Connect with us

សេដ្ឋកិច្ច

អាល្លឺម៉ង់ ប្ដេជ្ញាជំរុញការវិនិយោគមកកម្ពុជា

បានផុស

នៅ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ០៣ មិថុនា ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) ដឹកនាំដោយលោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់។

ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនទូទៅ។

ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជាតួអង្គសំខាន់មួយក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។

គណៈប្រតិភូសភាអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការពិភាក្សាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មកក្នុងស្មារតីភាតរភាពជុំវិញប្រធានបទយុទ្ធសាស្ត្រមួយចំនួន រួមមាន៖ ទិសដៅនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ, ការបន្សាំខ្លួនរបស់កម្ពុជានៅក្នុងបរិបទនៃការប្រែប្រួលសកល, ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យរដ្ឋ, និងយុទ្ធសាស្ត្រជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់រាជរដ្ឋាភិបាលកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា រួមមាន ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងកំណែទម្រង់មុតស្រួចនានា សំដៅបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់កម្ពុជា ជាពិសេសផែនការការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងសំខាន់ និងពង្រឹងភាពប្រកួតប្រជែងលើវិស័យភស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម