Connect with us

ព័ត៌មានអន្ដរជាតិ

វិនាសកម្មរញ្ជួយដី នៅវ៉េណេស៊ុយអេឡា! ស្លាប់កើនដល់ ១៨៨នាក់, របួស ១ ៥២០នាក់ និងបាត់ខ្លួន ៤៥ ០០០នាក់

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងវិនាសកម្មរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ១៨៨នាក់ហើយ ខណៈ ១ ៥២០នាក់ទៀត រងរបួស។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC, ក្រៅពីមនុស្សស្លាប់និងរបួស នៅមានមនុស្សប្រមាណ ៤ ៥០០០នាក់ទៀត កំពុងបាត់ខ្លួន  និង ២ ៩២៧គ្រួសារ បាត់បង់ផ្ទះសម្បែង ក្នុងសោកនាដកម្មនេះ។

ទន្ទឹមនោះ ក្រុមជួយសង្គ្រោះ កំពុងស្វែងរក និងសង្គ្រោះមនុស្សដែលនៅជាប់ក្រោមគំនរអគារ បាក់រលំក្នុងតំបន់ជាច្រើន ជាពិសេសនៅរដ្ឋធានី ការ៉ាកាស ហើយគេបានឮសម្រែក «ជួយផងៗ» ចេញពីក្រោម គំនរថ្ម។

(រូប៖ Reuters)

ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodríguez និយាយថា អគារចំនួន ២៥០ ខ្នង រងការខូចខាត ឬបំផ្លិចបំផ្លាញ ដែលភាគច្រើន ស្ថិតនៅក្នុងរដ្ឋ La Guaira។ លោកក៏បញ្ជាក់ផងដែរ ពីការមកដល់នៃក្រុមសង្គ្រោះជំនាញ មកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អេស្ប៉ាញ កាតា និងអង្គការសហប្រជាជាតិ (UN)។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីដ៏សាហាវផ្ទួនគ្នា បានវាយប្រហារ វ៉េណេស៊ុយអេឡា ចំថ្ងៃឈប់សម្រាករបស់ប្រទេសនេះ។

(រូប៖ Reuters)

ការរញ្ជួយដីលើកដំបូង កម្រិត ៧.២ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦:០៤ នាទីល្ងាច (ម៉ោងនៅវ៉េណេស៊ុយអេឡា) ក្នុងជម្រៅ ២២ គីឡូម៉ែត្រ ជិតទីក្រុង San Felipe នៃរដ្ឋ Yaracuy។

ត្រឹមតែ ៣៩ វិនាទីក្រោយប៉ុណ្ណោះ ការរញ្ជួយដីមួយទៀត កម្រិត ៧.៥ រ៉ិចទ័រ ដែលបង្កវិនាសកម្មខ្លាំងជាងមុន បានកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅភាគនិរតី ទីក្រុង Morón ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យញ័រដល់ទីក្រុង Bogotá នៃប្រទេសកូឡុំប៊ី និងព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៊ីល ឯណោះ។

(រូប៖ Reuters)

អ្វីដ៏គួរឲ្យរន្ធត់ជាងនេះ! ភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានចេញការព្រមានថា តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មនេះ អាចហក់ឡើងខ្ពស់ ដល់ទៅជាង ១០ម៉ឺននាក់ ឯណោះ។

យោងតាម USGS, មានឱកាស ៤៤% ដែលចំនួនអ្នកបាត់បង់ជីវិត អាចកើនលើស ១០ ០០០ នាក់ និងឱកាស ៣០% ដែលអាចកើនលើស ១០០ ០០០ នាក់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម