ព័ត៌មានអន្ដរជាតិ
វិបត្តិជំងឺអេបូឡា វាយលុកកុងហ្គោ ឯនៅកេនយ៉ា ក៏កើតចលាចល
វិបត្តិជំងឺអេបូឡា កំពុងរីករាលដាលក្នុងទ្វីបអាហ្វ្រិក ដែលមិនមែនត្រឹមនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាចំណុចកណ្តាលនៃការផ្ទុះឆ្លងប៉ុណ្ណោះទេ ប៉ុន្តែក្តីបារម្ភក៏កើតមានក្នុងប្រទេសអ៊ូហ្គង់ដា ខណៈនៅកេនយ៉ា ឯណោះ ក៏កំពុងចលាចលដែរ។

ដ្បិតមានការណែនាំ និងផ្សព្វផ្សាយយ៉ាងជាប់លាប់ អំពីវិធានការទប់ស្កាត់ជំងឺអេបូឡា ក៏ដោយ ប៉ុន្តែប្រជាជនកុងហ្គោ មួយចំនួន នៅតែមិនជឿ ហើយមិនខ្វល់ពីការការពារខ្លួន។ ករណីចំនួន២ ដែលកើតឡើងកាលពីសប្តាហ៍ ពលរដ្ឋកុងហ្គោ បាននាំគ្នាទៅធ្វើបាតុកម្ម ឈានដល់ប៉ះទង្គិចជាមួយប៉ូលិស ដោយសារតែសាច់ញាតិ នៃអ្នកជំងឺដែលស្លាប់ បានលើកគ្នាទៅតវ៉ា ចំពោះការដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យយកសព ទៅបញ្ចុះ។ ភាពចលាចលបានផ្ទុះឡើង នៅពេលបាតុករ ប៉ះទង្គិចជាមួយប៉ូលិស ឈានដល់ការប្រើអាវុធ ទៀតផង។
ករណីមួយទៀត នៅថ្ងៃទី២៧ ខែឧសភា, ប្រជាជនកុងហ្គោ រាប់រយនាក់ នៅតំបន់ផ្សេងៗ បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យសាសនាឥស្លាម Eid al-Adha ទាំងកំពុងផ្ទុះជំងឺ អេបូឡា ខ្លាំង។

នៅតំបន់ Bunia អ្នកប្រតិប័ទសាសនាឥស្លាម ខ្ទង់រយនាក់ បានជួបជុំគ្នាធ្វើពិធីថ្វាយបង្គំ ពេលព្រឹក ទាំងមិនអនុវត្តតាមវិធានការបង្ការជំងឺ អេបូឡា។
ទោះមានការប្រកូកប្រកាស និងអំពាវនាវម្តងហើយម្តងទៀត ឲ្យរក្សាអនាម័យ និងគោរពតាមវិធានការទប់ស្កាត់ការឆ្លងរាលដាល, មនុស្សភាគច្រើនដែលចូលរួម ត្រូវគេមើលឃើញថា គឺមិនមានពាក់ម៉ាស ហើយក៏មិនបានរក្សាគម្លាតដែរ ដែលសកម្មភាពទាំងនេះ បង្កជាក្តីបារម្ភថ្មីបន្ថែមទៀត ពីសំណាក់អាជ្ញាធរសុខាភិបាល ជុំវិញការឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរលើសដើម។

បើងាកទៅមើលនៅកេនយ៉ា វិញ! ទោះប្រទេសនេះ មិនទាន់មានការផ្ទុះជំងឺអេបូឡា ប៉ុន្តែភាពចលាចល បានកើតឡើងទៅហើយ ពាក់ព័ន្ធនឹង គម្រោងសាងសង់មជ្ឈមណ្ឌលចត្តាឡីស័ក សម្រាប់ជនជាតិអាមេរិក ដែលត្រូវបានបញ្ជូនមកពីតំបន់ផ្ទុះជំងឺនៅទ្វីបអាហ្វ្រិក។
ដើមចម គឺបណ្តាលមកពីរដ្ឋបាលអាមេរិក សម្រេចចិត្តរៀបចំមជ្ឈមណ្ឌល ៥០ គ្រែនៅមូលដ្ឋានទ័ពអាកាស Laikipia ក្នុងទីក្រុង Nanyuki ដើម្បីដាក់ឲ្យជនជាតិអាមេរិក ដែលប៉ះពាល់ជាមួយជំងឺអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា ស្នាក់នៅ និងតាមដានសុខភាព ជំនួសការបញ្ជូនពួកគេ ត្រឡប់ទៅអាមេរិកវិញ។

ប្រជាជនកេនយ៉ា នាំគ្នាចេញធ្វើបាតុកម្មយ៉ាងខ្លាំង ដោយសារពួកគេបារម្ភថា គម្រោងនេះនឹងនាំមេរោគចូលមកក្នុងសហគមន៍។ ពួកគេយល់ថា ប្រព័ន្ធសុខាភិបាលកេនយ៉ា មានភាពផុយស្រួយ និងមិនអាចគ្រប់គ្រងជំងឺដ៏កាចសាហាវនេះបានទេ ប្រសិនបើមានការលេចធ្លាយការឆ្លងមែន។
បាតុកម្មនៅទីក្រុង Nanyuki បានឈានដល់ការប៉ះទង្គិចគ្នា ហើយបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៤នាក់ ដោយសារការបាញ់ប្រហារ ពីសំណាក់កងកម្លាំងសន្តិសុខ។

គិតត្រឹមថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ កុងហ្គោ បានបញ្ចេញតួលេខថា ករណីឆ្លងជំងឺអេបូឡា ដែលបញ្ជាក់ជាផ្លូវការ គឺមានចំនួន ៣២១ករណី ខណៈមនុស្សស្លាប់ មានចំនួន ៤៨នាក់។
ក្នុងសេចក្តីប្រកាសរបស់ក្រសួង ករណីឆ្លងទាំងអស់ គឺស្ថិតនៅក្នុងខេត្តចំនួន៣ ដូចជា Ituri, North Kivu និង South Kivu ប៉ុន្តែ Ituri គឺជាកន្លែង មានករណីឆ្លងរាលដាលខ្លាំងជាងគេ ពោលគឺត្រឹមមួយខេត្តនេះ មានមនុស្សឆ្លងជំងឺ អេបូឡា រហូតដល់ទៅ ២៦៤នាក់ ទៅហើយ។
សូមជម្រាបថា ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ នាពេលបច្ចុប្បន្ន គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


