Connect with us

ព័ត៌មានជាតិ

គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត

បានផុស

នៅ

ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោក ឡូយ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត ដែលធ្វើឱ្យខេត្តមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងទាក់ទាញការវិនិយោគកាន់តែច្រើន និងបានជំរុញឱ្យអាជ្ញាធរខេត្ត បន្តទាញយកសក្តានុពលដែលនៅសេសសល់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដឹកនាំប្រតិភូចុះបំពេញបេសកកម្មការងារនៅខេត្តកំពត កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក ឡូយ សុផាត បានមានប្រសាសន៍ថា បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្តកំពត និងពិភាក្សាលើវិស័យពាក់ព័ន្ធជាច្រើន រួមមានកសិកម្ម ជលផល រុក្ខាប្រមាញ់ បរិស្ថាន ធនធានទឹក អភិវឌ្ឍន៍ជនបទ និងការវិនិយោគ លោកមានការកោតសរសើរចំពោះកិច្ចសហការរវាងក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដែលបានដឹកនាំអភិវឌ្ឍខេត្តកំពតឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកបានបញ្ជាក់ថា ខេត្តកំពតបានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេស និងមានកិត្តិស័ព្ទល្បីល្បាញលើវិស័យទេសចរណ៍ កសិកម្ម បរិស្ថាន និងឧស្សាហកម្ម ដែលបានទាក់ទាញទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគជាច្រើន។

ក្នុងនាមជាគណៈកម្មការទី៣ នៃរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម លោកបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តបន្តភាពសកម្ម និងការច្នៃប្រឌិតក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានដែលមានស្រាប់ ដើម្បីបង្កើនការងារ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា ខេត្តកំពតនៅមានសក្តានុពលជាច្រើនទៀតដែលមិនទាន់បានប្រើប្រាស់អស់ ជាពិសេសលើវិស័យកសិកម្ម ទេសចរណ៍ធម្មជាតិ ឧស្សាហកម្មកែច្នៃ និងសេដ្ឋកិច្ចបៃតង ដែលអាចក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងពេលអនាគត និងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០៥០។

ហើយប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានបង្ហាញការជឿជាក់ថា ជាមួយនឹងសក្តានុពលដ៏សម្បូរបែប ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ខេត្តកំពតនឹងបន្តក្លាយជាប៉ូលសេដ្ឋកិច្ច និងគោលដៅវិនិយោគដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសនាពេលអនាគតដ៏ខ្លី។

បើតាមរបាយការណ៍ស្វាគមន៍របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឲ្យដឹងថា កំណើនវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យផ្សេងៗ រួមទាំងកសិកម្ម ឧស្សាហកម្ម និងការវិនិយោគ ខណៈបច្ចុប្បន្នខេត្តមានគម្រោងវិនិយោគសរុបចំនួន ៥៦គម្រោង ដែលបាននិងកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានបញ្ជាក់ថា ទោះបីខេត្តមានការរីកចម្រើនយ៉ាងណាក៏ដោយ តម្រូវការទីផ្សារលើផលិតផលកសិកម្ម និងចំណីអាហារនៅតែមានការកើនឡើង ខណៈការផ្គត់ផ្គង់មួយចំនួន មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ។​ ផលិតផលកសិកម្ម និងដំណាំហូបផ្លែមួយចំនួន ដូចជាដូង ទុរេន  និងផលិតផលផ្សេងៗ នៅតែត្រូវការការពង្រីកការផលិត ដើម្បីឆ្លើយតបទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម