Connect with us

កីឡា

ក្រុម​នារី​ព្រះ​​ខ័ន​រាជ​ស្វាយរៀង CRS Sport និង ស្រុក​រមាស​ហែក រក​បាន ៣ ពិន្ទុ​ដូច​គ្នា ពាន​ស្វាយរៀង​ខាប់​នារី ​ក្នុង​សប្តាហ៍​ទី១

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រុម​ សសយក ស្រុក​រមាស​ហែក និង​ក្រុម​នារី CRS Sport រក​បាន ៣ ពិន្ទុ​ដូច​គ្នា​សម្រាប់​ការ​​ប្រកួត​ពាន​ ស្វាយរៀងខាប់​នារី លើក​ទី​២ ក្នុង​សប្តាហ៍​ទី​១ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ធ្វើឡើង​នៅ​ទី​លាន​វិទ្យាល័យ ហ៊ុន សែន ស្វាយំពារ វេលា​ម៉ោង ៨ ព្រឹក ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម សសក ស្រុក​កំពង់រោទិ៍ ដោយ​លទ្ធផល​ ៤-១។ ៤ គ្រាប់​របស់​ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយកីឡាការិនី ៤ នាក់​ផ្សេង​គ្នា​គឺ ឡុង កញ្ញា, កៀង ចន្ថា, សុខ ច័ន្ទកញ្ញា និង ពុធ សុដានីន ខណៈ ១ គ្រាប់​របស់ ក្រុម​​ស្រុក​កំពង់រោទិ៍ រក​បាន​ដោយ​កីឡាការិនី អុល សិឡេង។

នៅ​វេលា​ម៉ោង ១:៤៥​នាទី​រសៀល ក្រុម សសយក ស្រុក​រមាសហែក បានឈ្នះ ក្រុម​សសយក ស្រុក​ស្វាយទាប ដោយ​លទ្ធផល ៣-១។ ៣ គ្រាប់​របស់ ក្រុម​នារី​ស្រុក​រមាស​ហែក​រក​បាន​ដោយ​កីឡាការិនី អែត ស្រីនីត, យ៉ន ស្រីណង និង ម៉ៅ ស្រីទូច ខណៈ ១ គ្រាប់​របស់ ក្រុម​នារី​ស្រុក​ស្វាយទាប រក​បាន​ដោយ​កីឡាការិនី​ គុន សំណាង។

នៅ​វេលា​ម៉ោង ៣:៤៥​នាទី​រសៀល ថ្ងៃ​ដដែល​ ក្រុមនារី CRS Sport បាន​យក​ឈ្នះ​ក្រុម​នារី វិទ្យាល័យ​ព្រះ​ពន្លា ដោយ​លទ្ធផល ៣-១ ដែរ។ ៣គ្រាប់​របស់​ក្រុម​នារី CRS Sport រក​បាន​កីឡាការិនី កេន ម៉ាឡៃ ទាំង ៣ គ្រាប់​តែ​ម្តង​ ហើយ​បាន​ក្លាយ​ជាកីឡាការិនី​ដំបូង​គេ​រក​បាន​ហែតទ្រីក​ក្នុង​រដូវ​កាល​នេះ។ ចំណែក ១ គ្រាប់​របស់​ក្រុម​វិទ្យាល័យ ព្រះ​ពន្លា រក​បាន​ដោយ​កីឡាការិនី ធាន សុភ័ក្រ។

ឆ្លងកាត់​សប្តាហ៍​ទី១ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន៣ ពិន្ទុ ឈរ​លើ​កំពូលតារាង ខណៈ​ក្រុម​នារី​ សសយក ស្រុក​រមាស​ហែក និង CRS Sport ក៏​មាន ៣ ពិន្ទុ​ស្ថិត​នៅលេខ ២ និង លេខ ៣។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ ស្វាយរៀងខាប់នារី លើក​ទី​២ ឆ្នាំ ២០២៦​នេះ មាន​​ក្រុមបាល់ទាត់​នារី​ចំនួន​ ៧ ចូល​រួមប្រកួត​គឺ​  ក្រុមសសយក ស្រុករមាសហែក, ក្រុម CRS SPORT, ក្រុម សសយក ស្រុកកំពង់រោទិ៍, ក្រុម សសយក ស្រុកស្វាយទាប, ក្រុម​ព្រះខ័នរាជស្វាយរៀង, ក្ររុម​ ធូប្រាឌឺ បាវិត, និងក្រុម វិទ្យាល័យព្រះពន្លា។

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួតស្វាយរៀងខាប់ បាន​និង​កំពុង​រៀបចំ​កម្មវិធី​បាល់ទាត់​ជា​ច្រើន​​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន យុវនារី​​បង្ហាញ​សមត្ថភាព និង​ចាប់​យក​ក្តី​ស្រមៃ​ក្លាយ​ជា​កីឡាករ កីឡាការិនី​អាជីព​នា​ពេល​អនាគត។ កម្មវិធី​ប្រកួត​ជា​ច្រើន​មាន​ដូច​ជា ស្វាយរៀង​ខាប់ ស្វាយរៀង​ខាប់​អាយុ​១៣ឆ្នាំ ស្វាយរៀងខាប់​អាយុ​១៥​ឆ្នាំ ស្វាយរៀងខាប់​អាយុ១៨​ឆ្នាំ ស្វាយរៀងខាប់​ស៊ុប​ភើ​ខាប់ និង​ស្វាយរៀង​ខាប់​ផ្នែក​នារី៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម