Connect with us

ព័ត៌មានជាតិ

អតីតពលករមកពីថៃ ថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនជួយឲ្យពួកគាត់មានវិញ្ញាបនបត្រជាតិផ្លូវការ និង ងាយស្រួលរកការងារធ្វើ

បានផុស

នៅ

អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលបានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយជោគជ័យ បានលើកឡើងថា ការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់ឱកាសដល់ពួកគាត់ទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ងាយស្រួលរកការងារធ្វើ និង ទទួលបានចំណូលខ្ពស់ជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស រ៉ាយុទ្ធ អតីតពលករត្រឡប់មកពីប្រទេសថៃ ជំនាញការងារការ៉ូ បានឲ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បានជួយឲ្យរូបលោកមានវិញ្ញាបនបត្រជំនាញច្បាស់លាស់ ដែលងាយស្រួលរកការងារធ្វើ ព្រោះក្រុមហ៊ុនមានទំនុកចិត្ត។ មិនតែប៉ុណ្ណោះ តាមរយៈវិញ្ញាបនបត្រជំនាញនោះ ក៏បានជួយឲ្យរូបលោកទទួលបានប្រាក់ខែសមរម្យ និង ឱកាសឡើងតំណែងទៀតផង។

 លោកថ្លែងថា «ខ្ញុំធ្លាប់ធ្វើការងារនៅស្រុកគេ ខ្ញុំអត់ទទួលបានសញ្ញាបត្រ ឬ លិខិតបញ្ជាក់អីមកពីស្រុកគេទេ តែកម្មវិធីនៅខ្មែរយើងនេះអាចបញ្ជាក់ថា យើងចេះការងារប្រាកដ ហើយគាត់ចេញសញ្ញាបត្រឲ្យមែន នៅពេលដែលយើងបានសញ្ញបត្រពីក្រសួងទៅអ៊ីចឹង យើងអាចទៅដាក់ពាក្យនៅក្រុមហ៊ុនណាមួយ យើងអាចស្នើសុំលុយប្រាក់ខែគេតាមអ្វីដែលងចង់បាន»។

លោក អ៊ន ភ័ក្ត ជំនាញការងារការ៉ូ ម្នាក់ទៀត បានឲ្យដឹងដែរថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ គឺជាកាដូដ៏មានតម្លៃពីរាជរដ្ឋាភិបាល ព្រោះបើគ្មានកម្មវិធីនេះទេ អតីតពលករត្រឡប់មកពីប្រទេសថៃដែលមានបទពិសោធលើការងារក្នុងវិស័យសំណង់ អាចជួបការលំបាកក្នុងការស្វែងរកការងារ ព្រោះគ្មានការបញ្ជាក់ការទទួលស្គាល់ជំនាញច្បាស់លាស់។

លោកប្រាប់ថា «ខ្ញុំមកពីប្រទេសថៃចង់បង្ហាញសមត្ថភាពតែអត់ដឹងថាទៅបង្ហាញនៅកន្លែងណា នៅពេលមានកម្មវិធីនេះកើតមកអ៊ីចឹង ខ្ញុំត្រេកអរខ្លាំងដែលបានមកប្រឡងសញ្ញាបត្រនៅទីនេះ ហើយមានសញ្ញាបត្រទៅវិញ ទី ២ យើងទៅកន្លែងការងារណាមួយអ៊ីចឹង យើងមានអាហ្នឹងស្នើទៅគេ គេអាចនឹងយកយើងលឿន ហើយប្រាក់ចំណូលច្រើនជាងមុនទៀត»។

លោក អេង ប្រិមប្រិយ អតីតពលករមកពីប្រទេសថៃជំនាញការងារកំបោរ បានឲ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បង្កភាពងាយស្រួលក្នុងការពង្រឹង ឬ ផ្លាស់ប្តូរជំនាញឲ្យស្របតាមតម្រូវការជាក់ស្តែង នៃទីផ្សារការងារ។

លោកនិយាយថា «ការតេស្តជំនាញហើយយើងមានសញ្ញាបត្រ យើងទៅដាក់ការងារអីមួយគឺវាងាយស្រួល ព្រោះទទួលស្គាល់ចេញពីក្រសួងការងារ យើងទៅដាក់ការងារផ្សេងៗ គឺបានប្រាក់ខែខ្ពស់ ជាងដែលយើងអត់ទាន់បានមកតេស្តជំនាញ»។

សូមបញ្ជាក់ថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ រាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់រួមមាន ៖ ១.ការងារកំបោរ (រៀបឥដ្ឋ និងបូក) , ២.ការងារការ៉ូ , ៣.ការដំឡើងពុម្ព , ៤.ការដំឡើងបណ្តាញបំពង់ទឹក , ៥.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ , ៦.ការងាររន្ទា , ៧.ការដំឡើងសរសៃដែក និង ៨.ការផ្សារអគ្គិសនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម