Connect with us

ព័ត៌មានជាតិ

សម្តេច​ធិបតី​៖ ​ទម្លាប់​ខ្ញុំ​វាយ​តម្លៃ​ការងារ​ផ្អែក​លើ​លទ្ធផល​ជាក់ស្តែង មិន​មើល​តែ​របាយការណ៍​ល្អៗ​ពី​ថ្នាក់​ក្រោម​នោះទេ

បានផុស

នៅ

សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ពីទម្លាប់ក្នុង​ការ​វាយតម្លៃ​លទ្ធផល​ការងារ​ ខណៈ​ការ​ដាក់ចេញផែនការ​របស់លោក​ ត្រូវ​​ពិនិត្យ​លើការ​អនុវត្ត​ជាក់ស្ដែង ដោយ​មិន​​មើល​តែ​របាយការណ៍​ល្អៗ​ផ្ញើ​ពី​ថ្នាក់​ក្រោម​នោះ​ទេ។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការ​អភិវឌ្ឍ​នៅ​តំបន់​ខ្នង​ផ្សារ ក៏​ដូចជា​តំបន់​ទឹកពុះ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មាន​ការ​អម​ដំណើរ​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ផង​នោះ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្ទាល់​ដោយ​មិន​ព្រាង​ទុក​នេះ គោលបំណង​ដើម្បី​តាមដាន​ត្រួតពិនិត្យ​​ទៅ​លើ​ផែនការ​អភិវឌ្ឍន៍​​ដោយ​ផ្ទាល់​ភ្នែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ក្នុងពិធី “សម្ពោធអគារកម្ពស់ ៣ ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា” កាលពីម្សិលមិញនេះ សម្តេច​ធិបតី​បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា «ទម្លាប់​ខ្ញុំ បើ​ខ្ញុំ​ដាក់​ផែនការ​លើ​កិច្ចការ​អ្វី​មួយ​គឺ​ខ្ញុំ​ទៅ​មើល​ អត់​ស្តាប់​តែ​របាយការណ៍​ល្អៗ​នោះ​ទេ។ ខ្ញុំ​មិន​ធ្វើ​គ្រប់​ទេ គឺ​យក​គោលដៅ​មួយ​ចំនួន»។

​សម្តេច​បន្តថា​ នៅ​ក្នុង​ដំណើរចុះ​ពិនិត្យ​នោះ សម្តេច​ក៏​បាន​ជួប​ជាមួយ​ប្រធាន​សហគមន៍ ដើម្បី​ស្វែងយល់​ពី​តម្រូវ​ការ​ជាក់ស្តែង និង​បាន​ដាក់​គោលការណ៍​ទៅ​ថ្នាក់​ដឹក​នាំ​ពាក់ព័ន្ធ​ ដើម្បី​រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ឱ្យ​ក្លាយ​ជា​សហគមន៍​គំរូ។

នៅក្នុង​ដំណើរ​ចុះពិនិត្យដោយផ្ទាល់ សម្តេចនាយករដ្ឋមន្រ្តី​ក៏​​មើលឃើញ​ពី​ការ​ផ្លាស់ប្តូរ​ដ៏​វិជ្ជមាន​របស់​ប្រជាពលរដ្ឋក្នុង​​មូលដ្ឋាន ដែល​ពីមុន​ធ្លាប់តែ​ពឹង​ផ្អែក​លើ​ការ​ចូល​ព្រៃ​កាប់ឈើ និង​រក​អនុផល​ព្រៃឈើ។ តែ​នៅ​ពេល​មាន​ទេសចរណ៍ ប្រជាពលរដ្ឋ បាន​ងាក​មក​រក​ចំណូល តាមរយៈ​ការបម្រើ​សេវាកម្ម​ទេសចរណ៍​វិញ ដូចជា​ការធ្វើម្ហូប និង​ធ្វើជា​អ្នក​ជូន​ភ្ញៀវ​ដើរព្រៃ​ជាដើម។

ដោយ​មើល​ឃើញ​ថា តំបន់នេះ​មានសក្តានុពល​ទេសចរណ៍​ធំធេង និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្តី​បារម្ភ​របស់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ បាន​ធ្វើការដក​និង​កែសម្រួល​អាជ្ញាប័ណ្ណ​វិនិយោគ​ឯកជន​មួយ​ចំនួន​នៅ​ទីនោះ។

សម្តេច​ធិបតីបានបញ្ជាក់​ថា ការ​កែសម្រួល​នេះ​គឺ​ដើម្បី​ធានា​ថាកា​រវិនិយោគ​ឯកជន​ នឹង​ត្រូវ​រៀប​ចំ​នៅ​ទីតាំង​ដែល​អាច​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​មិនត្រូវ​ទៅដណ្តើមឬធ្វើ​ឱ្យ​ប្រជា​សហគមន៍​បាត់​បង់​មុខរបរ​នោះទេ ពោល​គឺ​ត្រូវ​តែ​ធានា​រក្សា​អាជីព និង​ប្រភព​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជា​ដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម