សេដ្ឋកិច្ច
ការដោះដូរទំនិញអន្តរជាតិកម្ពុជា សម្រេចបានទំហំជិត ១៧ ពាន់លានដុល្លារ នៅត្រីមាសទី១
ការដោះដូរទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ១៦,៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៣ ខែ ដំបូងឆ្នាំ ២០២៦ កើនឡើង ១៧,២% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ដែលមានទំហំទឹកប្រាក់ ១៤,៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦។

ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៦ ការនាំចេញ-នាំចូល ទំនិញរវាងកម្ពុជាជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ១៦,៩៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ៨,០៩ ពាន់លានដុល្លារ កើនឡើង ១៧,៧% ចំណែកឯទំនិញនាំចូលមកវិញមានតម្លៃ ៨,៨៣ ពាន់លានដុល្លារ កើន ១៦,៧%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការដោះដូរទំនិញរបស់កម្ពុជា ជាមួយដៃគូអន្តរជាតិ នៅតែមានកំណើន ដោយសារកំណើននៃការចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល ២ ឆ្នាំ កន្លងមកមានជាង ១ ពាន់គម្រោង ដែលបំបែកកំណត់ត្រា។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានប្រសាសន៍នៅថ្ងៃទី ៩ ខែមេសាថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវភាពធន់ទោះបីឆ្លងកាត់វិបត្តិជាច្រើន។ ហើយថា ការនាំចេញរបស់កម្ពុជានៅតែរក្សាបានល្អរង្វង់ ១៥% ខណៈរាជរដ្ឋាភិបាលបានដាក់ចេញវិធានការឆ្លើយតប ជាបន្តបន្ទាប់ក្នុងគ្រាមានវិបត្តិ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។

ទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅទីផ្សារអន្តរជាតិ មានសំបកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាស៊ាន អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា អង់គ្លេស កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ ៦៥,២៥ ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និងនាំចូលមកវិញមានតម្លៃ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


