ព័ត៌មានអន្ដរជាតិ
UNCTAD៖ សេដ្ឋកិច្ចសកលចូលដល់យុគសម័យកាន់តែផុយស្រួយ ខណៈកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចុះខ្សោយ
សេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្ដូរពីដំណាក់កាលនៃការរំខានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងអតិផរណា ចូលទៅ «យុគសម័យកាន់តែផុយស្រួយ» ជាពេលដែលការអូសបន្លាយនៃភាពស្រពេចស្រពិល អាចបង្កកង្វះខាតទំនិញ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែធំទូលាយ ខណៈកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចុះខ្សោយ។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍ពាណិជ្ជកម្ម និងការអភិវឌ្ឍឆ្នាំ ២០២៦ របស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលចេញផ្សាយកាលពីពេលថ្មីៗ។

របាយការណ៍បានព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះ បានវ៉ាដាច់ជម្លោះគោលនយោបាយពាណិជ្ជកម្ម ក្លាយជាកត្តាចម្បងដែលបង្កើតអស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិភពលោក។ ភាពតានតឹងកើននៅមជ្ឈិមបូព៌ា ជាពិសេសការផ្ទុះជម្លោះយោធានៅចុងខែកុម្ភៈ បានរំខានដល់ផ្លូវដឹកជញ្ជូន បង្កើនបម្រែបម្រួលទីផ្សារ និងជំរុញឱ្យថ្លៃដឹកជញ្ជូនសកលកើនឡើង។
ជាលទ្ធផល UNCTAD បានព្យាករពីការធ្លាក់ចុះយ៉ាងទូលំទូលាយទាំងកំណើនសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មទំនិញនៅឆ្នាំនេះ។ អង្គការនេះបានរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២,៦% នៅឆ្នាំ ២០២៦ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយបន្តរំខានដល់ទីផ្សារថាមពល លំហូរពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុទូទាំងពិភពលោក។
ទោះបីជាទំហំពាណិជ្ជកម្មទំនិញរូបីតាមតម្លៃបច្ចុប្បន្ន (Nominal merchandise trade values) នៅតែមានភាពធន់នាដើមឆ្នាំ ២០២៦ ក៏ដោយ UNCTAD បានកត់សម្គាល់ថា សន្ទុះស្នូលនៃសេដ្ឋកិច្ចនៅតែមិនស្មើគ្នា និងងាយរងគ្រោះដោយសារការរំខានផ្នែកភស្តុភារ។ កំណើនពាណិជ្ជកម្មទំនិញ រំពឹងថានឹងចុះខ្សោយយ៉ាងខ្លាំង ចំពេលមានការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់ និងកំណើនភាពមិនប្រាកដប្រជាកាន់តែខ្លាំង។
របាយការណ៍របស់ UNCTAD ក៏បានគូសបញ្ជាក់ផងដែរថា តម្រូវការខ្លាំងសម្រាប់ផលិតផលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) កំពុងបិទបាំងភាពទន់ខ្សោយគ្រប់ជ្រុងជ្រោយនៅទូទាំង «ឧស្សាហកម្មផលិតកម្មបែបប្រពៃណី» និងផ្នែកទំនិញ (Commodity)។

UNCTAD លើកឡើងថា បណ្ដាប្រទេសកំពុងអភិវឌ្ឍនឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗពីការឡើងថ្លៃប្រេងឥន្ធនៈ អាហារ និងជី ដែលកំពុងរួមចំណែកដល់កំណើនអតិផរណា លក្ខខណ្ឌហិរញ្ញប្បទានតឹងតែង និងហានិភ័យពីខាងក្រៅផ្សេងៗ។
UNCTAD បានព្រមានបន្ថែមថា សន្តិសុខស្បៀងអាហារកំពុងក្លាយជាកង្វល់អំពីស្ថិរភាពហិរញ្ញវត្ថុកាន់តែខ្លាំងឡើង ជាពិសេសសម្រាប់ប្រទេសមានប្រាក់ចំណូលទាប ដែលកំពុងតស៊ូជាមួយនឹងបំណុល និងផលប៉ះពាល់ពីខាងក្រៅ។
ក្នុងពេលជាមួយគ្នានេះ ការរំខានពាក់ព័ន្ធនឹងការបិទច្រកសមុទ្រហ័រមូហ្ស និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត កំពុងជំរុញឱ្យថ្លៃដើមដឹកជញ្ជូន និងថាមពលកើនឡើងទូទាំងពិភពលោក ដោយបន្ថែមសម្ពាធលើពាណិជ្ជកម្មអន្តរជាតិ និងសកម្មភាពសេដ្ឋកិច្ច។
ទៅថ្ងៃមុខ UNCTAD រំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកាន់តែមានគម្លាតខុសគ្នាច្រើន ដោយសារកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្នុងលក្ខណៈជារចនាសម្ព័ន្ធ ទីផ្សារហិរញ្ញវត្ថុកាន់តែតឹងតែង និងការបន្តងាយរងគ្រោះរបស់ប្រទេសកំពុងអភិវឌ្ឍទៅនឹងការប៉ះទង្គិចផ្នែកពាណិជ្ជកម្ម ថាមពល និងហិរញ្ញវត្ថុ។
អង្គការនេះបានសង្កត់ធ្ងន់ថា ហានិភ័យទាំងនេះទាមទារឱ្យមានការសម្របសម្រួលគោលនយោបាយអន្តរជាតិឱ្យកាន់តែរឹងមាំ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោកដែលកាន់តែប្រសើរឡើង៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


