Connect with us

សេដ្ឋកិច្ច

អង្ករ​កម្ពុជា​នាំចេញទៅទីផ្សារ​ហ្វីលីពីន ​ហក់ឡើង​ខ្ពស់

បានផុស

នៅ

សហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF) ​បាន​ឱ្យដឹងថា ​ការនាំចេញអង្កររបស់កម្ពុជា ​ទៅ​កាន់ទីផ្សារហ្វីលីពីន​កើនឡើង ៥០ ដង ​ដែលអាចនឹងហក់ឡើងដល់ ​២០ ម៉ឺនតោន ​នៅដំណាច់ឆ្នាំ ២០២៦ ​ធៀបនឹង​ឆ្នាំ​មុន ​មានត្រឹមតែ ​៣៥១០ ​តោន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​មានប្រសាសន៍ថា ទីផ្សារអង្ករ​កម្ពុជា ​មានការគាំទ្រពីសហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី ​ខណៈមានកំណើននាំចូល​ទៅហ្វីលីពីន​បានប្រមាណ ៦ ទៅ ៧ ម៉ឺនតោនរួចហើយ ​ហើយរំពឹងថា នឹងនាំចេញបានជាង ១០ ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៦។​

លោក ​ឃឹម ​ហ្វីណង់ អនុរដ្ឋលេខាធិការ ​និង​អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ​ការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន​ គឺជាលទ្ធផល​នៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន តាមរយៈការសម្រប​សម្រួល​យ៉ាងសកម្ម​ ដើម្បីភ្ជាប់ទំនាក់ទំនងទិញលក់ដោយផ្ទាល់​រវាងវិស័យឯកជន​នៃប្រទេសទាំងពីរ។​

អ្នកនាំពាក្យរូបនេះ ​បន្ថែមថា ​ជោគជ័យនេះបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយជួយកម្ពុជា​ក្នុងការ​បើក​ទីផ្សារថ្មី បង្កើនចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ ស្របពេលដែលហ្វីលីពីន​ទទួលបានប្រភពផ្គត់ផ្គង់អង្ករដ៏គួរឱ្យជឿទុកចិត្តបាន ដើម្បីធានាសន្តិសុខស្បៀងជូន​ប្រជាជន​របស់​ខ្លួន។​

​​យោងតាមសហព័ន្ធស្រូវ​អង្ករ​(CRF) ​កម្ពុជា ​សម្រេច​បាន​ការនាំចេញ​អង្ករ​ចំនួន​ជាង ៥៦ ម៉ឺនតោន (៥៦៨ ៩១២) នៅក្នុងរយៈពេល ៥ ខែ ២០២៦ ​ទៅកាន់គោលដៅចំនួន ៦៣ ដែលសម្រេចបាន​ទំហំទឹក​ប្រាក់ ៣២៧ លានដុល្លារ។ ​

របាយការណ៍របស់ ​CRF ​បង្ហាញថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញ​អង្ករបាន​ចំនួន​ ៥៦៨ ៩១២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២​ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ប្រទេសក្នុងអាស៊ានចំនួន ៥​ ប្រទេស​បានបរិមាណចំនួន  ២០៨ ៥៩៣ តោន​ គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់​គោល​ដៅ​ ២៤ ​ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០​​​​​​​​​​.០៧ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម