Connect with us

សេដ្ឋកិច្ច

​ម៉ាស៊ីនចិតសំបកដូងកម្ពុជាបានបោះជំហានដល់ទីផ្សារអូស្ដ្រាលី ខណៈទីផ្សារក្នុងស្រុកកំពុងពេញនិយម

បានផុស

នៅ

ដំឡើងម៉ាស៊ីនចិតសំបកដូង​ដ៏ល្បីឈ្មោះប្រចាំទឹកដីខេត្តត្បូងឃ្មុំ ដែលគិតមកទល់សព្វថ្ងៃម៉ាស៊ីនស្វ័យប្រវត្តិនេះមានការបញ្ជាទិញចំនួន ២០០គ្រឿង រួចមកហើយ បានធ្វើការបោះជើងមួយជំហានទៀតដោយបាននាំចេញទៅកាន់ប្រទេស​អូស្រ្តាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី លោក រូន សុភ័ក្រ្ដ បានឱ្យដឹងថា ដំបូងឡើយលោកគ្រាន់តែជាជាងដំដែក និងជាងផ្សារដែកតែប៉ុណ្ណោះ។ ដោយមានជំនាញខាងជាងស្រាប់ នៅឆ្នាំ ២០២៣ លោក សុភ័ក្រ្ដ បានចាប់ផ្ដើមរបរដំឡើងម៉ាស៊ីនចិតសំបកដូងនេះឡើងមក ខណៈក្នុងមួយថ្ងៃ លោក និងក្រុមការងារអាចដំឡើងម៉ាស៊ីនចិតសំបកដូងបាន២គ្រឿង តាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។


លោកបានបន្ថែមថា ម៉ាស៊ីនចិតសំបកដូងនេះ បង្កើតឡើងដើម្បីជួយសម្រួលដល់មុខរបរលក់ដូងរបស់អាជីវករបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា។ ភាគច្រើន ម៉ាស៊ីនចិតសំបកដូង ត្រូវបានបញ្ជាទិញយកទៅប្រើប្រាស់នៅតាមបណ្ដាផ្សារមួយចំនួន ពិសេសគឺនៅតាមភោជនីយដ្ឋានធំៗ ដែលស្ថិតនៅរាជធានីភ្នំពេញ​ និងខេត្តព្រះសីហនុ ជាដើម។

ក្រៅពីដំឡើងម៉ាស៊ីនចិតសំបកដូងសម្រាប់លក់នៅក្នុងស្រុក អតីតជាងដែករូបនេះ បានឱ្យដឹងដែរថា ផលិតផលដែលដំឡើងក្នុងសិប្បកម្មរបស់លោក ក៏បាននាំចេញទៅលក់ដល់ប្រទេសអូស្រ្ដាលីចំនួន ៤គ្រឿងផងដែរ។ គិតមកទល់ពេលនេះ លោកអាចដំឡើង និងលក់ម៉ាស៊ីនដែលជំនួសឱ្យការចិតសំបកដូងដោយដៃបានចំនួន ២០០គ្រឿងមកហើយដែរ។

ចំពោះតម្លៃម៉ាស៊ីនចិតសំបកដូងស្វ័យប្រវត្តិនេះវិញ លោក រូន សុភ័ក្រ្ដ បញ្ជាក់ថា ក្នុង១គ្រឿងវាមានតម្លៃប្រហែល ៣៩០ដុល្លារ ខណៈបច្ចុប្បន្នលោកកំពុងធ្វើបច្ចុប្បន្នភាពម៉ាស៊ីននេះអាចប្រើប្រាស់ជាមួយអាគុយ និងម៉ូទ័រ សម្រាប់អាជីវករលក់ដូងចល័តផងដែរ។

យ៉ាងណាមិញ លោក រូន សុភ័ក្រ្ដ ក៏សុំស្នើដល់ប្រជាជនខ្មែរ ពិសេសអាជីវករដែលមានមុខរបរលក់ដូងតាមផ្សារ​ ឬតាមរទេះចល័ត ប្រសិនបើចង់ឱ្យរបរពួកគាត់កាន់តែទទួលបានប្រាក់ចំណូលខ្ពស់ និងចំណេញពេលវេលាជាងមុន សូមងាកមកជួយគាំទ្រម៉ាស៊ីនចិតសំបកដូងដែលដំឡើងក្នុងស្រុកឱ្យបានកាន់ច្រើនផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម