ព័ត៌មានអន្ដរជាតិ
វិបត្តិថាមពល៖ ថៃគ្រោងបិទស្ថានីយចាក់សាំងរាល់យប់ក្រោយចូលឆ្នាំ ដើម្បីសន្សំថាមពល
ចំពេលដែលវិបត្តិថាមពលរាលដាលទូទាំងអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បានឱ្យដឹងកាលពីថ្ងៃអង្គារ (៧ មេសា) ថា រដ្ឋាភិបាលថៃគ្រោងនឹងដាក់ចេញនូវវិធានការសន្សំសំចៃថាមពលថ្មីៗ បន្ទាប់ពីចប់បុណ្យចូលឆ្នាំថៃ រួមទាំងការបិទស្ថានីយប្រេងឥន្ធនៈរាល់យប់ចន្លោះពីម៉ោង ១០ យប់ ដល់ម៉ោង ៥ ព្រឹក និងពន្យារពេលធ្វើការពីចម្ងាយសម្រាប់មន្ត្រីរាជការ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Thai PBS World។

ការកំណត់បិទស្ថានីយចាក់សាំង គ្រោងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ ខែមេសាតទៅ ដោយមិនទាន់អនុវត្តភ្លាមៗទេ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុករបស់ប្រជាជនថៃអំឡុងចូលឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃទី ១៣ មេសា។
មែនទែនទៅ វិធានការនេះមានគោលបំណងបង្កើនការរឹតបន្តឹងការប្រើប្រាស់ថាមពលជាតិ ចំពេលជម្លោះមជ្ឈិមបូព៌ានៅតែបន្ត។ ការឱ្យដឹងរបស់លោក អានុទីន ធ្វើឡើង ១ ថ្ងៃ មុនពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់រយៈពេល ២ សប្ដាហ៍ នៅថ្ងៃពុធនេះ ដែលអាចកាត់បន្ថយហានិភ័យផ្នែកផ្គត់ផ្គង់ថាមពលពីមជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងណាក៏ដោយ ១ ថ្ងៃមុនការប្រកាសរបស់លោក អានុទីន ឧបនាយករដ្ឋមន្ត្រីថៃ លោក ប៉ាកន និលប្រាភុន (Pakorn Nilprapunt) បាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយថា រដ្ឋាភិបាលថៃកំពុងស្វែងរកមធ្យោបាយកាន់តែសកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងស្រុក ខណៈតម្លៃថាមពលសកលនៅតែមានការប្រែប្រួលខ្លាំង។
លោក ប៉ាកន បានបន្តថា លោក អានុទីន បានអនុញ្ញាតឱ្យប្រើប្រាស់បទប្បញ្ញត្តិមួយចំនួនក្រោមក្រឹត្យគ្រាអាសន្នឆ្នាំ ១៩៧៣ ស្តីពីការបង្ការកង្វះខាតប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងវិបត្តិ ដោយមានវិធានការសំខាន់ៗជាច្រើនដែលនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាភស្តុភារ និងថាមពល។
លោក ប៉ាកន បាននិយាយទៀតថា គំនិតផ្តួចផ្តើមធ្វើការពីចម្ងាយរបស់រដ្ឋាភិបាល នឹងត្រូវដាក់ចេញ ដើម្បីកាត់បន្ថយការធ្វើដំណើរ ដោយបញ្ជាក់ថា មន្ត្រីរាជការអាចចាប់ផ្តើមអនុវត្តវិធានការនេះគ្រប់ទូទាំងស្ថាប័នរដ្ឋាភិបាលភ្លាមៗ។
ដោយឡែកលោក អានុទីន បានសន្យាថា រដ្ឋាភិបាលនឹងមានយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកំណើនតម្លៃថាមពលសកល ខណៈគណៈរដ្ឋមន្ត្រីកំពុងរៀបចំដោះស្រាយស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។
ដោយសារថៃនាំចូលថាមពលប្រហែល ៥០% របស់ខ្លួនពីមជ្ឈិមបូព៌ា រដ្ឋាភិបាលកំពុងត្រៀមខ្លួនសម្រាប់ការអូសបន្លាយនៃការចំណាយខ្ពស់លើប្រេងឥន្ធនៈ អគ្គិសនី និងផលិតផលគីមីឥន្ធនៈដូចជាជី និងផ្លាស្ទិកជាដើម។
លោក អានុទីន ថ្លែងយ៉ាងដូច្នេះថា៖ «ជម្លោះបានតានតឹងឈានទៅដល់ការវាយប្រហារទៅលើទីកន្លែងផលិត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទោះបីជាការប្រយុទ្ធគ្នាឈប់នៅថ្ងៃស្អែកក៏ដោយ ការស្តារឡើងវិញនឹងត្រូវការពេលវេលា។ យើងត្រូវតែកែសម្រួលរបៀបរស់នៅរបស់យើងដើម្បីប្រឈមមុខនឹងការពិតនេះ។ ឯកភាពជាតិគឺជាដើមទុនសង្គមដ៏សំខាន់បំផុតរបស់យើងក្នុងគ្រាលំបាកទាំងនេះ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


