ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានប្រើអាវុធប្រល័យលោក បើអស់ជម្រើស ក្រោយរុស្ស៊ី បញ្ចប់សមយុទ្ធនុយក្លេអ៊ែរដ៏ធំ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាវិធានការ «ជម្រើសចុងក្រោយ» តែប៉ុណ្ណោះ ដែលការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីកងទ័ពរុស្ស៊ី និងបេឡារុស បានបញ្ចប់សមយុទ្ធនុយក្លេអ៊ែរដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលប្រព្រឹត្តទៅទាំងនៅលើគោក លើអាកាស និងលើផ្ទៃសមុទ្រ។

តាមការផ្សាយរបស់ Independent មេដឹកនាំរុស្ស៊ី បានអះអាងថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ គឺជាអ្នកធានាដ៏រឹងមាំសម្រាប់ «អធិបតេយ្យភាព» របស់ជាតិ ក្នុងពេលដែលសមយុទ្ធដ៏កក្រើកនេះ មានការចូលរួមពីកងទ័ពរហូតដល់ ៦៤ ០០០នាក់ រួមទាំងមានការប្រើប្រាស់នាវាមុជទឹក និងគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង (Hypersonic) ផងដែរ។
ភាគីខាងអឺរ៉ុប បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកសមយុទ្ធនុយក្លេអ៊ែរនេះថាជាការឌឺដង និងដុតរោលឱ្យកាន់តែមានភាពតានតឹងជាមួយអង្គការណាតូ (NATO)។ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) បានព្រមានត្រឡប់ទៅវិញយ៉ាងចាស់ដៃថា រាល់ការវាយប្រហារណាមួយមកលើសមាជិកណាតូ នឹងត្រូវជួបប្រទះការវាយបកវិញយ៉ាងធ្ងន់ធ្ងរបំផុត រហូតដល់វិនាសកម្មមិនខាន។ សមយុទ្ធរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានកើតឡើង ចំពេលដែលមានការវាយប្រហារយ៉ាងខ្លាំងក្លាពីដ្រូនរបស់អ៊ុយក្រែន ក្នុងនោះថែមទាំងមានដ្រូនហោះមកធ្លាក់នៅតំបន់ជាយក្រុងមូស្គូ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងខូចខាតអគារ ព្រមទាំងរោងចក្រមួយចំនួនទៀតផង។
ការវាយប្រហារចំកណ្តាលបេះដូងរុស្ស៊ីបែបនេះ បានធ្វើឱ្យមន្ត្រីនៅក្នុងវិមានក្រឹមឡាំង កាន់តែពិបាក ក្នុងការលាក់បាំងប្រជាជនខ្លួនឯងថា សង្គ្រាមនៅអ៊ុយក្រែន ដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី៥ហើយនោះ ជារឿងនៅឆ្ងាយឯជើងមេឃទៀតហើយ ព្រោះវាបានចាប់ផ្ដើមប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋរុស្ស៊ីផ្ទាល់តែម្ដង។

ក្រសួងការពារជាតិរុស្ស៊ី បានទម្លាយព័ត៌មានលម្អិតថា សមយុទ្ធលើកនេះ មិនត្រឹមតែប្រើទ័ពរាប់ម៉ឺននាក់នោះទេ ប៉ុន្តែថែមទាំងមានឡានបាញ់មីស៊ីលជាង ២០០គ្រឿង យន្តហោះចម្បាំងជាង ១៤០គ្រឿង នាវាចម្បាំងលើទឹក ៧៣គ្រឿង និងនាវាមុជទឹក ១៣គ្រឿង ដែលក្នុងនោះមាននាវាមុជទឹកចំនួន ៨គ្រឿងប្រដាប់ដោយមីស៊ីលឆ្លងទ្វីបក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង។ គោលបំណងធំនៃសមយុទ្ធនេះ គឺផ្តោតលើការរៀបចំ និងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ នៅពេលដែលមានការគំរាមកំហែងឈ្លានពានពីខាងក្រៅ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ សមយុទ្ធនេះ ក៏ជាការហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តស្លាប់រស់របស់រុស្ស៊ី និងជាកន្លែង ដែលរុស្ស៊ីយកអាវុធនុយក្លេអ៊ែរទៅដាក់ពង្រាយផងដែរ។ នៅក្នុងទឹកដីបេឡារុស អាមេរិក និងអឺរ៉ុប បានដឹងថា រុស្ស៊ីបានដាក់ប្រព័ន្ធមីស៊ីលទំនើបចុងក្រោយបង្អស់ប្រភេទ Oreshnik ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យមបាន។ ទីប្រឹក្សាយោធាជាន់ខ្ពស់របស់ចក្រភពអង់គ្លេស លោកវរសេនីយ៍ឯក Joby Rimmer បានរិះគន់ថា សមយុទ្ធនេះ ឆ្លុះបញ្ចាំងពីការដែល រុស្ស៊ីតែងតែប្រើប្រាស់ពាក្យសម្តីគំរាមកំហែង រឿងនុយក្លេអ៊ែរ ដោយគ្មានការទទួលខុសត្រូវ ក្នុងបំណងបំបាក់ស្មារតីគេឯង ក្នុងសង្គ្រាមអ៊ុយក្រែន។ លោកបានព្រមានថា នៅពេលដែលការទុកចិត្តគ្នារលាយបាត់ សេចក្តីប្រហែសតែបន្តិចបន្តួច ឬការយល់ច្រឡំណាមួយ អាចនឹងបង្កើតជាមហន្តរាយ សម្រាប់ពិភពលោកទាំងមូល។
ជាទូទៅ សមយុទ្ធនុយក្លេអ៊ែររបស់រុស្ស៊ី គឺប្រើប្រាស់តែក្បាលគ្រាប់ជជុះ ឬក្បាលគ្រាប់សម្រាប់ហ្វឹកហាត់ (គ្មានជាតិផ្ទុះពិតប្រាកដ) តែប៉ុណ្ណោះ។ វីដេអូមួយ ដែលក្រសួងការពារជាតិរុស្ស៊ីបញ្ចេញ បានបង្ហាញពីសកម្មភាពឡានយោធាដឹកជញ្ជូនគ្រាប់រ៉ុក្កែតធំៗ បើកបរដោយមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹង រួមទាំងរូបភាពនាវាមុជទឹក យន្តហោះ និងនាវាចម្បាំងជាច្រើនកំពុងចល័តទ័ព។ លោក ពូទីន តែងតែរំលឹកពិភពលោកញឹកញាប់ណាស់ អំពីអំណាចនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីលោកបានបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងរារាំងកុំឱ្យប្រទេសលោកខាងលិចលូកដៃជួយជ្រោមជ្រែងទីក្រុងកៀវខ្លាំងពេក។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៤ លោក ពូទីន បានកែប្រែច្បាប់ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយចែងថា ប្រសិនបើមានប្រទេសណាមួយប្រើប្រាស់អាវុធធម្មតាវាយប្រហារលើរុស្ស៊ី ប៉ុន្តែមានការគាំទ្រពីក្រោយដោយមហាអំណាចនុយក្លេអ៊ែរ នោះរុស្ស៊ីនឹងចាត់ទុកថា វាជាការវាយប្រហាររួមគ្នាមកលើប្រទេសខ្លួនភ្លាម។ ការព្រមានចំៗបែបនេះ គឺធ្វើឡើងដើម្បីគំរាមលោកខាងលិច កុំឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ហើយច្បាប់ថ្មីនេះ ក៏បានធ្វើឱ្យកម្រិតនៃការសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី កាន់តែងាយស្រួលជាងមុនឆ្ងាយណាស់។
ជាងនេះទៅទៀត ច្បាប់កែប្រែថ្មីនោះ ក៏បានដាក់ប្រទេសបេឡារុសឱ្យស្ថិតនៅក្រោមខែលការពារនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ។ លោក ពូទីន បានបញ្ជាក់ថា ទោះបីជារុស្ស៊ីជាអ្នកគ្រប់គ្រងប៊ូតុងនុយក្លេអ៊ែរទាំងស្រុង នៅក្នុងប្រទេសបេឡារុសក៏ដោយ ក៏រុស្ស៊ីនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តមួយនេះ ជាអ្នកជ្រើសរើសគោលដៅវាយប្រហារដោយខ្លួនឯង ប្រសិនបើមានសង្គ្រាមផ្ទុះឡើង។
បច្ចុប្បន្ន ទីក្រុងមូស្គូបានចោទប្រកាន់បណ្តាប្រទេសបាល់ទិក (Baltic) ថាបានបើកផ្លូវឱ្យដ្រូនអ៊ុយក្រែនហោះកាត់ទឹកដីរបស់ខ្លួន ដើម្បីទៅវាយប្រហារភាគខាងជើងរុស្ស៊ី ប៉ុន្តែភាគីណាតូបានបដិសេធ។ ក្រុមប្រទេសបាល់ទិក ដែលជាអ្នកគាំទ្ររបស់អ៊ុយក្រែន បានតបតវិញថា រុស្ស៊ីខ្លួនឯងទេ ដែលជាអ្នកបាញ់រំខានរលកសញ្ញាធ្វើឱ្យដ្រូនអ៊ុយក្រែនវង្វេងផ្លូវ ហោះចូលក្នុងដែនអាកាសរបស់ពួកគេទាំងមិនដឹងខ្លួននោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


