Connect with us

ព័ត៌មានអន្ដរជាតិ

គម្រោងយន្តហោះចម្បាំងដ៏​ធំ​បំផុត​របស់​ បារាំង-អាល្លឺម៉ង់ រលាយដូច​អំបិលត្រូវទឹក ព្រោះ​មិន​ចុះ​សម្រុង​គ្នា

បានផុស

នៅ

មហិច្ឆតាការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុប បានទទួល​បរាជ័យយ៉ាងអាម៉ាស់ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមព្រៀងគ្នាបំផ្លាញចោលនូវគម្រោងប្រវត្តិសាស្ត្រ ក្នុងការរួមគ្នាផលិតយន្តហោះចម្បាំងជំនាន់ថ្មី។

រូបភាព Render នៃ​គម្រោង​ Future Combat Air System (FCAS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​នា​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ សារព័ត៌មាន CNN បានឱ្យដឹងថា ការសម្រេចចិត្ត​លុបចោល​ទាំងបង្ខំនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបជជែកគ្នាយ៉ាងតានតឹងនៅក្រៅជំនួបកំពូល EU-Western Balkans ក្នុងប្រទេសម៉ុងតេណេហ្គ្រោ កាលពីសប្តាហ៍មុន ហើយបានសន្និដ្ឋានថា គ្មានផ្លូវណាអាចដោះស្រាយភាពទាល់ច្រក និងការដណ្តើមឥទ្ធិពលគ្នារវាងក្រុមហ៊ុនផលិតអាវុធយក្សរបស់ប្រទេសទាំងពីរបានឡើយ។

គម្រោងផលិតយន្តហោះចម្បាំងដែលមានតម្លៃរហូតដល់ទៅ ១០០ពាន់​លានអឺរ៉ូ (ប្រហែល ១១៦ពាន់​លានដុល្លារអាមេរិក) ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៧ ដោយលោក Macron និងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដើម្បីពង្រឹងកម្លាំងយោធាអឺរ៉ុប។ ប៉ុន្តែ អ្វីៗត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារតែក្រុមហ៊ុន Airbus របស់ខាងភាគីអាល្លឺម៉ង់ (រួមទាំងអេស្ប៉ាញ) និងក្រុមហ៊ុន Dassault Aviation របស់បារាំង មិនព្រមចុះសម្រុងគ្នា ក្នុងការបែងចែកកម្មសិទ្ធិបញ្ញា និងសិទ្ធិគ្រប់គ្រងសង្វាក់ផលិតកម្ម។ ជាងនេះទៅទៀត លោក Friedrich Merz បានបង្ហាញការសង្ស័យថា តើអាល្លឺម៉ង់ពិតជាត្រូវការយន្តហោះចម្បាំងទំនើប ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងអាចចុះចតលើនាវាផ្ទុកយន្តហោះ ដែលត្រូវនឹងតម្រូវការរបស់បារាំង នោះមែនដែរឬទេ។

លោក Macron និង​លោក Merz (រូបថត៖ REUTERS)

ការដួលរលំនៃសសរទ្រូងយោធាអឺរ៉ុបលើកនេះ បានកើតឡើង ចំពេលដែលពិភពលោក កំពុងឡើងកម្តៅខ្លាំង ដោយសារតែមន្ត្រីយោធាលោកខាងលិច កំពុងព្រមានពីការគំរាមកំហែងកាន់តែធំពីប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិក ក៏កំពុងជំរុញ​ឱ្យអឺរ៉ុបប្រញាប់ប្រញាល់បំពាក់អាវុធឱ្យខ្លួនឯងឡើងវិញផងដែរ។ អ្នកជំនាញការពារជាតិ បានលើកឡើងថា នេះគឺជាការផ្ញើសារដ៏អាក្រក់បំផុតទៅកាន់ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលបង្ហាញពីភាពទន់ជ្រាយ និងភាពមិនចុះសម្រុងគ្នា ក្នុងការស្តារកម្លាំងយោធារបស់អឺរ៉ុប ក្រោយពីបានបណ្តោយឱ្យស្ពឹកស្រពន់អស់ជាច្រើនទសវត្សរ៍មកហើយ។

ដើម្បីកុំឱ្យបាក់មុខខ្លាំងពេកនៅលើឆាកអន្តរជាតិ ភាគីទាំងពីរ កំពុងតែរៀបចំដំណោះស្រាយមួយ ដោយពួកគេនឹងបន្តរួមគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាការពារជាតិផ្សេងៗទៀត ដូចជា ប្រព័ន្ធបណ្តាញបញ្ជាការសម្ងាត់ (Combat Cloud) និងដ្រូនជំនួយ ក្រោមឈ្មោះរួមដដែលគឺ Future Combat Air System (FCAS) ប៉ុន្តែសម្រាប់ «យន្តហោះចម្បាំង» ដែលជាបេះដូងនៃគម្រោង គឺត្រូវលុបចោលទាំងស្រុង។

សូម​ជម្រាប​ថា ការប្រេះឆានេះ បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលកាលនោះបារាំង ក៏បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងផលិតយន្តហោះ Eurofighter របស់អឺរ៉ុប ដោយសារតែរឿងទាស់ទែងគ្នាបែបនេះដូចគ្នា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម