សេដ្ឋកិច្ច
គយ ផ្សព្វផ្សាយគោលនយោបាយបញ្ចុះពន្ធលើយានយន្តអគ្គិសនី និងទម្លាក់តម្លៃប្រេង
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចុះពន្ធដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ។

ការផ្សព្វផ្សាយគោលនយោបាយនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) លើកទី១០ នៅថ្ងៃទី ០៧ មេសា ២០២៦ ក្រោមវត្តមានលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធាន CPPM និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាន CPPM និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងដោះស្រាយនូវបញ្ហា និងសំណូមពរនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ, ផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះពន្ធដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយ តម្លៃប្រេងឥន្ធនៈ និងពិនិត្យលើសេចក្ដីព្រាងកញ្ចប់វិធានការមុតស្រួចក្នុងការទប់ស្កាត់ អំពើរត់គេចពន្ធ និងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ។

លោក គុណ ញឹម បានគូសរំលេចអំពីសារៈសំខាន់នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជួបប្រទះដោយផ្នែកឯកជនពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយនានា។
លោកបណ្ឌិត គុណ ញឹម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអភិក្រមនៃការសហការគ្នាជិតស្និតរវាងគយ និងផ្នែកឯកជនសម្រេចបានពេលកន្លងមកដូចជា ការដោះស្រាយបញ្ហារបស់ផ្នែកឯកជនក្នុងគោលដៅលើកកម្ពស់អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម ដែលមានជាអាទិ៍ ការបង្កើនការយល់ដឹងរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគយ, ការលើកសំណើកែសម្រួលអត្រាពន្ធ និងអាករ, ការដាក់ចេញនូវនីតិវិធីសម្រួលពាណិជ្ជកម្មដល់ធុរជនដែលមានអនុលោមភាពខ្ពស់, ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីគយ, ការកាត់បន្ថយកម្រៃនៃការបំពេញបែបបទបញ្ចេញទំនិញពីគយនិងកម្រៃស្គែន ជាដើម។
តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពការងារពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមួយចំនួន ដែលជាវិធានការរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល ដែលរួមមាន ១.ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បងគឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង២.ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។
តាមការប៉ាន់ស្មានជាបឋម ការអនុវត្តវិធានការទាំងពីរ នេះនឹងធ្វើឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។
បន្ថែមពីលើនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើបទបង្ហាញស្ដីពីសេចក្ដីព្រាងកញ្ចប់វិធានការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ ដើម្បីស្នើការពិនិត្យ ក៏ដូចជាការផ្ដល់ធាតុចូលបន្ថែមពីផ្នែកឯកជន។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហា សំណូមពរ និងសំណើដំណោះស្រាយលើកឡើងដោយផ្នែកឯកជន ចំនួន ១០ បញ្ហារួមមាន ការប្រកាសនាំចូល និងការដឹកជញ្ជូនក្នុងផ្ទៃប្រទេសនូវធាតុចូលផលិតកម្ម (ក្រណាត់) ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), កម្រៃបំពេញបែបបទគយ, ចំណាត់ថ្នាក់តាមតារាងពន្ធគយនូវផលិតផលសុខាភិបាល, ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មី ដើម្បីអនុវត្តនីតិវិធីនាំចូលរថយន្តជាប់សិទ្ធិផ្ដាច់មុខ, សំណើកែសម្រួលការអនុវត្តពន្ធ និងអាករលើសន្និធិពាណិជ្ជកម្មប្រេង និងឧស្ម័នឥន្ធនៈ និងពន្ធលើប្រេងសាំងយន្តហោះជាដើម។
ជាលទ្ធផលនៃកិច្ចពិភាក្សា ផ្នែកឯកជនបានស្វាគមន៍ និងទទួលយកនូវការបំភ្លឺ និងដំណោះស្រាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយចំពោះចំណុចសេសសល់ដែលពាក់ព័ន្ធសមត្ថកិច្ចច្រើនស្ថាប័ននឹងបន្តពិភាក្សារកដំណោះស្រាយជាមួយគ្នាបន្តទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


