សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មសកល កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួល
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្មបានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម ទៅពាណិជ្ជកម្មបៃតង។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្ថែមថា ទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេភាគី កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួលដែលបង្កើតបានឡើងនូវវិធាននិងគោលការណ៍នៃការធ្វើពាណិជ្ជកម្មចម្រុះសណ្ឋាន និងស្មុគស្មាញ។
ស្របពេលដែលទម្រង់នៃការធ្វើពាណិជ្ជកម្មមានការវិវត្តកាន់តែច្រើន និងកាន់តែសាំញ៉ាំ និន្នាការផ្លូវច្បាប់ក៏ត្រូវតែវិវឌ្ឍទៅតាមនោះដែរ ហើយកម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់នៃការផ្លាស់ប្ដូរទាំងនោះ មិនអាចគេចបានឡើយ។
លោក វង្សី វិស្សុត បានលើកឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី ២៤ មិថុនា ២០២៦។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងអំពីដំណើរវិវត្តសំខាន់ៗនៃការកែទម្រង់ច្បាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី២ រហូតមកដល់នីតិកាលទី៧ នៃរដ្ឋសភា ដោយជារួម ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ កំណែទម្រង់ច្បាប់ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនជាសារវន្ត ហើយបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំនិងគ្រប់គ្រងប្រទេស ជាពិសេសការធានាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងសកល។
ទន្ទឹមនឹងវឌ្ឍនភាពគន្លឹះៗ បញ្ហាជាសារវន្តមួយចំនួនក៏បានកើតឡើងក្នុងប្រព័ន្ធច្បាប់កម្ពុជាផងដែរ ដូចជាបញ្ហាអត្តសញ្ញាណច្បាប់កម្ពុជាមានលក្ខណៈចម្រុះ អសង្គតិភាពនៃច្បាប់ជាធរមាន គម្លាតរវាងគោលនយោ បាយនិងច្បាប់ គម្លាតរវាងច្បាប់និងការអនុវត្តច្បាប់ ច្បាប់មួយចំនួនមិនអាចអនុវត្តបានឬហួសសម័យ ព្រមទាំងបញ្ហាជារចនាសម្ព័ន្ធស្ថាប័ន និងបញ្ហាជាន់សមត្ថកិច្ចគ្នាជាដើម។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ“ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច” របស់រាជរដ្ឋាភិបាល។ ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងឆ្នាំ២០២៤ ជាមួយនឹងការអនុម័តដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០២៥។
គិតមកទល់ពេលនេះ សកម្មភាពកែទម្រង់ជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០២៥ផងដែរ។
សម្រាប់កម្ពុជា តាមការសិក្សាស្រាវជ្រាវ ក៏ដូចជាការលើកឡើងជាហូហែររបស់វិស័យឯកជន វិស័យពាណិជ្ជកម្មនៅកម្ពុជានឹងបន្តមានការប្រឈមមួយចំនួន ដូចជា អសង្គតិភាពរវាងច្បាប់ អសង្គតិភាពរវាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ អនុលោមភាពច្បាប់ក្នុងវិស័យពាណិជ្ជកម្មមានភាពច្រើនពេក ហើយស្មុគស្មាញពេកនៅពេលខ្លះ ដូចជាការចុះបញ្ជី ការសុំលិខិតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាដើម ក៏ដូចជាភាពស្មុគស្មាញនៃនីតិវិធី វិវាទសមត្ថកិច្ចរវាងស្ថាប័នគ្រប់គ្រង ច្បាប់ខ្លះមិនអាចអនុវត្តបានឬហួសសម័យ។

ក្រៅពីនោះ ការធ្វើឌីជីថលូបនីយកម្មនៃសេវាសាធារណៈក្នុងវិស័យខ្លះ គឺមិនទាន់មានវិធានគតិយុត្តគ្រប់គ្រងច្បាស់លាស់នៅឡើយ ហើយបើមានក៏ពិបាករក ជាពិសេសគឺប្រកាសរបស់ក្រសួងពាក់ព័ន្ធ។ លើសពីនេះ ទំនុកចិត្តលើប្រព័ន្ធតុលាការនិងយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងបញ្ហាអភិបាលកិច្ចជាដើម។ នៅតែជាបញ្ហាប្រឈម។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដោយយល់ឃើញថា បញ្ហាទាំងអស់ខាងលើនេះ គឺជារបាំងដ៏ធំមួយនៃប្រសិទ្ធភាពនិងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកសំណើឡើងនិងដាក់ចេញនូវគោលគំនិតក្នុងការរៀបចំក្រមពាណិជ្ជកម្ម ជាកិច្ចការស្នូលមួយនៅក្នុងយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ការដាក់បញ្ចូលគ្រប់វិធានចាំបាច់ដែលគ្រប់គ្រងវិស័យពាណិជ្ជកម្មនៅក្នុងក្រមតែមួយ នឹងផ្តល់សារប្រយោជន៍ជាច្រើន ដោយក្នុងនោះ ជាពិសេសដើម្បីបង្កើតនូវ Level Playing Field គឺប្រព្រឹត្តិកម្មស្មើភាព និងយុត្តិធម៌ ចំពោះគ្រប់តួអង្គក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធុរកិច្ច ដែលជាចំណុចមិនអាចខ្វះបាន ក្នុងយន្តការសេដ្ឋកិច្ចទីផ្សារ ដែលនេះជាទិដ្ឋភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តថា ទោះបីយ៉ាងណាក៏ដោយ ការរៀបចំក្រមពាណិជ្ជកម្មរបស់កម្ពុជា គឺជាគម្រោងរយៈពេលវែងមួយទាមទារការសិក្សាឱ្យបានស៊ីជម្រៅលើគ្រប់ទិដ្ឋភាពទាំងអស់និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំនិងតាក់តែង។
ជាទស្សនវិស័យ បើយើងគិតថា ពិតជាចង់ដោះស្រាយបញ្ហាដែលកម្ពុជាកំពុងជួបប្រទះ ហើយបើកផ្លូវនិងវែកផ្លូវ សម្រាប់ឱ្យកម្ពុជាងើបឡើងទាំងជាសេដ្ឋកិច្ច វិនិយោគ និងធុរកិច្ច ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពប្រជាជនទៅថ្ងៃមុខ យើងមិនអាចរង់ចាំ១០ឆ្នាំ ឬ២០ឆ្នាំទៀត ដើម្បីរៀបចំក្រមពាណិជ្ជកម្មនេះឱ្យរួចរាល់នោះទេ ពោលគឺយើងត្រូវចាត់ទុកកិច្ចការនេះជាអាទិភាពមួយ ដែលត្រូវធ្វើឱ្យបានលឿនបំផុត ប៉ុន្តែធ្វើទៅតាមល្បឿនដែលអាចធ្វើទៅបាន ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងអាចអនុវត្តបានពេញ លេញ ព្រមទាំងមានប្រយោជន៍៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


