ព័ត៌មានជាតិ
អ្នកផ្ទុកមេរោគអេដស៍ជាង ៥៥ ០០០ នាក់ ទទួលបានបណ្ណមូលនិធិសមធម៌ពីរាជរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានឱ្យដឹងថា មានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណជាង ៥៥ ០០០ នាក់ ហើយ ទទួលបានបណ្ណមូលនិធិសមធម៌ពីរាជរដ្ឋាភិបាល ស្មើនឹងជាង ៧៦ ភាគរយ នៃចំនួនអ្នកជំងឺដែលបានមកទទួលសេវាព្យាបាលប្រមាណជាង ៧២ ០០០ នាក់។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៨ ឧសភា នេះថា ក្រសួងសុខាភិបាល បាននិងកំពុងផ្តល់សេវាបង្ការ ថែទាំ និងព្យាបាលនៅទូទាំងប្រទេស ដោយគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៦ មានអ្នកផ្ទុករស់នៅជាមួយមេរោគអេដស៍ ចំនួន ៧២ ៤៤០ នាក់ កំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ នៅតាមសេវាចំនួន ៧៤ កន្លែង ក្នុងរាជធានី ខេត្ត ទាំង ២៥ ក្នុងនោះ មាន ៧២ កន្លែង ស្ថិតក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និង ២ កន្លែងទៀត ដំណើរការដោយអង្គការមិនមែនរដ្ឋាភិបាល (មន្ទីរពេទ្យកុមារអង្គរ និងគ្លីនិកឈូកស)។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងចំណោមអ្នកជំងឺ ៧២ ៤៤០ នាក់ កំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ក្នុងនោះមានអ្នកជំងឺ ៥៥ ១៩៨ នាក់ ស្មើនឹង ៧៦,១៨% បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាល ហើយនឹងបន្តចុះបញ្ជីជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត បានបន្តថា «ការផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍នេះ នៅមិនទាន់ដឹងថា នឹងបញ្ចប់នៅពេលណាទេ ដោយសារមានអ្នកជំងឺចាស់ និងថ្មី មកស្នើសុំជាបន្តបន្ទាប់ ប៉ុន្តែអ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានប័ណ្ណសមធម៌នេះបាន ទាមទារឱ្យចុះបញ្ជីនៅតាមទីតាំងដែលគាត់ទៅទទួលសេវាតាមរយៈថេបប្លែកជាប្រព័ន្ធឌីជីថលតភ្ជាប់ប្រព័ន្ធទិន្នន័យជាមួយក្រសួងផែនការ ហើយការងារនេះ ក៏មានសហការជាមួយអង្គការ យូអេស អេអាយឌី អង្គការយូអិនអេដស៍ អង្គការយូអិនឌីភី»។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា អ្នកផ្ទុកមេរោគអេដស៍ទទួលបានប័ណ្ណសមធម៌ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយការចំណាយច្រើននៅក្នុងគ្រួសារ ព្រោះពួកគាត់ទទួលបានការលើកលែងបង់ប្រាក់ពេលទៅពិនិត្យ និងព្យាបាលជំងឺផ្សេងៗ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួសជួយរួមចំណែកកាត់បន្ថយការចំណាយផ្សេងៗ ក្នុងគ្រួសារ លើកស្ទួយជីវភាពកាន់តែប្រសើរ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវក្លាហានចេញមកធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលជំងឺត្រឹមត្រូវ និងទទួលបានប័ណ្ណសមធម៌ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល។ ចំណែកអ្នកផ្ទុកមេរោគអេដស៍ ត្រូវព្យាបាលឱ្យបានទៀងទាត់ជាប់លាប់ និងត្រឹមត្រូវ ពោលគឺអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយកាលណាអ្នកជំងឺព្យាបាលបានត្រឹមត្រូវ នឹងអាចរស់នៅបានយូរអង្វែងដូចប្រជាពលរដ្ឋធម្មតាដែរ។
គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននៅឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺ ៧២ ៤៤០ នាក់ កំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ហើយ ប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ជាង ៣៥ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


