Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល-លីបង់​ ព្រមព្រៀង​អនុវត្ត​បទឈប់បាញ់​ ដែល​សម្របសម្រួលដោយ អាមេរិក

បានផុស

នៅ

ពេលនេះ អ៊ីស្រាអែលនិងលីបង់ បានព្រមព្រៀងគ្នាហើយ ក្នុងការអនុវត្តបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

(រូប៖ Reuters)

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោយការចរចាអូសបន្លាយពេលជិត ៩ ម៉ោង, ភាគីទាំងពីរ បានឯកភាពគ្នាហើយ ប៉ុន្តែយ៉ាងណា ក្នុងបទឈប់បាញ់នោះ ក៏មានចែងលក្ខខណ្ឌធំមួយផងដែរថា ក្រុមហេសបូឡា ត្រូវបញ្ឈប់ការវាយប្រហារទាំងស្រុង ហើយដកកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីភាគខាងត្បូង ប្រទេសលីបង់។

ទោះបែបនេះ មន្ត្រីអ៊ីស្រាអែល និងលីបង់ នឹងត្រូវជួបប្រជុំគ្នាមួយលើកទៀត នៅថ្ងៃទី២២ ខែមិថុនា ដើម្បីស្វែងរកផ្លូវ ឆ្ពោះទៅកាន់ការសម្រេចបានកិច្ចព្រមព្រៀង សន្តិភាព ឲ្យកាន់តែទូលំទូលាយ ហើយសហរដ្ឋអាមេរិក ក៏យល់ព្រមបន្តជួយសម្របសម្រួលការទំនាក់ទំនង រវាងភាគីទាំងពីរដែរ នៅក្នុងដំណាក់កាលអន្តរកាលនេះ។

(រូប៖ Reuters)

រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រកាសជាសាធារណៈថា អ៊ីស្រាអែល យល់ព្រមផ្អាកផែនការ វាយប្រហារលើក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អ៊ីរ៉ង់ហើយ។

ការប្រកាសរបស់មេដឹកនាំអាមេរិក នោះទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យមានការទម្លាក់គ្រាប់បែកថ្មីៗ ទៅលើតំបន់ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានីបេរូត។

(រូប៖ Reuters)

សូមជម្រាបថា ជម្លោះ អ៊ីស្រាអែល-ហេសបូឡា បានអូសបន្លាយ និងផ្ទុះឡើងជាថ្មី តាំងពីដើមខែមីនាមកម្ល៉េះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ មានមូលដ្ឋាននៅប្រទេសលីបង់ បើកការវាយប្រហារ ដើម្បីគាំទ្រប្រទេសអ៊ីរ៉ង់។

សង្គ្រាមដ៏រាំរ៉ៃនេះ បណ្តាលឲ្យប្រជាពលរដ្ឋលីបង់ជាង ១លាននាក់ ត្រូវជម្លៀសខ្លួន និងបាត់បង់ជីវិតអស់ជាង ៣ ៤០០​នាក់ ខណៈខាងភាគីអ៊ីស្រាអែលឯណោះ ក៏មានទាហាន និងប្រជាពលរដ្ឋ​បាត់បង់ជីវិតជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម