Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាត្រៀមបើកសម័យប្រជុំពេញអង្គដើម្បីពិនិត្យហើយឱ្យយោបល់លើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

បានផុស

នៅ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនាស្អែកនេះ នឹងបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំពេញអង្គ លើកទី៥ របស់ព្រឹទ្ធសភា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងបន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏នឹងពិនិត្យ និងសម្រេចផងដែរទៅលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា។

ជាការកត់សម្គាល់ បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយលោក អ៊ុំ សារឹទ្ធ ដែលជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២២ ខែមិថុនា ដែលជាការធ្វើវិសោធនកម្មចំនួន ១៥មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។ មាត្រាទាំង១៥នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មពេលនេះមានមាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩។

ការធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ដែលជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតលើការរឹតបន្តឹងយានយន្តដឹកលើសទម្ងន់ តាមរយៈការកំណត់វិធានការត្រួតពិនិត្យ និងរៀបចំគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលទម្ងន់ និងការផាកពិន័យ ដោយកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងបង្កើនពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះរថយន្តដែលល្មើសច្បាប់។ ម្យ៉ាងវិញទៀត គឺរៀបចំឡើងដើម្បីការធានាសុវត្ថិភាពចរាចរណ៍ ដោយពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម