Connect with us

ព័ត៌មានជាតិ

ស្វីសគាំទ្រដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ

បានផុស

នៅ

រដ្ឋាភិបាលស្វីសនៅតែបង្ហាញការគាំទ្រដល់ការដោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការដែលបានព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ។ ការគាំទ្រនេះ ត្រូវបានបញ្ជាក់ឡើងដោយលោក ផេដ្រូ ហ្សាក់ឡិន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ផេដ្រូ ហ្សាក់ឡិន បានបង្ហាញការសោកស្ដាយ ដែលប្រទេសទាំងពីរ កម្ពុជា-ថៃ មានជម្លោះព្រំដែន រហូតឈានដល់ការប្រើប្រាស់អាវុធ។ តែយ៉ាងណា លោក បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី។

តាមការអះអាងរបស់លោកឯកអគ្គរដ្ឋទូត រដ្ឋាភិបាលស្វីស នឹងបន្តតាមដានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ដល់ការប្រើប្រាស់យន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ជាការកត់សម្គាល់ ការលើកឡើងខាងលើពីឯកអគ្គរដ្ឋទូតស្វីស បានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានស្នើភាគីស្វីសបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ជាពិសេសគាំទ្រយន្តការដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានរំលឹកពីគោលជំហររបស់កម្ពុជា ដែលនៅតែបន្តដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ តាមគោលការណ៍សន្តិវិធី ផ្អែកទៅលើកិច្ចព្រមព្រៀង អនុសញ្ញា និងច្បាប់អន្តរជាតិ ហើយលោក បានគូសបញ្ជាក់ថា កម្ពុជាគ្មានគោលនយោបាយវាតទីនិយមឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម