Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហការជាមួយ សាខាពន្ធដារខេត្ត ដើម្បីពន្លឿនការប្រមូលពន្ធលើវិស័យអចលនទ្រព្យ

បានផុស

នៅ

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានជំរុញដល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត , ការិយាល័យរៀបចំដែនដីក្រុង-ស្រុក , អភិបាលក្រុង-ស្រុក និង មេឃុំ-ចៅសង្កាត់ ទាំងអស់ បន្តយកចិត្តទុកដាក់លើការងារប្រមូលពន្ធ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាខាពន្ធដារខេត្ត ដើម្បីឲ្យការប្រមូលពន្ធលើវិស័យអចលនទ្រព្យបានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួន នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក សំកុល សុចិត្រា ក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាខាពន្ធដារខត្តសៀមរាប ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង ការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិរហូតសម្រេចបាននូវសមិទ្ធផលជោគជ័យគួរជាទីមោទនៈ។ ជាពិសេសសាខាពន្ធដារខេត្ត តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកបដោយឆន្ទៈមោះមុត និង មានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលរងខេត្ត ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្ដល់នូវការយល់ដឹងថ្មីៗ បន្ថែមទៀត ជាពិសេសនោះ គឺលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីបន្តពង្រឹងកិច្ចសហការ នៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យបានគ្រប់ចំនួន ឬ លើសពីផែនការដែលបានកំណត់និយាយជារួម និង និយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឲ្យអស់សក្ដានុពល និង ចូលរួមផ្ដល់សេវាសាធារណៈពាក់ព័ន្ធជូនដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត។

ដោយឡែក លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ក៏បានបង្ហាញថា សិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួនរួមមាន ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និង ពន្ធលើមធ្យោបាយដឹកជញ្ជូន ជូនដល់អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់-ភូមិ និង​ តាមបណ្ដាស្ថាប័នពាក់ព័ន្ធ រៀបចំឡើងដោយសាខាពន្ធដារខេត្តសៀមរាប ក្នុងគោលបំណងជំរុញដល់ការផ្សព្វផ្សាយបន្តជូនដល់អ្នកជាប់ពន្ធ និង សាធារណជន ឲ្យកាន់តែយល់ច្បាស់ពីប្រភេទពន្ធទាំងនេះ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម