Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិប្រេងនៅរុស្ស៊ី៖ ពីប្រទេសនាំចេញធំជាងគេ មកជាអ្នកឈឺក្បាល ព្រោះខ្វះសាំងប្រើក្នុងស្រុក

បានផុស

នៅ

ប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថាជាមហាអំណាចថាមពល និងជាអ្នកនាំចេញប្រេងដ៏ធំមួយនៅលើពិភពលោក ពេលនេះកំពុងតែជួបវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការកង្វះខាតប្រេងឥន្ធនៈ និងសាំងសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ស្ថានភាពនេះ បានរុញច្រានឱ្យរដ្ឋាភិបាលក្រុងមូស្គូ ធ្លាក់ចូលក្នុងស្ថានភាពស្មុគស្មាញ និងបង្ខំចិត្តស្វែងរកដំណោះស្រាយបន្ទាន់ ក្នុងនោះរួមទាំងការត្រៀមនាំចូលប្រេងពីបរទេសថែមទៀតផង។

ការ​វាយប្រហារ​របស់​អ៊ុយក្រែន​នៅ​រោងចក្រ​ថាមពល​រុស្ស៊ី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ វិបត្តិនេះ បានរីករាលដាលដល់ទៅជាង ២ ភាគ ៣ នៃតំបន់ទាំងអស់ក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការឡើងថ្លៃប្រេង ការកម្រិតបរិមាណទិញ និងការបិទស្ថានីយចាក់ប្រេងមួយចំនួន។

ដើមចមនៃវិបត្តិ៖ ដ្រូនអ៊ុយក្រែនវាយប្រហារចំចំណុចខ្សោយ

មូលហេតុចម្បង ដែលធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុងវិបត្តិអត់ប្រេងប្រើប្រាស់នេះ គឺបណ្តាលមកពីយុទ្ធនាការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់​ដ្រូន​របស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់រុស្ស៊ី។

យោងតាមរបាយការណ៍ពីសារព័ត៌មាន The Japan Times ចាប់តាំងពីដើមឆ្នាំ២០២៦ មក ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីយ៉ាងហោចណាស់ ៤៧ដង។ ការវាយប្រហារនេះ បានឈានដល់កម្រិតកំពូលនៅក្នុងខែឧសភា ដោយមានរោងចក្រចំនួន ១៦ ត្រូវបានវាយប្រហារ ដែលធ្វើឱ្យបរិមាណចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយផលិតកម្មសាំងក្នុងស្រុក បានធ្លាក់ចុះរហូតដល់ ២៥%។

អ្នកវិភាគថាមពល បានលើកឡើងថា បច្ចុប្បន្នរោងចក្រចម្រាញ់ប្រេងដែលនៅដំណើរការ អាចផលិតសាំងបានត្រឹមតែប្រហែល ៨៥ ០០០តោនក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវការប្រើប្រាស់ក្នុងស្រុកនាដូវក្តៅនេះ មានរហូតដល់ ១១០ ០០០តោនក្នុងមួយថ្ងៃ ពោលគឺខ្វះខាតប្រហែល ២៥ ០០០តោនក្នុងមួយថ្ងៃ។

វិធានការណ៍តឹងរ៉ឹង៖ កម្រិតការលក់ និងការរឹតបន្តឹងផ្ទៃក្នុង

ដើម្បីទប់ទល់នឹងការមិនសមាមាត្រគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ អាជ្ញាធរតាមតំបន់នីមួយៗរបស់រុស្ស៊ី បានចាប់ផ្តើមអនុវត្តវិធានការសង្គ្រោះបន្ទាន់។ យោងតាមសារព័ត៌មាន The Moscow Times តំបន់ជាង ៥០ របស់រុស្ស៊ី បានដាក់ចេញនូវការរឹតបន្តឹងលើការលក់ប្រេង។

  • ការកំណត់បរិមាណ៖ នៅក្នុងតំបន់ Saratov ឡាននីមួយៗត្រូវបានអនុញ្ញាតឱ្យចាក់សាំងបានត្រឹមតែ ៣០លីត្រប៉ុណ្ណោះក្នុងមួយដង ចំណែកនៅតំបន់មួយចំនួនទៀតដូចជា គ្រីមៀ (Crimea) ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន ការលក់ប្រេងត្រូវបានផ្អាកទាំងស្រុងសម្រាប់ពលរដ្ឋទូទៅ ដោយរក្សាទុកផ្គត់ផ្គង់តែរថយន្តសង្គ្រោះបន្ទាន់ និងសេវារដ្ឋបាលសាធារណៈប៉ុណ្ណោះ។
  • ការហាមឃាត់ច្រកដប៖ រដ្ឋាភិបាលមូលដ្ឋាន បានហាមឃាត់ប្រជាជនមិនឱ្យយកកាដុង ឬដបមកច្រកប្រេងទុកឡើយ ដើម្បីការពារកុំឱ្យមានការទិញស្តុកទុកដោយការភ័យស្លន់ស្លោ និងការលក់នៅលើទីផ្សារងងឹត។
  • ផលប៉ះពាល់លើសេដ្ឋកិច្ច៖ វិបត្តិនេះ បានធ្វើឱ្យតម្លៃសាំងហក់ឡើងខ្ពស់ខ្លាំង ដែលជាកត្តាជំរុញ​ឱ្យអត្រាអតិផរណានៅក្នុងប្រទេស កើនឡើងពី ៥,៣% ទៅ ៥,៨% ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យពី Institute for the Study of War (ISW)

របត់ដ៏គួរឱ្យភ្ញាក់ផ្អើល៖ រុស្ស៊ីត្រូវបង្ខំចិត្តនាំចូលប្រេងពីឥណ្ឌា

ដំណោះស្រាយបណ្តោះអាសន្នមួយ ដែលកំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំង គឺការបង្វែរទិសដៅរបស់រុស្ស៊ី ក្នុងការស្វែងរកការជួយជ្រោមជ្រែងពីបរទេស។ ទោះបីជាកន្លងមក រុស្ស៊ីបានបង្កើនការទិញប្រេងពីប្រទេសបេឡារុស​ក៏ដោយ ក៏បរិមាណនោះនៅតែមិនទាន់គ្រប់គ្រាន់ ដើម្បីបំពេញចន្លោះប្រហោងដែលបាត់បង់នោះទេ។

ជាលទ្ធផល យោងតាមការចុះផ្សាយរបស់ Caspian News សភាជាតិរុស្ស៊ី បានអនុម័តការកែប្រែច្បាប់ពន្ធដារ ដើម្បីបើកផ្លូវក្នុងការ នាំចូលប្រេងសាំងខ្នាតធំពីប្រទេសឥណ្ឌា។ រដ្ឋាភិបាលរុស្ស៊ី ថែមទាំងត្រៀមផ្តល់ប្រាក់ឧបត្ថម្ភធន ដល់ក្រុមហ៊ុនប្រេងទាំងឡាយណា ដែលនាំចូលប្រេងពីក្រៅប្រទេស ដើម្បីរក្សាស្ថិរភាពតម្លៃលក់រាយក្នុងស្រុក។

រឿងនេះ ត្រូវបានគេមើលឃើញថាជា «របត់ដ៏គួរឱ្យអស់សំណើច និងហួសចិត្ត» ព្រោះថាកន្លងមក ឥណ្ឌាគឺជាអ្នកទិញប្រេងឆៅបញ្ចុះតម្លៃដ៏ធំជាងគេពីរុស្ស៊ី ដើម្បីយកទៅចម្រាញ់ក្នុងប្រទេសខ្លួន ហើយពេលនេះ រុស្ស៊ីដែលជាម្ចាស់ប្រេងឆៅ បែរជាត្រូវចំណាយលុយទិញប្រេងសាំង ដែលចម្រាញ់រួចពីឥណ្ឌាត្រឡប់មកវិញ ដើម្បីដោះស្រាយវិបត្តិអត់ប្រេងប្រើប្រាស់របស់ខ្លួនទៅវិញ។

ទោះបីជាឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា ស្ថានភាពនេះ ស្ថិតនៅក្រោមការគ្រប់គ្រង​ក៏ដោយ ក៏អ្នកវិភាគសេដ្ឋកិច្ច យល់ឃើញថា ដរាបណាការវាយប្រហារពីដ្រូនអ៊ុយក្រែននៅតែបន្ត ទីក្រុងមូស្គូនឹងនៅតែបន្តឈឺក្បាលខ្លាំង ក្នុងការធានាឱ្យមានប្រេងគ្រប់គ្រាន់សម្រាប់យោធាផង និងសម្រាប់ពលរដ្ឋខ្លួនឯងប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម