ព័ត៌មានអន្ដរជាតិ
ថៃចេញមុខធ្វើជាមេអណ្ដើក ចង់នាំមីយ៉ាន់ម៉ាឲ្យចូលក្នុងរង្វង់គ្រួសារអាស៊ានវិញ
ប្រទេសថៃបានបង្ហាញបំណងយ៉ាងច្បាស់ថា ខ្លួនចង់ដើរតួជាអ្នកនាំមុខក្នុងការជួយឲ្យប្រទេសមីយ៉ាន់ម៉ា អាចត្រឡប់មកមានទំនាក់ទំនងល្អជាធម្មតាវិញជាមួយប្លុកអាស៊ាន។

ចុះផ្សាយថ្ងៃទី២២ខែមេសានេះ សារព័ត៌មាន The Star បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងបែបនេះ នៅមុនជំនួបដ៏សំខាន់ជាមួយលោក Min Aung Hlaing ដែលទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មី។ ជាច្រើនឆ្នាំមកនេះ មីយ៉ាន់ម៉ាត្រូវបានគេផាត់ចេញពីកិច្ចប្រជុំកំពូលៗរបស់អាស៊ាន បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
លោកប្រធានាធិបតី Min Aung Hlaing ដែលបច្ចុប្បន្នមានវ័យ៦៩ឆ្នាំ បានពង្រឹងអំណាចរបស់លោកកាន់តែខ្លាំង បន្ទាប់ពីសភាបានបោះឆ្នោតជ្រើសរើសលោកឲ្យកាន់តំណែងកំពូលនេះ កាលពីដើមខែមេសា។ ក្នុងន័យនេះ ប្រទេសថៃយល់ថា វាដល់ពេលដែលត្រូវមានជំហានជាក់លាក់ដើម្បីនាំមីយ៉ាន់ម៉ាមកវិញ ប៉ុន្តែលោក Sihasak ក៏បានបញ្ជាក់ដែរថា ដើម្បីអាចចូលមកវិញបាន មីយ៉ាន់ម៉ាខ្លួនឯងត្រូវតែបង្ហាញសកម្មភាពឆ្លើយតបទៅនឹងក្ដីកង្វល់របស់សមាជិកអាស៊ានផ្សេងទៀត ជាពិសេសគឺការបញ្ឈប់អំពើហិង្សា និងការបើកផ្លូវឲ្យមានការចរចាសន្តិភាព។
កន្លងមក វិបត្តិនៅមីយ៉ាន់ម៉ាប្រៀបដូចជាជំងឺឈឺក្បាលដ៏រ៉ាំរ៉ៃសម្រាប់អាស៊ាន ព្រោះថ្នាក់ដឹកនាំយោធាតែងតែសន្យាខ្យល់ ហើយមិនសូវអនុវត្តតាមផែនការសន្តិភាពដែលបានព្រមព្រៀងគ្នានោះទេ។ បណ្ដាប្រទេសលោកខាងលិចមួយចំនួនរិះគន់ថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ាគ្រាន់តែជាការរៀបចំដើម្បីបន្តអំណាចយោធា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃបានមើលឃើញចំណុចវិជ្ជមានខ្លះៗ ដូចជាការដោះលែងអ្នកទោសរាប់ពាន់នាក់ និងការបន្ថយទោសដល់លោកស្រី អ៊ុងសាន ស៊ូជី ជាដើម។ លោក Sihasak សង្ឃឹមថា សកម្មភាពបែបនេះនឹងមានកាន់តែច្រើនថែមទៀត ដើម្បីបើកផ្លូវដល់ជំនួយមនុស្សធម៌។
ចំណែកឯលោក Min Aung Hlaing វិញ នៅក្នុងថ្ងៃឡើងកាន់តំណែង លោកបានប្រកាសថា អាទិភាពចម្បងរបស់លោកគឺការស្ដារសន្តិភាព និងការផ្សះផ្សាជាតិឡើងវិញ រួមទាំងការកែលម្អទំនាក់ទំនងជាមួយអន្តរជាតិ និងអាស៊ានផងដែរ។ លោកថែមទាំងបានបក់ដៃហៅក្រុមប្រដាប់អាវុធប្រឆាំងឲ្យមកអង្គុយតុចរចានៅចុងខែកក្កដាខាងមុខទៀតផង។ យ៉ាងណាមិញ ផ្លូវឆ្ពោះទៅរកសន្តិភាពហាក់នៅវែងឆ្ងាយនៅឡើយ ដោយសារតែក្រុមឧទ្ទាមសំខាន់ៗចំនួនពីរ បានបដិសេធការអញ្ជើញនេះភ្លាមៗ ខណៈដែលមេដឹកនាំអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅប្រទេសហ្វីលីពីន ក្នុងខែក្រោយនេះ ដើម្បីពិភាក្សាបន្តលើបញ្ហាដ៏ស្មុគស្មាញមួយនេះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


