Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី អះអាងជាថ្មី រដ្ឋនឹងមិនយកពន្ធលើដីកសិកម្មដរាបណាពលរដ្ឋគាំទ្របោះឆ្នោតឱ្យបក្សបន្តដឹកនាំប្រទេស

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា រដ្ឋនឹងមិនយកពន្ធលើដីកសិកម្មនោះទេ ដរាបណាប្រជាពលរដ្ឋបន្តគាំទ្រតាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការជួយដល់កសិករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ នាខេត្តត្បូងឃ្មុំ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលនឹងបន្តជួយកសិករ ជាពិសេសក្នុងវិស័យកសិកម្មរបស់យើង ដូចជាការមិនយកពន្ធទៅលើដីកសិកម្ម។ ក្នុងនាមអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី អះអាងថា៖« ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែមានការគាំទ្ររបស់ប្រជាជនឱ្យដឹកនាំប្រទេស យើងនៅតែមិនយកពន្ធលើដីកសិកម្មទេ។ នេះគឺជាគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល ហើយនេះជាអ្វីដែលការជួយសម្រួលទៅកសិកររបស់យើង»។

លើសពីនេះ​ សម្តេចបន្ថែមថា រដ្ឋមានចក្ខុវិស័យច្បាស់លាស់ និងមានគោលដៅដ៏ធំ គឺរកទីផ្សារដែលមានតម្លៃខ្ពស់ និងមានស្ថិរភាពឱ្យកសិករ ព្រមទាំងប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកឧស្សាហកម្ម បង្កើតឱកាសការងារ និងទីផ្សារនៅកន្លែង។ សម្តេចបានពន្យល់ថា ការទាក់ទាញវិនិយោគិនមកបង្កើតរោងចក្រក្នុងស្រុក នឹងរួមចំណែកផ្តល់ឱកាសការងារ កសិផលរបស់កសិករទទួលបានតម្លៃខ្ពស់ និងមានទីផ្សារថេរ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ បន្តជំរុញការងារពិសោធន៍ និងការស្រាវជ្រាវកៅស៊ូតាមរយៈការពង្រឹងមន្ទីរពិសោធន៍ និងមន្ទីរពិសោធន៍មូលដ្ឋាន ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវអន្តរជាតិ ដើម្បីពង្រឹងគុណភាពកៅស៊ូឱ្យស្របតាមស្តង់ដាបច្ចេកទេសកម្រិតអន្តរជាតិ។

សូមជម្រាបថា គោលនយោបាយមិនយកពន្ធលើដីកសិកម្មនេះ ត្រូវបានដាក់ចេញយូរណាស់មកហើយក្រោមអណត្តិរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា គោលនយោបាយនេះ ដើម្បីជួយសម្រាលបន្ទុក ឬការចំណាយរបស់ប្រជាកសិករ។ សម្តេចតេជោ ធ្លាប់ថ្លែងថា៖«កសិករត្រូវការជំនួយ ការជួយ និងឧបត្ថម្ភពីយើង មិនមែនត្រូវការយកពន្ធពីពួកគាត់នោះទេ។ យើងត្រូវការវិនិយោគឱ្យពួកគាត់មានប្រព័ន្ធទឹក និងការវិនិយោគដ៏ទៃទៀត ចាំបាច់បម្រើឱ្យគាត់ អភិវឌ្ឍន៍សេដ្ឋកិច្ច និងគ្រួសារពួកគាត់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម