Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី៖ UPR ជាយន្តការតែមួយគត់របស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្តល់ឱកាសឱ្យរដ្ឋសមាជិកផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសិទ្ធិមនុស្ស

បានផុស

នៅ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី លើកឡើងថា យន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការដ៏សំខាន់តែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្ដការនេះចំនួនបួនជុំរួចមកហើយ ដែលជាក់ស្ដែងសម្រាប់ជុំទីបួន មានប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន១០០ បានចូលរួមផ្តល់អនុសាសន៍លើករបាយការណ៍ជាតិរបស់កម្ពុជាសរុបចំនួន២៧៥អនុសាសន៍ ដែលអនុសាសន៍ភាគច្រើនជាការកោតសរសើរ លើកទឹកចិត្ត និងជំរុញឱ្យកម្ពុជាបន្តអនុវត្តកម្មវិធីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តផ្សេងៗបន្តទៀតសំដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យ។

ការណ៍នេះ លោក ថា បានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអតីតកាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនទូទៅ ស្របតាមច្បាប់ និងលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ និងការចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន១០លើកផងដែរ។

លោក ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការការពារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរងគ្រោះយ៉ាងមានប្រសិទ្ធភាព ក្នុងអំឡុងពេលឈ្លានពានរបស់ថៃទាំងពីរលើក រហូតមកដល់បច្ចុប្បន្ន។

លោក បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ UPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់ និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕ ដោយអ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម