សន្តិសុខសង្គម
រដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៤៩ នាក់ ពាក់ព័ន្ធ Online Scam និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
រដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៩ នាក់ ពាក់ព័ន្ធករណី Online Scam និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត។


រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី ៨ និង ខែមេសា ឆ្នាំ ២០២៦ ក្រុមការងារចម្រុះ បានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស ១០ ទីតាំង ផ្សេងគ្នា ស្ថិតក្នុងភូមិសាស្រ្តខេត្ត។

ជាលទ្ធផលក្នុងចំណោម ១០ ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារ ១ កន្លែង ស្ថិតនៅក្រោយសណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន ៤៩ នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ ៧៥ គ្រឿង និងកុំព្យូទ័រយួរដៃ ៥ គ្រឿង។ ចំណែកក្នុងអគារហ័រធីងអ៊ីនយៀកសឹងទៀន ស្ថិតនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ក្រុមសមត្ថកិច្ច បានចុះបង្ក្រាបអគារ ១ កន្លែងទៀតជាប់កាស៊ីណូហ្សុងហ័ររី ដោយរកមិនឃើញមនុស្សស្នាក់នៅទេ ប៉ុន្តែសមត្ថកិច្ចបានដកហូតបានវត្ថុតាងមានដូចជា ទូរសព្ទដៃ ចំនួន ១,៥០០ គ្រឿង, ម៉ូនីទ័រ ១៤៥ គ្រឿង និងរថយន្ត ៥ គ្រឿង។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៩។

ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ “ហ្សុងហ័ររី ហ្គោលដិន សេន” ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុមការងារសមត្ថកិច្ច បានរកឃើញមនុស្សសរុប ១០៤ នាក់ (ស្រី្ត ១៧ នាក់) ក្នុងនោះមានលិខិតឆ្លងដែន ៧៥ នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០ គ្រឿង, ម៉ូនីទ័រ ៩ គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២ គ្រឿង។ បច្ចុប្បន្ន ជនបរទេស ៣៥ នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ។ ចំណែក ៦៩ នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា។

ក្នុងថ្ងៃដដែល ក្រុមការងារ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមីស្ថិតនៅភូមិ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ (គ្មានលិខិតឆ្លងដែន) និងម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន,នៅអគារផ្ទះវិឡា បុរីអូរ ៣ សុខសាន្ត ស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានជនបរទេស ១៥ នាក់ ស្នាក់នៅ ក្នុងនោះឃាត់ខ្លួនជនជាតិចិន ១ នាក់ និងជនជាតិប៉ាគីស្ថាន ១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដកហូតកុំព្យូទ័រមួយចំនួន និងនៅសណ្ឋាគារ ម៉ារីប៊ិចស្ថិតនៅភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានជនបរទេស ១១ នាក់ ស្នាក់នៅ ក្នុងនោះ ក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណីពុំមានលិខិតឆ្លងដែន។

គិតត្រឹមថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បានចំនួន ២៨ ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ ទីតាំង។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។


គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ក្រោយការចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦។ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ ជំពូក និង ២៤ មាត្រា។ ជាមួយច្បាប់ នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តរួមមាន ៖ ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ ជីវិត និង ពិន័យជាប្រាក់ដល់ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ប្រភព ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


