Connect with us

សេដ្ឋកិច្ច

ខេត្តភូមិភាគឦសាន ទទួលបានគម្រោងចំនួន ៦ បន្ថែមទៀតក្រោមទុនវិនិយោគ ៨៣ លានដុល្លារ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅ​ព្រឹក​ថ្ងៃ​ទី ​២៦ ​មិថុនា ២០២៦​ បាន​សម្រេច​ផ្តល់​គោលការណ៍​លើក​ទឹកចិត្ត​ពិសេស​​ លើ​គម្រោង​វិនិយោគ​ចំនួន ៦ ​ក្រោមទុន​វិនិយោគ​ប្រមាណ ​៨៣ ​លានដុល្លារ និង​អាចបង្កើតការងារ ២ ៥៨៧ កន្លែង​ នៅពេល​ដំណើរការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោងទាំងនេះ រួមមាន៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោង នៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្ត​ស្ទឹង​ត្រែង និង១ គម្រោង នៅខេត្តក្រចេះ ដែលមាន គម្រោងវិនិយោគ​រោងចក្រ​ផលិត​ម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និងរោងចក្រកែច្នៃជ័រ​កៅស៊ូ​, គម្រោងទេសចរណ៍ធម្មជាតិ, និងគម្រោងដំាដុះ និងរោងចក្រកែច្នៃកាហ្វេ។​

​លោក ​ហ៊ាន ​សាហ៊ីប ​មានប្រសាសន៍ថា ​ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ​នឹងនៅបន្តគាំទ្រ សម្របសម្រួល ​និងស្វែងរកដំណោះស្រាយ ​ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោ​គិន​​ឯក​ជន ​ដែលទទួលបានគោលការណ៍វិនិយោគ ​ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិត​ខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើ​ការ​ផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ។​

លោកបណ្ឌិតសភាចារ្យ យល់ឃើញថា ​ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បង​នៃថ្លៃផលិតកម្ម​ក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយ​មាន​ចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន។

លោកណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តនីមួយៗ ឱ្យខិតខំចូលរួមទាក់ទាញវិនិយោគិន តាមដែលអាចធ្វើទៅបាន, ជាពិសេស ការខិតខំបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្ត ដើម្បីទាក់ទាញ និង ទទួលវិនិយោគិន ព្រមទាំងបានស្នើឱ្យរដ្ឋបាលខេត្តនីមួយៗ រៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការ​វិនិយោគ ឱ្យបានជាប្រចាំ ដើម្បីដាក់ចេញយុទ្ធសាស្ត្រ និងផែនការទាក់ទាញ និងជំរុញវិនិយោគឱ្យបានច្បាស់លាស់ ដោយ​មិនត្រូវរង់ចាំតែទទួលគម្រោង ដែលវិនិយោគិនបានដាក់ស្នើឡើយ។

បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិ​យោគ​សរុប ២ ៤៧៨,៦ លានដុល្លារ និងបានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោម​ទុនវិនិយោគជាង ២០០០ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម