Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល​ថា​ឆ្នាំ​២០២៦​នេះ ​កម្ពុជា​ជួប​រឿង​អវិជ្ជមាន​៣​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ

បានផុស

នៅ

រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០២៦​នេះ​ សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​សម្រេច​បាន​៥%​ដូច​ការ​គ្រោង​ទុក​នោះ​ទេ​ ដោយ​សារ​តែ​ បញ្ហា​ប្រេង​ឡើង​ថ្លៃ ឥទ្ធិពល​សាយ​ភាព​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ និង​ការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារាចរ​ស្ដីពី​ការ​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៧-២០២៩ និង​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយ​តម្លៃ​ថា​សេដ្ឋកិច្ច​ជាតិ​មាន​កំណើត​ត្រឹម​ ៤,២% ប៉ុណ្ណោះ​​ដោយ​សារ​កម្មវិបាក​ផ្ទួន​ៗ​គ្នា​ជា​អវិជ្ជមាន​ពី​បញ្ហា​ធំៗ​៣​ខាង​លើ​។

ការ​ឡើង​ថ្លៃ​ប្រេង​បាន​ប៉ះពាល់​ដល់​កត្តា​ផលិតកម្ម​ តួយ៉ាង​ កសិកម្ម ដឹក​ជញ្ជូន និង​ទេសចរណ៍​ជា​ដើម​គួប​ផ្សំ​នឹង​សម្ពាធ​អតិផរណា បាន​បន្ទច់​បង្អាក់​ដល់​សកម្មភាព​ចាយ និង​ប្រើប្រាស់​ជា​រួម ហើយ​​ឥទ្ធិពល​សាយ​ភាព​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ បាន​ប៉ះពាល់​ដល់​ប្រាក់​បង្វែរ​ឯកជន ទេសចរណ៍​ដែល​ពឹង​ផ្អែក​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ និង​ការ​នាំ​ចេញ​កសិផល​ជា​ដើម​។ ដោយ​ឡែក​ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​អនឡាញ​ក៏​បាន​បង្ក​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ផង​ដែរ​ គឺ​ប៉ះពាល់​ដល់​វិស័យ​សំណង់ អចលនទ្រព្យ និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ ដោយសារ​ការ​បាត់​ចំណូល​ពី​សកម្មភាព​នេះ​។


​​​ទោះ​ជា​យ៉ាង​ណា​រាជរដ្ឋាភិបាល​ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា​កំណើន​សេដ្ឋកិច្ច​នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​៥%​ក្នុង​ឆ្នាំ​២០២៧ តែ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ហានិភ័យ​ និង​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ ដោយ​ហេតុ​នេះ​ទើប​​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​ឯកសារ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ ២០២៧-២០២៩ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ វិធាន​ការ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ វិធានការ​គោលនយោបាយ​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ និង​វិធានការ​ដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ។

ដោយឡែកសម្រាប់​ក្នុងឆ្នាំ២០២៥​កន្លង​ទៅ រាជរដ្ឋាភិបាល​ឱ្យ​ដឹង​ថា​សេដ្ឋកិច្ច​កម្ពុជាបាន​ទទួល​រង​ព្យុះ​កំបុតត្បូង​ចំនួន​២​ចម្បង​គឺ​ ការ​ដាក់​ឱ្យ​អនុវត្តន​ពន្ធ​គយ​បដិការ​របស់​សហរដ្ឋ​អាមេរិក និង​ភាព​តានតឹង​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ៕ ​


អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម