ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ៖ បច្ចុប្បន្ន ការងារ និងសាលារៀនរត់រកបងប្អូនដល់ផ្ទះ ចុះឈ្មោះសម្ភាសហើយទទួលបានការងារភ្លាមៗ

សៀមរាប ៖ ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅបរិវេណសាលាស្រុកជីក្រែង ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។

ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ មានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។

នាពេលនេះ ក្រសួងបាននាំយកឱកាសការងារជាង ៣ ពាន់កន្លែងពីក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស មកផ្សព្វផ្សាយជូនដល់មូលដ្ឋាន ដើម្បីបងប្អូនអាចធ្វើការចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល វេទិកាដ៏សំខាន់នេះជួយសន្សំទាំងពេលវេលា និងថវិកាសម្រាប់បងប្អូន មិនឱ្យលំបាកដើររកការងារធ្វើដោយខ្លួនឯងដូចកាលពីពេលមុននោះឡើយ។

ជាមួយនឹងការគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងខិតខំប្រឹងប្រែងរកការងារជូនបងប្អូន ផ្ដល់នូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ផងនោះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនបងប្អូនថា ការងារក្នុងស្រុកគឺសម្បូរបែបណាស់ ហើយនាំយកមកជូនដល់មូលដ្ឋានទៀតនាពេលបច្ចុប្បន្ននេះ ដែលជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនកសាងជីវភាពនៅក្នុងស្រុកកំណើត និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នាឱកាសនោះ លោកបានធ្វើការប្រៀបធៀបពីការងារក្នុងស្រុក និងការងារចំណាកស្រុកទៅប្រទេសថៃ ដោយបញ្ជាក់ថា ការងារចំណាកស្រុកប្រឈមនឹងហានិភ័យជាច្រើន ដូចជា៖ បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ ជាពិសេសបន្ទាប់ពីមានសង្រ្គាមឈ្លានពានទឹកដី។ ចំពោះការងារក្នុងស្រុកវិញ ផ្ដល់ទាំងសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍ជាច្រើនដល់បងប្អូន ជាពិសេសពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនិវត្តន៍។ ប្រសិនបើបងប្អូនមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យចុះឈ្មោះជាមួយនឹងក្រុមហ៊ុនស្របច្បាប់នៅទីនេះស្រាប់ ដែលផ្ដល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការក៏បានជម្រាបជូនដែរថា ក្រសួងការងារក៏បានបង្កើតសាលារៀនបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងខេត្តសៀមរាបផងដែរ ហើយតាមរយៈកម្មវិធី TVET ១,៥លាន បងប្អូនអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ចំពោះព័ត៌មានបន្ថែម សូមបងប្អូនទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ដែលក្រសួងកំពុងផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនេះ មានការចូលរួមដោយផ្ទាល់ពីរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រខាសវ៉ែល អឹភើរឹល, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន វង្ស វឌ្ឍនៈ មេនផៅវ័រ ឯ.ក៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


