សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យអាជ្ញាធរស្រុកស្នួលចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារការ ៣
ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅខេត្តមណ្ឌលគិរីស្នើសុំឲ្យអាជ្ញាធរស្រុក ឃុំ មានសមត្ថកិច្ច ជួយរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញបរិវេណផ្សារកា៣ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ពលរដ្ឋលើកឡើងថា នៅត្រង់ចំណុចផ្សារកា ៣ ផ្ទាល់តែម្តង ជារៀងរាល់ថ្ងៃគឺគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើយ ការឈប់ចតរម៉ក ម៉ូតូ រថយន្ត យ៉ាងអាណាធិបតេយ្យ បង្កការកកស្ទះការធ្វើចរាចរណ៍ទៅមករបស់ពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមានបំណងទៅលេងកំសាន្តខេត្តនៅភាគឦសាន្ត ដូចជា ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី ជាដើម។
ពលរដ្ឋក៏បានស្នើសុំឲ្យអាជ្ញាធរស្រុកមានសមត្ថកិច្ច និងអាជ្ញាធរឃុំក្រញូងសែនជ័យ មេត្តាចុះត្រួតពិនិត្យរៀបចំសណ្ដាប់ធ្នាប់ផ្សារកា ៣ ឡើងវិញ ដើម្បីបញ្ជៀសការកកស្ទះ បង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បរិស្ថានស្អាត មានអនាម័យ ផាសុខភាព និងដើម្បីសោភណភាពជុំវិញផ្សារថែមទៀតផង។



ជាការឆ្លើយតបតាមការលើកឡើងពីប្រជាពលរដ្ឋ លោក សាម ណាល់ អភិបាលស្រុកស្នួលបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះថា ការចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារកា៣ នេះ គឺជានិច្ចកាល រដ្ឋបាលស្រុកស្នួលតែងតែដឹកនាំកម្លាំងអធិការរដ្ឋាននគរបាលស្រុក និងរដ្ឋបាលឃុំក្រញ៉ូងសែនជ័យ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចុះរៀបចំ និងបានអប់រំណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយអាជីវករជារៀងរាល់ខែផងដែរ ប៉ុន្តែប្រជាពលរដ្ឋ អាជីវករលក់ដូរ ជាពិសេស ម្ចាស់ផ្ដល់ទីតាំងកន្លែងលក់ដូរ ហាក់បីដូចជាមិនមានការចូលរួមសហការជាមួយអាជ្ញាធរទាល់តែសោះ ពេលអាជ្ញាធរចុះទៅ ពួកគាត់ធ្វើតាមការណែនាំ ពេលអាជ្ញាធរត្រឡប់មកវិញ ក៏ចូលលក់ដូរធម្មតា និងទុកដាក់រម៉ក ម៉ូតូ ពាសពេញផ្លូវ ពោលគឺប្រៀបបានទៅនឹងការវែកចកដូច្នេះដែរ។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយឃុំ កម្លាំងស្នាក់ការសន្តិសុខ ៧០៩ បានចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ នៅចំណុចផ្សារកាបី ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រួចហើយ ប៉ុន្តែឥឡូវនៅតែដដែល។
លោក បានឲ្យដឹងទៀតថា ចំពោះអ្នកដែលផ្ដល់ទីតាំង ឬជួលកន្លែងឲ្យពលរដ្ឋលក់ដូរ ក្នុងករណីរកឃើញថាមិនគោរពតាមគោលការណ៍ណែនាំនោះទេ រដ្ឋបាលស្រុកនឹងអនុវត្តកសាងសំនុំរឿងតាមនីតិវិធីរដ្ឋបាលបញ្ជូនទៅសាលាដំបូងខេត្តក្រចេះតែម្តង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


