ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក មកជាង ៩០ ដុល្លារ/បារ៉ែល ក្រោយ ត្រាំ ប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ២ សប្ដាហ៍
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាគំហុកប្រមាណជាង ១០ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធ (៨ មេសា) នេះ មកត្រឹមជាង ៩០ ដុល្លារ/បារ៉ែល ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីបទឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់រយៈពេល ២ សប្ដាហ៍ ដែលកាត់បន្ថយភាពតានតឹងនៃជម្លោះ និងឆ្ពោះទៅរកការបើកច្រកសមុទ្រហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានធ្លាក់ចុះ ១៤,៨៤ ដុល្លារ ឬ ១៣,៦% មកនៅត្រឹម ៩៤,៤៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ១៦,១៣ ដុល្លារ ឬ ១៤,៣% មកនៅត្រឹម ៩៦,៨២ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះព្រឹក នៅទីក្រុងហុងកុង។
ការប្រកាសពីបទឈប់បាញ់របស់លោក ត្រាំ ធ្វើឡើងត្រឹមរយៈពេលខ្លីប៉ុណ្ណោះមុនពេលឱសានុវាទរបស់លោក ត្រាំ សម្រាប់អ៊ីរ៉ង់ចូលមកដល់ពេលកំណត់ ដោយប៉ុន្មានម៉ោងមុននោះ លោកបានគំរាមឱ្យអ៊ីរ៉ង់បើកច្រកហ័រមូហ្ស បើមិនដូច្នោះទេ អាមេរិកនឹងបើកការវាយប្រហារកម្ទេចប្រទេសទាំងមូល។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social យ៉ាងដូច្នេះថា៖ «វានឹងក្លាយជាបទឈប់បាញ់ដែលមានការព្រមព្រៀងពីភាគីទាំងសងខាង»។
ដោយឡែកអ៊ីរ៉ង់ឯណោះវិញ បានប្រកាសថា ខ្លួននឹងបញ្ឈប់ការវាយប្រហារ ប្រសិនបើការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានបញ្ឈប់ ខណៈការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពកាត់តាមច្រកសមុទ្រហ័រមូហ្ស នឹងអាចធ្វើទៅបានរយៈពេល ២ សប្តាហ៍ ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃពុធនេះ។
យ៉ាងណាមិញ បណ្ដាប្រទេសឈូងសមុទ្រពែរ្សផ្សេងៗ ដែលជាសម្ព័ន្ធមិត្តអាមេរិក បានរាយការណ៍ពីការបន្តបាញ់មីស៊ីល និងវាយប្រហារដោយដ្រូន និងបានចេញការព្រមានដល់ជនស៊ីវិលឱ្យស្វែងរកកន្លែងសុវត្ថិភាព។
ក្រុមអ្នកវិភាគទីផ្សារបានព្រមានថា ទោះបីជាមានការរំពឹងទុកពីបទឈប់បាញ់ក្ដី អ៊ីរ៉ង់អាចនឹងបន្តគំរាមកំហែងដល់ច្រកសមុទ្រហ័រមូហ្សក្នុងលក្ខខណ្ឌដែលខ្លួនបន្តរងការវាយប្រហារពីសត្រូវ ដែលធ្វើឱ្យការផ្គត់ផ្គង់ប្រេងចេញពីមជ្ឈិមបូព៌ានៅតែងាយរងនឹងហានិភ័យសន្តិសុខខ្ពស់ក្នុងក្រសែភ្នែករបស់វិនិយោគិន។
មែនទែនទៅ ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងជាង ៥០% រួចទៅហើយ នៅខែមីនា ដែលជាកំណើនដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
អ្នកវិភាគយល់ថា ទោះបីលោក ត្រាំ និយាយថា សំណើ ១០ ចំណុចពីអ៊ីរ៉ង់មានមូលដ្ឋានដែលអាចឈានទៅរកសន្តិភាពរយៈពេលវែងក៏ដោយ វានៅតែមានចំណុចមិនច្បាស់លាស់ជាច្រើនទៀតដែលត្រូវដោះស្រាយ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


