Connect with us

ព័ត៌មានអន្ដរជាតិ

​មន្ត្រីអាមេរិកទម្លាយថា កងទ័ពអាមេរិក ជួយ​​អ៊ីស្រាអែល បាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់

បានផុស

នៅ

សារព័ត៌មាន Al Arabiya English ​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត​ បាន​​ផ្សាយ​​នៅ​ថ្ងៃទី៨ ខែមិថុនា ថា កងទ័ព​អាមេរិកបានចូលរួមជួយការពារប្រទេសអ៊ីស្រាអែលពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់​នៅ​ព្រឹកថ្ងៃ​ចន្ទ​កន្លង​ទៅ​​ ដោយបានព្យាយាមស្ទាក់ចាប់បំផ្លាញមីស៊ីលបាលីស្ទិកមួយចំនួន ដែលបាញ់ចេញពីទីក្រុង​តេហេរ៉ង់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា ការវាយតម្លៃបឋមកំពុងតែបន្តធ្វើឡើងក៏ដោយ ប៉ុន្តែក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ​ បានបញ្ជាក់ថា គេជឿជាក់ថា កងកម្លាំងអាមេរិកបានស្ទាក់ចាប់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់​ដោយជោគជ័យ ក្នុងកំឡុងពេលមានការវាយប្រហារ​របស់​អ៊ីរ៉ង់​នោះ។

ក្រុមមន្ត្រីអាមេរិក​ បានបន្តថា ​​ឧបករណ៍​​យោធាអាមេរិកទាំងនៅលើដីគោក និងនៅលើទឹក បានចូលរួមនៅក្នុងប្រតិបត្តិការនេះ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយការពារអ៊ីស្រាអែល ពីការគំរាមកំហែងនៅក្នុងតំបន់។

បច្ចុប្បន្ន មានកងទ័ពអាមេរិករាប់រយនាក់កំពុងឈរជើងនៅអ៊ីស្រាអែល ដោយអ្នកខ្លះគឺជាផ្នែកមួយនៃយន្តការពហុជាតិដែលបង្កើតឡើងដើម្បីឃ្លាំមើលបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ខណៈដែលកងទ័ពមួយចំនួនទៀតកំពុងជួយគាំទ្រដល់ប្រតិបត្តិការការពារផ្លូវអាកាស និងមីស៊ីល។

មន្ត្រីយោធា និងអ្នកជំនាញ កំពុងតែបន្តវាយតម្លៃលើប្រសិទ្ធភាពនៃការរួមចំណែករបស់អាមេរិកនៅក្នុងប្រតិបត្តិការចុងក្រោយនេះ។ កងទ័ពអ៊ីស្រាអែល បានអះអាងថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រហែល ៣០ គ្រាប់ ក្នុងកំឡុងពេលវាយប្រហារនោះ ខណៈដែលក្រុមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន ក៏បានបាញ់មីស៊ីលបន្ថែមចំនួន ២ គ្រាប់ទៀតតម្រង់ទៅកាន់អ៊ីស្រាអែលផងដែរ។

ដោយឡែក កាលពីខែមេសា ឆ្នាំ២០២៤ កងកម្លាំងអាមេរិកបានដើរតួយ៉ាងសំខាន់ក្នុងការជួយស្ទាក់ចាប់មីស៊ីល និងដ្រូនជាង ៣០០ គ្រឿង ដែលបាញ់ដោយអ៊ីរ៉ង់មកលើអ៊ីស្រាអែល ដែលកាលណោះ ជាការវាយប្រហារដោយផ្ទាល់លើកដំបូងបង្អស់របស់ទីក្រុងតេហេរ៉ង់ លើទឹកដីអ៊ីស្រាអែល។ យន្តហោះចម្បាំង នាវាជើងទឹក និងប្រព័ន្ធការពារផ្លូវអាកាសរបស់អាមេរិក ត្រូវបានដាក់ពង្រាយទន្ទឹមគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត ដើម្បីបាញ់ទម្លាក់គ្រាប់ប្លោងស្ទើរតែទាំងអស់ មុនពេលពួកវាហោះទៅដល់គោលដៅ។

នៅចុងឆ្នាំដដែលនោះ កម្លាំងទ័ពអាមេរិកបានជួយអ៊ីស្រាអែលម្តងទៀត ក្នុងការការពារប្រឆាំងនឹងការបាញ់ស្រោចមីស៊ីលរបស់អ៊ីរ៉ង់ ដោយមាននាវាបំផ្លាញចម្បាំងរបស់អាមេរិកនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត និងសម្ភារយោធាផ្សេងទៀតនៅក្នុងតំបន់ បានជួយតាមដាន និងស្ទាក់ចាប់ការគំរាមកំហែងទាំងនោះ។

គួរជម្រាបដែរថា អាមេរិកបានរក្សាវត្តមានយោធាយ៉ាងច្រើននៅទូទាំងមជ្ឈិមបូព៌ា រួមមានប្រព័ន្ធការពារផ្លូវអាកាសកម្រិតខ្ពស់, យន្តហោះចម្បាំង, នាវាជើងទឹក និងកងទ័ពជាង ៥ម៉ឺននាក់ដែលកំពុងឈរជើងពាសពេញតំបន់។ មន្ត្រីអាមេរិកបាននិយាយម្តងហើយម្តងទៀតថា កងកម្លាំងទាំងនោះត្រូវបានដាក់ពង្រាយដើម្បីការពារបុគ្គលិក និងផលប្រយោជន៍របស់អាមេរិកផង និងដើម្បីគាំទ្រដល់ដៃគូក្នុងតំបន់ដែលប្រឈមនឹងការគំរាមកំហែងពីមីស៊ីល និងដ្រូនផង។ យ៉ាងណា ទីស្នាក់ការកណ្តាលមន្ទីរបញ្ចកោណ មិនទាន់បានបញ្ចេញរបាយការណ៍លម្អិតអំពីគ្រឿងសព្វាវុធ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការកាលពីដើមសប្តាហ៍នេះនៅឡើយទេ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម