Connect with us

កីឡា

NOCC ដាក់​បញ្ចាំង​ពិធី​បើក​កីឡា​ស៊ីហ្គេម ២០២៣ ឡើង​វិញ​ដើម្បី​ជួយ​ដល់​អត្តពលិក​ត្រៀម​កីឡាអូឡាំពិក

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គ្រោង​នឹង​ចាក់​បញ្ចាំង​ឡើង​វិញ​​នូវ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​សម្រាប់​ការ​ត្រៀម​ខ្លួន​​ឆ្ពោះ​ទៅ​កីឡា​អូឡាំពិក ឆ្នាំ ២០២៨ នៅ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ គឺ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​ដែល​បាន​កើត​មាន​នៅ​លើ​ទឹក​ដី​កម្ពុជា។ ពិធី​បើក​​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​រៀបចំ​យ៉ាង​ពិសេស​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម​ដែល​បាន​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា ទាំងសិល្បៈ វប្បធម៌ ប្រពៃណី និង​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​សំបូរ​បែប។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​លើ​ក​ដំបូង កម្ពុជា​​ទទួល​បាន​ជោគជ័យ​​ធំធេង​បំផុត​សម្រាប់​ការ​រៀប​ចំ​​មហា​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ទាំង​ផ្នែក​រៀបចំ​ដ៏​អស្ចារ្យទាំង​សម័យ​ទំនើប និង​បុរាណ។ ដើម្បី​រម្លឹក​អនុស្សាវរីយ៍​រយៈ​ពេល ៣ ឆ្នាំ កន្លង​ទៅ និងស្វះ​ស្វែង​រក​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​អត្តពលិក​កម្ពុជា ឆ្ពោះ​ទៅ​កីឡាអូឡាំពិក ឆ្នាំ ២០២៨ កម្ពុជា​បាន​សម្រេច​ដាក់បញ្ចាំង​ឡើង​វិញ​នូវ​ពិធី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​រោងភាពយន្ត។

គោល​បំណង​សំខាន់​គឺ ទី១ រម្លឹក​ពី​ជោគជ័យ​​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​ខ្មែរ​បាន​រង់ចាំអស់ ៦៤ ឆ្នាំ​សម្រាប់ ស៊ីហ្គេម ដំបូង​នៅ​កម្ពុជា។ ទី​២ ដើម្បីដាស់​ស្មារតី​ចងចាំ«ខ្មែរ​ធ្វើ​បាន ហើយ​ធ្វើ​បាន​ដ៏​អស្ចារ្យ​ថែម​ទៀត»។ ទី​៣ ចង់​ឲ្យ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​អស្ចារ្យ កើត​ឡើង​ជា​ថ្មី នៅ​ឆ្នាំ ២០៣១។ ទី៤ ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​យុទ្ធនាការ​រក​ជំនួយ​ឧបត្ថម្ភ​ដល់​អត្តពលិក​កម្ពុជា​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​កីឡាអូឡាំពិក ឆ្នាំ ២០២៨ នៅ​សហរដ្ឋ​អាមេរិក និង​ទី​៥ រួម​គ្នា​ដើម្បី​ក្រុម​កីឡា​អូឡាំពិក​កម្ពុជា។

ការ​ចាក់​ផ្សាយ​នៅ​រោងភាពយន្ត​សប្បាយ (Sabay Cinema) នៅ​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២៦ ដោយឥត​គិត​ថ្លៃ ពោល​​អ្នក​ចូល​រួម​ទស្សនា​ដោយ​មិន​អស់​ថវិកា ប៉ុន្តែចំនួន​មាន​កំណត់។ បន្ទាប់​មក ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​ អ្នក​ចូល​ទស្សនា​អាច​បរិច្ចាគ​ថវិកា ១២.០០០ រៀល (៣​ដុល្លារ) និង ២០.០០០ រៀល (៥​ដុល្លារ)។ ថវិកា​ដែល​ទទួល​បាន​នឹង​ចូល​ទៅ​ក្នុង​មូលនិធិទ្រទ្រង់​អត្តពលិក​កម្ពុជា​ដើម្បី​ហ្វឹក​ហាត់​សម្រាប់​ការ​ប្រកួត​ជម្រុះ​ឆ្ពោះ​ទៅ​សិទ្ធិ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក នៅ​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម