Connect with us

ព័ត៌មានជាតិ

មូលហេតុនៅពីក្រោយ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf ចូលកាន់តែតួនាទីមើលការខុសត្រូវលើទំនាក់ទំនងជាមួយចិន បន្តពីលោក Larijani ដែលអ៊ីស្រាអែល​សម្លាប់

បានផុស

នៅ

ការសម្រេចចិត្តរបស់ប្រទេសអ៊ីរ៉ង់ក្នុងការតែងតាំង ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ឲ្យមកមើលការខុសត្រូវលើទំនាក់ទំនងជាមួយចិន ជំនួស លោក Ali Larijani គឺដោយសារតែ លោក Larijani បានទទួលមរណភាព នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ ISNA ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោមការស្នើរសុំពីប្រធានាធិបតី លោក Masoud Pezeshkian និងទទួលបានការយល់ព្រមផ្ទាល់ពីមេដឹកនាំកំពូល លោក Ayatollah Mojtaba Khamenei ដើម្បីពង្រឹងទម្ងន់ការទូតរបស់ទីក្រុងតេហេរ៉ង់។

មិនដូចកាលពីអាណត្តិមុនៗ ដែលតំណែងប្រេសិតទទួលបន្ទុកកិច្ចការចិនត្រូវបានបែងចែកដាច់ដោយឡែករវាងតំណាងមេដឹកនាំកំពូល និងតំណាងប្រធានាធិបតីនោះទេ ការតែងតាំងលោក Ghalibaf លើកនេះ គឺការប្រគល់អំណាចសម្រេចចិត្តពេញលេញ និងរួមបញ្ចូលគ្នាតែមួយ។ នេះអនុញ្ញាតឲ្យលោកមានសមត្ថកិច្ចខ្ពស់បំផុតក្នុងការសម្របសម្រួល និងជំរុញគ្រប់វិស័យនៃទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងប៉េកាំង ដោយមិនមានភាពរអាក់រអួលក្នុងប្រព័ន្ធរដ្ឋបាល។

មិនតែប៉ុណ្ណោះ អ៊ីរ៉ង់យល់ឃើញថាលោក Ghalibaf គឺជាអ្នកនយោបាយជើងចាស់ និងជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលទើបតែបានបង្ហាញស្នាដៃយ៉ាងលេចធ្លោក្នុងនាមជាប្រធានអ្នកចរចាសន្តិភាពរបស់អ៊ីរ៉ង់ ជាមួយអនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅប្រទេសប៉ាគីស្ថាន ដែលនាំទៅដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា។ សមត្ថភាពដឹកនាំការចរចាក្នុងស្ថានការណ៍ដ៏តានតឹងនេះ ធ្វើឲ្យលោកក្លាយជាបុគ្គលដ៏ស័ក្តិសមបំផុតក្នុងការការពារផលប្រយោជន៍របស់អ៊ីរ៉ង់ជាមួយចិន។

នៅក្នុងនោះផងដែរ ដោយយោងតាមការវិភាគពីកាសែត South China Morning Post (SCMP) ការបញ្ជូនមន្ត្រីកម្រិតប្រធានសភាឲ្យមកមើលការខុសត្រូវកិច្ចការចិន គឺជាការផ្ញើសារយុទ្ធសាស្ត្របង្ហាញពី «ការប្តេជ្ញាចិត្តខ្ពស់បំផុតដែលមិនធ្លាប់មាន» របស់អ៊ីរ៉ង់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី។ លោក Ghalibaf ក៏បានគូសបញ្ជាក់ផងដែរថា អនាគតនៃភូមិសាស្ត្រនយោបាយគឺជារបស់បណ្តាប្រទេសក្នុងតំបន់សកលលោកខាងត្បូង ដែលមានចិន និងអ៊ីរ៉ង់ ជាដៃគូដ៏រឹងមាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ តែងតាំង លោក Ghalibaf​ ឲ្យមើលខុសត្រូវ លើ​ទំនាក់ទំនងជាមួយ ចិន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម