានី អតិថិជនដែលទិញផ្ទះពីបុរី ប៉ុន្តែប៉ះចំទីតាំងជាន់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម