Connect with us

ព័ត៌មានអន្ដរជាតិ

ចំណូល និងការលក់នៅបរទេសរបស់ PTTOR ធ្លាក់ចុះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

ក្រុមហ៊ុនថាមពលថៃ​ PTT Oil and Retail Business Plc (PTTOR) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT Group បាន​កត់ត្រាពីការធ្លាក់ចុះ​នៃប្រាក់ចំណូល និងបរិមាណលក់ប្រេងនៅបរទេសក្នុងត្រីមាសទី១ដើមឆ្នាំ ដោយសារតែ​ជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការរបស់ក្រុមហ៊ុន PTT រងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែន ដែលផ្ទុះឡើងជាជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុនដោយសារតែការឈ្លានពានរបស់ថៃ​ ហើយបន្តតានតឹងមកទល់ពេលនេះ។ ការលក់របស់ PTTOR នៅកម្ពុជា បាន​ធ្លាក់ចុះចន្លោះពី ៥០-៦០% កាលពីឆ្នាំមុន។

ដោយសារតែការធ្លាក់ចុះជាគំហុកនោះ PTTOR បាន​ប្រកាសកាលពីចុងឆ្នាំមុនថា ក្រុមហ៊ុននឹងកាត់បន្ថយការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

មែនទែនទៅ ជម្លោះ​ព្រំដែនបាន​ធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការក្រុមហ៊ុនថៃនៅកម្ពុជា រួមទាំងផលិតកម្ម និងការលក់ ខណៈពលរដ្ឋកម្ពុជាធ្វើពហិការប្រឆាំងទំនិញថៃ ដោយប៉ះពាល់ទាំងក្រុមហ៊ុន PTT។ មុនជម្លោះផ្ទុះឡើង PTT មានស្ថានីយចាក់ប្រេងចំនួន ២០០ និងហាងកាហ្វេ Amazon ១៥០ កន្លែង ទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគិតត្រឹមខែមីនា ឆ្នាំនេះ មានតែស្ថានីយចំនួន​ ៩១ កន្លែង​ និងហាងកាហ្វេ ១៣៦ ​ទីតាំង​ប៉ុណ្ណោះ ដែលបន្តប្រតិបត្តិការ ខណៈស្ថានីយខ្លះបានបិទ និងប្រហែល ៤០-៥០ បាន​ផ្លាស់ប្ដូរម៉ាកយីហោរ។

ការធ្លាក់ចុះ​នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់តួលេខចំណូល និងការលក់លើទីផ្សារអន្តរជាតិរបស់ PTTOR សម្រាប់ត្រីមាសទី១ ឆ្នាំ​២០២៦។ ចំណូលពីទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនបាន​ធ្លាក់ចុះ ៤% ឆ្នាំលើឆ្នាំ មកត្រឹម ១៣,៩ ប៊ីលានបាត ខណៈបរិមាណលក់ប្រេងនៅអន្តរជាតិ​ បាន​ធ្លាក់ ១២,៥% មកត្រឹម ៥១៩ លានលីត្រ ដែលភាគច្រើនដោយសារតែជម្លោះ និងការបិទព្រំដែនជាមួយកម្ពុជា។

​ទោះបីជាយ៉ាងនេះក្ដី លោកស្រី Wilaiwan Kanjanakanti អនុប្រធានប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកហិរញ្ញវត្ថុ និងជាប្រធានផ្នែកហិរញ្ញវត្ថុនៅ PTTOR បាន​និយាយថា ជម្លោះព្រំដែន​មានឥទ្ធិពលស្ដួចស្ដើងលើប្រាក់ចំណេញសរុបនៅត្រីមាសទី១របស់ក្រុមហ៊ុន។ ប្រតិបត្តិការនៅកម្ពុជារួមចំណែកតិចតួចដល់ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន ដោយ​​មានត្រឹមតែ ២-៣% នៃប្រាក់ចំណូលសរុបប៉ុណ្ណោះ​។

ប៉ុន្តែមន្រ្តីក្រុមហ៊ុនដដែលបាន​និយាយថា ​OR ​កំពុង​ស្វែងរកឱកាសថ្មីៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះបីជាមានឧបសគ្គក៏ដោយ។ ​ក្នុងស្រុកថៃវិញ​ ក្រុមហ៊ុនកំពុងផ្តោតលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូចជាកម្មវិធី «ថៃជួយថៃ+» ​និងទាញយកអត្ថប្រយោជន៍ពីកំណើនតម្រូវការ​ក្នុងវិស័យមិនមែនប្រេង ​ជាពិសេសតាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម