ព័ត៌មានជាតិ
គណៈប្រតិភូខេត្តតាកែវ ទស្សនកិច្ចរោងចក្រផលិតនាវាខ្នាតធំនៅប្រទេសចិន បើកទស្សនវិស័យថ្មីលើវិស័យដឹកជញ្ជូន និងវិនិយោគ
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងពិនិត្យសក្តានុពលវិនិយោគ នៅទីតាំងផលិតនាវាខ្នាតធំរបស់ក្រុមហ៊ុន Zhejiang Hongsheng Shipbuilding Co.,Ltd., ស្ថិតនៅតំបន់ Linhai នៃទីក្រុង Taizhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងផលិតកម្ម និងសមត្ថភាពផលិតនាវាខ្នាតធំរបស់ក្រុមហ៊ុន ដែលមានឯកទេសក្នុងការសាងសង់នាវាដឹកទំនិញ និងនាវាពាណិជ្ជកម្ម មានទម្ងន់ផ្ទុកចាប់ពី ៣ពាន់តោន ដល់ ៧ពាន់តោន ឬអាចផលិតតាមតម្រូវការរបស់អតិថិជន។

ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់លើខ្សែចង្វាក់ផលិតកម្ម បច្ចេកទេសផ្សារដែក ការរចនាគ្រោងនាវា និងប្រព័ន្ធបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើប ដែលបង្ហាញពីសមត្ថភាព និងស្តង់ដារផលិតកម្មកម្រិតអន្តរជាតិរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Zhejiang Hongsheng Shipbuilding Co.,Ltd. ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះក្នុងវិស័យសាងសង់នាវា ដោយផ្គត់ផ្គង់នាវាទៅកាន់ទីផ្សារជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ថ្នាក់ដឹកនាំគណៈប្រតិភូខេត្តតាកែវ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងដៃគូវិនិយោគចិន ពិសេសលើវិស័យឧស្សាហកម្ម ដឹកជញ្ជូន និងភស្តុភារកម្ម ដែលកំពុងមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន អំពីឱកាសវិនិយោគ និងលទ្ធភាពពង្រីកកិច្ចសហការនាពេលអនាគត ជាពិសេសការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍ក្នុងវិស័យសាងសង់នាវា និងដឹកជញ្ជូនតាមផ្លូវទឹក។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តតាកែវ ក្នុងការស្វែងរកដៃគូវិនិយោគថ្មីៗ និងសិក្សាពីបទពិសោធន៍អភិវឌ្ឍន៍របស់បណ្តាប្រទេសជឿនលឿន ដើម្បីយកមកអនុវត្តស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខេត្ត និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


