Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវប្បធម៌ប​ង្ហាញពីការកាន់កាប់ដោយខុសច្បាប់ពីយោធាថៃលើតំបន់ប្រាសាទរបស់កម្ពុជា ទៅកាន់អង្គទូតបរទេស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានបង្ហាញអំពីស្ថានភាពតំបន់បេតិកភណ្ឌកម្ពុជាតាមបណ្តោយព្រំដែន ដែលកំពុងកាន់កាប់ដោយខុសច្បាប់ និងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីយោធាថៃ។ នៅក្នុងបទបង្ហាញ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការបរទេស លោកស្រី ថា សកម្មភាព​របស់​ថៃ​នៅ​តាម​តំបន់ប្រាសាទ​ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជានេះ គឺជារំលោភ​ច្បាប់​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមុខតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំនៅភ្នំពេញចំនួន៤៤រូប លោកស្រី ភឿង សកុណា បានបញ្ជាក់ជាថ្មីនូវមូលដ្ឋានច្បាប់ចំពោះអធិបតេយ្យរបស់កម្ពុជាលើតំបន់វប្បធម៌ ដែលត្រូវបានកាន់កាប់ដោយកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ រួមមាន បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ។

លោកស្រី បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ថៃនៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់ កន្លងមក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។

លោកស្រីរដ្ឋមន្ត្រី ក៏បានរៀបរាប់ប្រាប់ពីសកម្មភាពដែលប្រព្រឹត្តដោយភាគីថៃនៅតំបន់ប្រាសាទរបស់កម្ពុជា រាប់ទាំងការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយគ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការសាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម។

បញ្ជាក់ទៅកាន់អង្គទូតបរទេស លោកស្រីថា កម្ពុជាបានដាក់កំណត់ទូតតវ៉ាជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃដែលប៉ុនប៉ងបង្កើតស្ថានភាពលើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ចំពោះបេតិកភណ្ឌវប្បធម៌ខ្មែរ។

បន្ថែមពីនេះ លោកស្រី ភឿង សកុណា ក៏បានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេងចំពោះប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកបានចុះបញ្ជីក្នុងអង្គការយូណេស្កូ ក៏ដូចជាចំពោះបូជនីយដ្ឋានវប្បធម៌ដទៃទៀតដែលមានតម្លៃលេចធ្លោជាសកលផងដែរ។

លោកស្រី បានអរគុណដល់តំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិចំពោះការគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ សម្រាប់កម្ពុជា លោកស្រី បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ លោកស្រី បញ្ជាក់បន្ថែមថា សន្តិភាពរវាងកម្ពុជា និងថៃ មានសារៈសំខាន់ សម្រាប់សុខដុមរមនា សាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាន និងតំបន់ទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម