ព័ត៌មានអន្ដរជាតិ
គុយវ៉ែត បណ្ដេញអ្នកការទូតអ៊ីរ៉ង់ពីប្រទេស ក្រោយរងការវាយប្រហារដោយមីស៊ីល និងដ្រូន
ក្រសួងការបរទេសគុយវ៉ែត បានប្រកាសបណ្ដេញមន្ត្រីទូតអ៊ីរ៉ង់ចំនួនពីររូបចេញពីប្រទេស ដោយបញ្ជាឱ្យចាកចេញជាបន្ទាន់ ក្នុងរយៈពេល ២៤ម៉ោង ព្រមទាំងបង្គាប់ឱ្យកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតអ៊ីរ៉ង់ផងដែរ។

តាមសារព័ត៌មាន The New Region ចុះផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ វិធានការណ៍ដ៏ក្ដៅគគុកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសអ៊ីរ៉ង់ទៅលើទឹកដីគុយវ៉ែត។ កាលពីថ្ងៃពុធ មីស៊ីលបាលិស្ទីក និងដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់សំដៅទៅកាន់ប្រទេសគុយវ៉ែត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយបកគ្នាយ៉ាងសាហាវរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងតំបន់។
ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការកើនឡើងកម្ដៅជម្លោះទ្រង់ទ្រាយធំ ដែលនៅក្នុងនោះ កងទ័ពអ៊ីរ៉ង់ និងអាមេរិក បានបើកការវាយប្រហារតបតគ្នាទៅវិញទៅមកពាសពេញតំបន់មជ្ឈិមបូព៌ា ដោយភាគីទាំងសងខាងសុទ្ធតែបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការបើកឆាកប្រយុទ្ធមុន។ ក្រោយមក ទីក្រុងតេហេរ៉ង់ បានចោទប្រកាន់ប្រទេសគុយវ៉ែត និងបារ៉ែន ថាជាអ្នកផ្ដល់ទីតាំងឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីវាយប្រហារលើអ៊ីរ៉ង់ ព្រមទាំងបានព្រមានសងសឹកថែមទៀតផង។
ឆ្លើយតបនឹងស្ថានការណ៍ដ៏តានតឹងនេះ អនុរដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Hamad Sulaiman al-Mashaan បានកោះហៅទូតស្ដីទីរបស់អ៊ីរ៉ង់ប្រចាំគុយវ៉ែត ដើម្បីប្រគល់លិខិតតវ៉ាផ្លូវការប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ព្រមទាំងជូនដំណឹងពីការសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកស្ថានទូត និងបណ្ដេញមន្ត្រីទូតអ៊ីរ៉ង់ពីររូប ឱ្យចាកចេញពីទឹកដីគុយវ៉ែតក្នុងរយៈពេលយ៉ាងយូរ ២៤ម៉ោង។ ក្រសួងការបរទេសគុយវ៉ែត បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបន្តវាយប្រហារយ៉ាងសាហាវព្រៃផ្សៃដោយប្រើមីស៊ីល និងដ្រូន។
ការវាយប្រហារលើទឹកដីគុយវ៉ែតនេះ បានដៅគោលដៅលើតំបន់ស៊ីវិល និងទីតាំងសំខាន់ៗ រួមទាំងព្រលានយន្តហោះអន្តរជាតិគុយវ៉ែតផងដែរ ដែលបណ្តាលឱ្យជនបរទេសសញ្ជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ យោធាគុយវ៉ែត បានអះអាងថា កងកម្លាំងរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីលបាលិស្ទីករបស់សត្រូវចំនួន ១៣គ្រាប់ និងដ្រូនចំនួន ១៧គ្រឿង។ ជាមួយគ្នានោះ ក្រសួងការបរទេសគុយវ៉ែត បានច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា គុយវ៉ែតមិនដែលអនុញ្ញាតឱ្យគេប្រើប្រាស់ទឹកដី ឬលំហអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយការចោទប្រកាន់របស់អ៊ីរ៉ង់ គឺគ្មានការពិត និងគ្មានភស្តុតាងទាល់តែសោះ ដោយគុយវ៉ែតមានសិទ្ធិពេញលេញ និងស្របច្បាប់ក្នុងការការពារខ្លួនឯង៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


