Connect with us

ព័ត៌មានអន្ដរជាតិ

បើលោក គីម ជុងអ៊ុន រង​គ្រោះថ្នាក់ គ្រាប់បែកនុយក្លេអ៊ែរ នឹងត្រូវបាញ់ចេញភ្លាមៗ

បានផុស

នៅ

ក្រោយពីបានឃើញព្រឹត្តិការណ៍ដ៏រន្ធត់នៅប្រទេសអ៊ីរ៉ង់ ដែលមេដឹកនាំកំពូលៗជាច្រើនរូប ត្រូវបានធ្វើឃាតក្នុងពេលតែមួយ ដោយការវាយប្រហារតាមអាកាសពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមក លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ហាក់ដូចជាកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការភ័យខ្លាចនេះ បានរុញច្រានឲ្យ​កូរ៉េខាងជើង សម្រេចចិត្តធ្វើការកែប្រែច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនជាបន្ទាន់ ដើម្បីការពារអំណាច និងសងសឹកទៅកាន់សត្រូវវិញ ទោះបីជាមេដឹកនាំរបស់ពួកគេលែងមានជីវិតក៏ដោយ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការរាយការណ៍ពីចារកម្ម​កូរ៉េខាងត្បូង ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ Telegraph កាល​ពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ ច្បាប់ថ្មីរបស់​ក្រុង​ព្យុងយ៉ាង​ បានចែងយ៉ាងច្បាស់ថា បើប្រព័ន្ធបញ្ជានុយក្លេអ៊ែររបស់ជាតិ ស្ថិតក្នុងគ្រោះថ្នាក់ ឬបើលោក គីម ជុងអ៊ុន ត្រូវបានសត្រូវធ្វើឃាត ឬមិនអាចបញ្ជាការបាននោះ កងទ័ពកូរ៉េខាងជើង ត្រូវតែបាញ់គ្រាប់បែកនុយក្លេអ៊ែរតបតវិញជាបន្ទាន់ ដោយស្វ័យប្រវត្តិ។ នេះមានន័យថា ទោះបីជាសត្រូវអាចកម្ចាត់លោក គីម បានក៏ដោយ ក៏ពួកគេមិនអាចគេចផុតពីការបំផ្លិចបំផ្លាញ ដោយអាវុធនុយក្លេអ៊ែរ ដែលនឹងធ្លាក់ចុះមកដូចមេឃរលំបានដែរ។

អ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូល បានលើកឡើងថា ការកែច្បាប់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងកំពុងភ័យខ្លាចបច្ចេកវិទ្យារបស់អាមេរិក ដែលអាចប្រើផ្កាយរណបតាមដាន និងកម្ចាត់មេដឹកនាំកំពូលៗបានយ៉ាងងាយស្រួល ដូចអ្វីដែលបានកើតឡើងនៅអ៊ីរ៉ង់។ លោក គីម ជុងអ៊ុន ដែលជាមនុស្សម្នាក់ស្រឡាញ់សុវត្ថិភាពខ្លាំង តែងតែធ្វើដំណើរតាមរថភ្លើងពាសដែក និងមានអង្គរក្សការពារយ៉ាងតឹងរ៉ឹងបំផុត ក៏ព្រោះតែលោកដឹងថា ការបាត់បង់រូបលោក គឺជាការបញ្ចប់នៃរបបដឹកនាំទាំងមូល។

យ៉ាង​ណាមិញ ការព្យាយាមធ្វើឃាតលោក គីម ជុងអ៊ុន មិនមែនជារឿងងាយស្រួល ដូចនៅប្រទេសដទៃនោះទេ។ កូរ៉េខាងជើង គឺជាប្រទេស ដែលបិទជិតបំផុតក្នុងលោក ដែលគ្មាននរណាអាចលួចចូលទៅស៊ើបការណ៍បានឡើយ សូម្បីតែការប្រើបច្ចេកវិទ្យាហែគ (Hack) កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ក៏មិនអាចធ្វើទៅបានដែរ ព្រោះនៅទីនោះមិនសូវមានកាមេរ៉ា ហើយប្រព័ន្ធអ៊ីនធឺណិត ក៏ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។

ក្រៅពីការប្រកាសអាសន្នរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង ក៏បានបង្កើនការគំរាមកំហែងដល់ប្រទេសជិតខាងខ្លួនផងដែរ។ លោក គីម ជុងអ៊ុន បានទៅពិនិត្យមើលរោងចក្រផលិតអាវុធដោយផ្ទាល់ និងបានបញ្ជាឲ្យ​ត្រៀមដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីនៅតាមព្រំដែនជាប់កូរ៉េខាងត្បូង។ កាំភ្លើងធំនេះ មានសមត្ថភាពបាញ់បានឆ្ងាយរហូតដល់ទៅជាង ៦០គីឡូម៉ែត្រ ដែលមានន័យថា ទីក្រុងសេអ៊ូលទាំងមូល និងតំបន់ឧស្សាហកម្មសំខាន់ៗរបស់កូរ៉េខាងត្បូង នឹងស្ថិតក្នុងគោលដៅបាញ់ប្រហាររបស់ពួកគេយ៉ាងងាយស្រួល។ មកដល់ពេលនេះ បងប្អូនកូរ៉េទាំងពីរ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ព្រោះពួកគេមិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមជាផ្លូវការតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម