Connect with us

ព័ត៌មានអន្ដរជាតិ

លោក ម៉ាក្រុង ច្រានចោល​លទ្ធភាព​បញ្ជូនទ័ពទៅច្រក Hormuz ជាឯកតោភាគី ​មុន​ការ​​ពិគ្រោះ​ជាមួយ អ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យទី១០ ខែឧសភា បានច្រានចោលរាល់ការដាក់ពង្រាយ​យោធាបារាំងជាឯកតោភាគីនៅច្រកសមុទ្រ Hormuz ដោយគ្មានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ជាមុន​នោះ​ទេ​។ ប៉ុន្តែ លោកបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់ទីក្រុងប៉ារីស ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារចរាចរណ៍នាវាចរណ៍ឡើងវិញ នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Anadolu ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី (Nairobi) រួមជាមួយប្រធានាធិបតីកេនយ៉ា លោក William Ruto លោក ម៉ាក្រុង បានថ្លែងថា៖ «មិនដែលបានគ្រោងទុក» នូវការដាក់ពង្រាយកងទ័ពជើងទឹកនៅក្នុង ច្រកសមុទ្រ Hormuz នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា បារាំងត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលដល់ការចាប់ផ្ដើមឡើងវិញនៃនាវាចរណ៍នៅច្រកសមុទ្រ ក្រោមកិច្ចសហការជាមួយអ៊ីរ៉ង់»។

ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានចេញព្រមានប្រឆាំងនឹងវត្តមានកងទ័ពជើងទឹកបារាំង និងអង់គ្លេសនៅជិត​ច្រកសមុទ្រនោះ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានព្រមានថា រាល់ការដាក់ពង្រាយកងទ័ពជើងទឹកណាមួយ នឹងត្រូវប្រឈមមុខនឹង «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

ពាក់ព័ន្ធនឹងការបញ្ជូននាវាផ្ទុកយន្តហោះបារាំង Charles de Gaulle ទៅកាន់សមុទ្រក្រហម និងឈូងសមុទ្រ Aden លោក Gharibabadi បានចាត់ទុកទង្វើនេះថាជា «ការធ្វើឲ្យវិបត្តិកាន់តែរីករាលដាល» និង «ធ្វើឲ្យផ្លូវទឹកដ៏សំខាន់ក្លាយជាតំបន់យោធា»។ កាលពីថ្ងៃពុធ ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំងបានប្រកាសថា នាវា Charles de Gaulle បានឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) កាលពីថ្ងៃទី៦ ខែឧសភា ក្នុងគោលបំណងវាយតម្លៃស្ថានភាព និងរៀបចំបេសកកម្មនាវាចរណ៍ពហុជាតិ ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។

យ៉ាងណាមិញ ភាពតានតឹងក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ មកលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ឈូងសមុទ្រ រួមទាំងការបិទច្រក Hormuz ផងដែរ។ បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងបន្តធ្វើឡើង ដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញទាំងស្រុង ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាស ១ភាគ៥ របស់ពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​លោក ម៉ាក្រុង៖ តំបន់​កូកាស​​ខាងត្បូង មិនគួរ​​ជាទីតាំង​​ប្រជែងគ្នា​របស់​មហាអំណាច​ទេ​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម