Connect with us

ព័ត៌មានជាតិ

ពីវេទិកាប្រទេសចិន អនុប្រធានព្រឹទ្ធសភាកម្ពុជា រំពឹងលើភាគីចិនថាអាចជួយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅឯវេទិកានៃសន្និសីទចិនសាស្រ្តពិភពលោក លើកទី៣ ក្នុងទីក្រុងប្រវត្តិសាស្ត្រ ទុន ហ័ង។ ពីវេទិកានេះ លោក បានបង្ហាញក្ដីរំពឹងលើភាគីចិន ថា នឹងអាចជួយបញ្ចប់ជម្លោះនេះ តាមរយៈយន្តការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ខណៈថៃកំពុងកាន់កាប់ដោយខុសច្បាប់លើទឹកដីរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថារបស់លោក ធន់ វឌ្ឍនា បានគូសបញ្ជាក់ពីការគាំទ្រចំពោះការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងការសន្ទនា ជាជាងការប្រើកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នា។

នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ចិន និងឥស្សរជនអន្តរជាតិល្បីៗ លោកបានរាយការណ៍ពីស្ថានភាពនៃជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ជាពិសេសសកម្មភាពឈ្លានពានរបស់យោធាថៃ ក្នុងការដណ្តើមកម្មសិទ្ធលើប្រាសាទខ្មែរនៅតាមព្រំដែន ដែលមកដល់ពេលនេះ ថៃកំពុងកាន់កាប់ដោយខុសច្បាប់លើទឹកដី និងប្រាសាទបុរាណដែលជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា។  

ខណៈបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយរវាងភាគីទាំងពីរ លោកអនុប្រធានព្រឹទ្ធសភាកម្ពុជា សង្ឃឹមថា ជម្លោះនេះនឹងត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការសម្របសម្រួលពីភាគីទីបី ដោយតួយ៉ាងលោកបានលើកពីតួនាទីរបស់ចិន ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃផ្សេងទៀតក្នុងការចូលរួមសម្របសម្រួលក្នុងជម្លោះនេះ។

លោក ធន់ វឌ្ឍនា បានសង្កត់ធ្ងន់ដល់បណ្ដាប្រទេសទាំងអស់ដើរតួនាទីជាអ្នកការទូត ជាស្ពានមិត្តភាព និងផ្តល់សំឡេងគាំទ្រសម្រាប់ភាពត្រឹមត្រូវ យុត្តិធម៌ និងសន្តិភាពយូរអង្វែង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម