Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសឈីលី ផ្ទុះការឆ្លងវីរុសហាន់តា​ ខ្លាំង, ​ស្លាប់មនុស្ស ​១៣នាក់ហើយ ក្នុងឆ្នាំនេះ

បានផុស

នៅ

ស្របពេលពិភពលោក កំពុងបារម្ភ និងផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការឆ្លងរាលដាល នៃវីរុសហាន់តា, ប្រទេសឈីលី នៅឯតំបន់អាមេរិកខាងត្បូងឯណោះ បានចងក្រងទិន្នន័យចម្លងនៃវីរុសនេះ ដោយបង្ហាញថា វីរុសហាន់តា ផ្ទុះខ្លាំង ដោយបានឆក់យកជីវិតមនុស្សចំនួន ១៣នាក់ហើយ ក្នុងចំណោមការឆ្លង ៣៩ករណី។

(រូប៖ Reuters)

តាមការផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន EFE បានចេញផ្សាយនៅថ្ងៃ ចន្ទ ទី ១១ ខែឧសភា ឆ្នាំ២០២៦ ដែលដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាល ឈីលី, តួលេខ គឺគិតចាប់តាំងពីដើមឆ្នាំនេះមក ហើយត្រូវបានគេរាយការណ៍នៅ៩តំបន់ ក្នុងចំណោម១៦តំបន់ របស់ប្រទេសនេះ។

យ៉ាងណា នេះមិនមែនជាករណីថ្មី កាលពីមុន ឈីលី ក៏មានអ្នកឆ្លងវីរុសហាន់តាច្រើនដែរ ពោលគឺ ៤៤ករណី ក្នុងនោះមានស្លាប់ ៨នាក់ ជាមួយអត្រាមរណភាព ១៨%។

(រូប៖ Reuters)

យោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, វីរុសហាន់តា គឺជាវីរុស ដែលអាចបង្កជំងឺធ្ងន់ធ្ងរ លើមនុស្ស។ យ៉ាងណា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់រកឃើញករណី វីរុសហាន់តា លើមនុស្សនៅឡើយទេ។

មនុស្ស អាចឆ្លងវីរុសនេះ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ​ ដូចជាកណ្តុរ កំប្រុក ស្កា និងសំពោចជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រណាស់។

(រូប៖ Reuters)

ពាក់ព័ន្ធបញ្ហានេះដែរ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា ហានិភ័យនៃការរាលដាលជាសកល មានកម្រិតទាប ពីព្រោះវីរុសហាន់តា មិនងាយឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទេ។

ចំពោះរោគសញ្ញា វីរុសហាន់តា ចេញអាការៈដូចជា អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក និងពិបាកដកដង្ហើម ខណៈករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម ឈានដល់ហូរឈាម ក្នុងសរីរាង្គ។

បច្ចុប្បន្ន មិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយ សម្រាប់ការពារការឆ្លងវីរុសហាន់តា នៅឡើយទេ មានតែការព្យាបាលថែទាំគាំទ្រ ទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម