ព័ត៌មានជាតិ
ស្ត្រីជាភរិយាស្នើសុំអន្តរាគមន៍ ក្រោយប្តីត្រូវឃុំខ្លួនពាក់ព័ន្ធករណីរុករករ៉ែមាសខុសច្បាប់នៅមណ្ឌលគិរី
ស្ត្រីជាភរិយាឈ្មោះ ស្រី និច្ច អាយុ៣០ឆ្នាំ មានកូនក្នុងបន្ទុកអាយុជាង១ខួប បានអំពាវនាវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តមណ្ឌលគិរី ជួយពិនិត្យ និងសម្របសម្រួលករណីប្តីរបស់ខ្លួនដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការរុករករ៉ែមាសដោយគ្មានអាជ្ញាប័ណ្ណ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក។

បើតាមការលើកឡើងរបស់ស្ត្រីជាភរិយា ប្តីរបស់គាត់អាយុឈ្មោះ ភឹម ភា អាយុ៣២ឆ្នាំ បានចាកចេញពីផ្ទះរយៈពេលពីរថ្ងៃ ដើម្បីចូលព្រៃស្វែងរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ មុនពេលទទួលដំណឹងថាត្រូវបានមន្ត្រីបរិស្ថានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ អ្នកស្រីអះអាងថា គ្រួសាររបស់ខ្លួនមានជីវភាពខ្វះខាត ពឹងផ្អែកលើការធ្វើស្រែ និងគ្មានប្រភពចំណូលស្ថិរភាពផ្សេងទៀត។

អ្នកស្រីបានបញ្ជាក់ថា នេះជាលើកទី២ហើយដែលប្តីរបស់ខ្លួនចូលព្រៃរកមាស។ លើកទី១ គាត់បានត្រឡប់មកវិញជាមួយប្រាក់ចំណូលប្រមាណ ២០ ម៉ឺនរៀល ខណៈលើកទី២ ចូលព្រៃបានត្រឹមពីរថ្ងៃ ក៏ស្រាប់តែទទួលដំណឹងថាប្តីរបស់ខ្លួនត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ អ្នកស្រីបន្តថា ក្រោយការឃុំខ្លួនប្តី គ្រួសារកាន់តែជួបការលំបាក ព្រោះប្តីជាមេគ្រួសារ និងជាអ្នករកចំណូលសំខាន់សម្រាប់ម្តាយចាស់ ប្រពន្ធ និងកូនតូច។

បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៥៩ នាទី លោក ហាស វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំ មន្ត្រីឧទ្យានុរក្ស ធ្វើការចុះល្បាត អង្កេត ត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាប បទល្មើសធនធាន ធម្មជាតិ ករណីការរុករករ៉ែដោយគ្មានលិខិតអនុញ្ញាត នៅចំណុចលូងឈូង ស្ថិតនៅភូមិ ស្រែហ៊ុយឃុំស្រែហ៊ុយ ស្រុកកោះញ៉ែកបានចាប់ឃាត់ជនសង្ស័យអាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ អូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញ៉ែក ដែលបានធ្វើសកម្មភាព កាប់គាស់កកាយ និងដឹកជញ្ជូនដីដើម្បីរ៉ែងរកមាសដោយខុសច្បាប់។ ក្រៅពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម៉ូតូគ្មានស្លាកលេខមួយគ្រឿងមករក្សាទុកដើម្បីធ្វើបន្តទៅតាមនីតិវិធី។

ដោយមានការសម្រកសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្ត រួមទាំងពិនិត្យអង្គហេតុ អង្គច្បាប់ ភស្ដុតាង និងធ្វើការស្ដាប់ចម្លើយជនសង្ស័យរួចមកមន្រ្តី នគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ចៅក្រមសើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រចឱ្យឃុំខ្លួន ជនសង្ស័យខាងលើ តាមដីការបង្គាប់ឱ្យឃុំខ្លួនពីបទ ការរុករករ៉ែដោយគ្មានលិខិតអនុញ្ញាត ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងត្រូវផ្តន្ទាទោស។

ជុំវិញករណីនេះ ភាគីគ្រួសារស្នើសុំការអនុគ្រោះដោយសារស្ថានភាពជីវភាព ខណៈអាជ្ញាធរបរិស្ថានអះអាងថា ការចាត់វិធានការនេះធ្វើឡើងស្របតាមច្បាប់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការរុករករ៉ែខុសច្បាប់ក្នុងតំបន់ការពារ។

ជុំវិញសំណុំរឿងនេះ លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ប្រាប់កម្ពុជាថ្មីថា លោកមិនទាន់បានដឹងរឿងនេះទេ ខណៈមានធុរៈនៅភ្នំពេញ។ ប៉ុន្តែលោកអះអាងថា នឹងពិនិត្យមើលសំណុំរឿងនេះ ពេលទៅដល់កន្លែងធ្វើការវិញ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


